ខេត្តកំពង់ចាម៖ អាជីវករ ដែលជាម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម រាប់រយនាក់ បាននាំគ្នា ចូលរួមបង្ហាញពីបទពិសោធន៍ ក្នុងលទ្ធផលការងារ «ចលនាភូមិមួយផលិតផលមួយ» ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៣។ កិច្ចប្រជុំនេះ បានធ្វើឡើង នៅសាលសន្និសីទសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ។ នៅខេត្តកំពង់ចាម មានផលិតផល ៣៥មុខ ត្រូវបានទទួលស្គាល់ ក្នុងចលនា «ភូមិមួយ ផលិតផលមួយ»។
លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានគូសបញ្ជាក់ថា គ្រប់ជំនាញពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ថ្នាក់ ពិសេសបងប្អូនប្រជាពលរដ្ឋ ត្រូវយកអស់លទ្ធភាព ក្នុងការច្នៃប្រឌិត ឲ្យរស់រវើក។ ប៉ុន្តែក្នុងនោះ ត្រូវគិតគូអំពីប្រសិទ្ធភាពផង។ ពាក់ព័ន្ធនឹងទីផ្សារអាជ្ញាធរខេត្ត តាមរយៈមន្ទីរពាណិជ្ជកម្ម បានគិតគូយ៉ាងខ្លាំង ដោយមានការលើកទឹកចិត្ត ដល់បងប្អូន ដែលជាសមាជិកចលនាភូមិមួយផលិតផលមួយ ដោយអនុញ្ញាតឱ្យផលិតផលរបស់ខ្លួន យកមកដាក់តាំងលក់ ដោយមិនយកសេវាតម្លៃស្តង់ឡើយ។
លោកអភិបាលខេត្ត បន្តថា ក្នុងការលើកស្ទួយសង្វាក់ផលិតកម្ម ក៏ដូចជា ការទទួលនូវភាពងាយស្រួលនៃការជួយជ្រោមជ្រែងពីភាគីពាក់ព័ន្ធកន្លងមក យើងពិនិត្យឃើញថា បងប្អូន ដែលជាម្ចាស់ផលិតផល ហាក់ដូចជា នៅដាច់ដោយឡែកឆ្ងាយពីគ្នា ដែលជាហេតុធ្វើឲ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត ពិបាកជួយ។
លោកអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ដែលមានផលិតផលដូចគ្នា រួមមានដូចជា ចេកឆាប ត្រសក់ចាវ តម្បាញ… គួរផ្លាស់ប្ដូរនូវឥរិយាបថពីលក្ខណៈដាច់ដោយឡែក មកចូលរួមជាសហគមន៍។ ការធ្វើសមាហរណកម្ម ចូលជាសហគមន៍ គឺជាគន្លឹះដ៏សំខាន់មួយ។ ក្រៅពីនោះ ការជំរុញអភិវឌ្ឍធនធានមនុស្ស ក៏ជាកត្តាជោគជ័យរបស់ភូមិមួយផលិតផលមួយ ផងដែរ។ ដូច្នេះជាការចាំបាច់ ត្រូវអភិវឌ្ឍន៍សហគមន៍មួយ ដោយត្រូវឆ្លើយតប ប្រកបដោយច្នៃប្រឌិតរស់រវើក ក្នុងខណៈពេលដែលមានការប្រឈមមុខ និងការលំបាក ឬហានិភ័យផ្សេងៗ។
លោកអភិបាលខេត្ត បញ្ជាក់ថា ពាក់ព័ន្ធនឹងគោលការណ៍នេះ សម្រាប់ខេត្តកំពង់ចាម ពិតជាមានសក្តានុពលគ្រប់គ្រាន់ ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយជាតិចលនាភូមិមួយផលិតផលមួយ ជាក់ស្ដែង គិតត្រឹមឆ្នាំ២០២៣ នេះ ថ្នាក់ជាតិបានទទួលស្គាល់បញ្ចូលជាសមាជិកភូមិមួយផលិតផលមួយ បានចំនួន ៣៥មុខផលិតផលរួចមកហើយ។ ប៉ុន្តែយើងនៅមានផលិតផល ដែលមានសក្តានុពលជាច្រើនទៀត ដែលនឹងត្រូវជ្រើសរើសចាត់បញ្ចូលជាសមាជិក។ ដូច្នេះហើយប្រសិនបើមូលដ្ឋានយើងមានការគិតគូរផ្លាស់ប្ដូរឥរិយាបថ មានឆន្ទៈមោះមុតអនុវត្តឱ្យបានតាមគោលការណ៍គ្រឹះសំខាន់ទាំងបីខាងលើនោះ មូលដ្ឋានយើង នឹងទទួលបានផលប្រយោជន៍ជាច្រើន ដូចជា ទី១-បានបង្កើនការងារនៅក្នុងសហគមន៍ ហើយធ្វើឱ្យមានការកាត់បន្ថយភាពគ្មានការងារធ្វើ និងការធ្វើចំណាកស្រុក។ ទី២-បង្កើនបរិមាណផលិតផលក្នុងស្រុកហើយគុណភាព ត្រូវបានលើកកម្ពស់ និងទទួលបាននូវការជឿទុកចិត្ត៕ ចាន់ថេត
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ