ខេត្តព្រៃវែង ៖ នៅវេលាយប់រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ក្រុមជញ្ជីងអចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយកម្លាំងខេត្តព្រៃវែង បានឆ្មក់ចុះចាប់ឃាត់រថយន្តយីឌុបដឹកស្រូវចំនួន៨គ្រឿង ដែលបានដឹកស្រូវលើសទម្ងន់ដែលច្បាប់បានអនុញ្ញាតិ និងបានហៅម្ចាស់រថយន្តចូលខ្លួនធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃដដែលនេះតែម្តង។
![Picture]()
ការឆ្មក់ចុះចាប់ក្រុមរថយន្តល្មើសទាំងនេះ បានធ្វើឡើងចាប់ពីម៉ោង១២យប់ ថ្ងៃទី២៦ ខែមករា រហូតដល់ម៉ោង៤ទៀបភ្លឺ ព្រឹកថ្ងៃទី២៧ ខែមករានេះ នៅចំណុចទីប្រជុំជនអ្នកលឿង ស្ថិតក្នុងភូមិ៤ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ ខេត្តព្រៃវែង ដោយធ្វើការចាប់ឃាត់បានជាបន្តបន្ទាប់សរុបចំនួន៨គ្រឿង ក្នុងនោះរថយន្តប្រភេទវ៉េអងសណ្តោងរ៉ឺម៉ក ចំនួន៦គ្រឿង និងរថយន្តយីឌុបភ្លៅ៤ ចំនួន២គ្រឿង។
![Picture]()
មន្ត្រីជំនាញដែលចុះបង្ក្រាបផ្ទាល់នោះបានអោយដឹងថា តាមផ្លូវច្បាប់ រថយន្តវ៉េអងសណ្តោងរ៉ឺម៉ក គឺអនុញ្ញាតិអោយផ្ទុកទម្ងន់ត្រឹម៤០តោនប៉ុណ្ណោះ ចំណែករថយន្តយីឌុបភ្លៅ៤ គឺអនុញ្ញាតិអោយផ្ទុកទម្ងន់សរុប៣០តោន ប៉ុន្តែពេលចាប់ឃាត់ និងថ្លឹងទម្ងន់ទៅបានរកឃើញថា រថយន្តវ៉េអង បានដឹកលើសទម្ងន់រហូតដល់ជិត២០តោន ហើយរថយន្តយីឌុបភ្លៅ៤វិញ បានដឹកលើសរហូតដល់ជាង១០តោន ទើបមន្ត្រីជំនាញធ្វើការចាប់ឃាត់ ហើយតម្រូវអោយម្ចាស់រថយន្តចូលខ្លួនមកបង់ផាកពិន័យទៅតាមផ្លូវច្បាប់ដែលកំណត់ ដោយក្នុង១តោនពិន័យ៣០ម៉ឺនរៀល ហើយបើដឹកលើសចាប់ពី២០ភាគរយឡើង ផាកពិន័យជាទឹកប្រាក់ផង និងឃាត់រថយន្តទុករយៈពេល១ឆ្នាំទៀត។
![Picture]()
ជាមួយគ្នានោះដែរ ក្រុមឈ្មួញដែលជាម្ចាស់រថយន្តម្ចាស់ស្រូវបានលើកឡើងថា ពួកគាត់ទទួលស្គាល់ថា បានដឹកលើសទម្ងន់ដែលច្បាប់បានកំណត់ពិតមែន ហើយពួកគាត់ក៏ព្រមទទួលការបង់ផាកពិន័យផងដែរ ប៉ុន្តែពួកគាត់បានសំណូមពរទៅខាងមន្ត្រីជំនាញវិញ គឺស្នើសុំយកស្រូវទៅលក់នៅព្រំដែនសិន ព្រោះស្រូវដែលនៅលើរថយន្តសុទ្ធតែជាស្រូវសើម ទើបច្រូវរួច បើទុកយូរនឹងស្អុយខូចអស់ ប៉ុន្តែសំណូមពរនេះមន្ត្រីជំនាញមិនយល់ព្រមនោះទេ ដោយតម្រូវអោយម្ចាស់ស្រូវរករថយន្តផ្សេងមកសាងស្រូវ ព្រោះបើអនុញ្ញាតិអោយយករថយន្តទៅ ខ្លាចមានបញ្ហាអ្វីផ្សេងកើតឡើង៕
ចែករំលែកព័តមាននេះ