ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សម្រេច​កិច្ចព្រមព្រៀង​រវាងអង់គ្លេស និង​អា​មេរិ​ក ពិបាក​ជាង​លោក​ត្រាំ​គិត

6 ឆ្នាំ មុន

ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក នឹង​ចាប់ផ្តើម​ចរចា​ក្រៅផ្លូវការ​មួយ​ទាក់ទិន​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម គ្រា​ដែល​មន្ត្រី​អង់គ្លេស បាន​មក​កាន់​ទីក្រុង​វ៉ា​ស៊ី​ន​តោន កាលពី​ថ្ងៃ​ចន្ទ ។
ប្រធានាធិបតី​អា​មេ​រិ​ក

ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក នឹង​ចាប់ផ្តើម​ចរចា​ក្រៅផ្លូវការ​មួយ​ទាក់ទិន​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម គ្រា​ដែល​មន្ត្រី​អង់គ្លេស បាន​មក​កាន់​ទីក្រុង​វ៉ា​ស៊ី​ន​តោន កាលពី​ថ្ងៃ​ចន្ទ ។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) សង្ឃឹមថា នឹង​អាច​មាន​កិច្ចព្រមព្រៀង​ដ៏​ធំ និង​ដ៏​រឹង​មាំ​មួយ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ​ក្នុង​ពេល​យ៉ាង​ឆាប់​ៗ​នេះ ។
កិច្ចព្រមព្រៀង​បែប​នេះ​គឺជា​គុណប្រយោជន៍​ដ៏​ធំ​សម្រាប់​ចក្រភព​អង់គ្លេស​។ ប្រទេស​នេះ​ជឿជាក់​ថា ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប​នឹង​បញ្ចេញ​សក្តានុពល​ពាណិជ្ជកម្ម​របស់​ពួក​គេ ព្រោះ​វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​សម្រេច​កិច្ចព្រមព្រៀងទ្វេភាគី​ជាង​រង​ចាំ​ប្រទេស​ចំនួន​២៧​ទៀត​សម្រេចចិត្ត ។

យ៉ាងណា​ក្តី អ្នកជំនាញ​បាន​និយាយ​ថា​កិច្ចព្រមព្រៀង​ដូច្នេះ គឺ​មិន​អាច​កើត​មាន​ឡើង​ទេ ។ ខាងក្រោម​នេះ​គឺជា​មួល​ហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​វា​មាន​ភាព​លំបាក​ក្នុង​ការ​សម្រេច​បាន ៖

១-Brexit សំខាន់​ជាងគេ
បើ​ទោះជា​អ្នក​ចរចា​អាច​សម្រេច​កិច្ចព្រមព្រៀង​មួយ​បាន​យ៉ាង​លឿន​ពិតមែន ក៏​ប្រទេស​អង់គ្លេស​មិន​ទាន់​អាច​ចុះហត្ថលេខា​លើ​វា​បាន​ភ្លាម​ៗ​ដែរ ។ មូលហេតុ​គឺ​មក​ពី​ចក្រភព​អង់គ្លេស​នៅ​តែ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​រហូត​ដល់​ខែមីនា​ឆ្នាំ​២០១៩ ដូច្នេះ​ប្រទេស​នេះ​មិន​អាច​សម្រេច​កិច្ចព្រមព្រៀង​ថ្មី​បាន​ទេ លុះត្រាតែ​ពួក​គេ​ចាកចេញ​ជា​ផ្លូវការ ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ អ្នកជំនាញ​ធំ​ៗ​របស់​ប្រទេស​អង់គ្លេស នឹង​ប្រើប្រាស់​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ ព្យាយាម​សម្រេច​ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ប្រទេស​ជាមួយនឹង​សហភាព​អឺរ៉ុប​ដែល​ជាទី​ផ្សារ​នាំ​ចេញ​ធំ​ជាងគេ​របស់​ប្រទេស ។

២-​កង្វះ​អ្នកជំនាញ
ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប មាន​ន័យ​ថា ប្រទេស​អង់គ្លេស​នឹង​មិន​នៅ​ក្នុង​សន្ធិសញ្ញា​ប្រមាណ​៦០០​ទៀត​ទេ ដោយ​មាន​សន្ធិសញ្ញា​មួយ​ចំនួន​ជាមួយនឹង​សហរដ្ឋអាមេរិក និង​ភាគច្រើន​ទាក់ទិន​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម ហើយ​ក៏​ត្រូវការ​ការ​ចរចា​ឡើង​វិញ​ផង​ដែរ ។

ប៉ុន្តែ​បញ្ហា​ដ៏​ធំ​មួយ គឺ​ប្រទេស​អង់គ្លេស​បាន​ពឹងផ្អែក​លើ​អ្នកជំនាញ​ចរចា​មក​ពី​សហភាព ហើយ​ពួក​គេ​មិន​មាន​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​គ្រប់គ្រាន់​ឡើយ ។ រដ្ឋាភិបាល​អង់គ្លេស គឺ​កំពុង​តែ​ប្រញាប់ប្រញាល់​ស្វែងរក​មន្ត្រី​ថ្មី​ៗ ។

៣-​ក្រុមប្រឆាំង​ក្នុងស្រុក
អ្នកនយោបាយ​មក​ពី​គណបក្ស​ពលកម្ម​ក្នុង​ប្រទេស​អង់គ្លេស​បាន​ស​ន្យ​ថា នឹង​បញ្ឈប់​កិច្ចព្រមព្រៀង​នេះ​ដើម្បី​ការពារ​សេវាកម្ម​សាធារណៈ​របស់​ប្រទេស​អង់គ្លេស​ដែល​រួម​មាន​សេវាកម្ម​សុខាភិបាល ព្រោះ​វា​អាច​ត្រូវ​បាន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​ស្វែងរក​ប្រាក់ ចំណេញ ។

រាល់​កិច្ចព្រមព្រៀង​នា​ពេល​អនាគត អាច​នឹង​ជួប​ប្រទះ​នឹង​ការ​ព្រួយបារម្ភ ដូច​ជា សេវាកម្ម​សាធារណៈ​, ការ​ការពារ​អតិថិជន​, សុខភាព និង​សន្តិសុខ​ជាដើម ៕