ខេត្តកំពង់ចាម៖ ដើម្បីជួយសម្រួលដល់ប្រជាកសិករ ក្នុងការដឹកកសិផលពីជនបទ ទៅកាន់ទីផ្សារ ឱ្យកាន់តែមានភាពងាយស្រួល ក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ បានស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទDBST និងផ្លូវបេតុងចំនួនពីរខ្សែ ដែលមានប្រវែងជាង ១៤គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ ផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងទាំងនេះ ស្ថិតក្នុងឃុំតាអុង ស្រុកចំការលើ ឆ្ពោះទៅឃុំសូភាស និងឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់។
លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានលើកឡើងថា គម្រោងស្ថាប័នផ្លូវ ពីផ្លូវដី ទៅជាផ្លូវកា្រលកៅស៊ូ និងផ្លូវបេតុងនេះ ស្ថិតក្នុងក្របខណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្ម ដោយភាតរៈភាពបរិស្ថាន (CFAVC) របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងខេត្តកំពង់ចាម។
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បន្តថា ផ្លូវមួយខ្សែនេះ គឺចាប់ពីទួលប្រាក់ ក្នុងឃុំតាអុង ស្រុកចំការលើ ដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ មានប្រវែង ៩,៨៨២ គ.ម ទទឹង ៥ម ដោយក្រាលកៅស៊ូពីរជាន់ មានចិញ្ចើមសងខាង ០,៥ម និងសាងសង់លូប្រអប់មុខពីរ ចំនួន០១កន្លែង លូប្រអប់មុខមួយ ចំនួន ០១កន្លែង និងលូមូល ចំនួន ៣១កន្លែង។ ចំណែកផ្ឡូវមួយខ្សែទៀត មានប្រវែង ៤,៧២១ គ.ម ដោយមានពីរកំណាត់ គឺកំណាត់ទីមួយ ចាប់ពីភូមិសូភាស ឃុំសូភាស ទៅដល់ភូមិបុសពោធិ៍ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ មានប្រវែងសរុប ៣,៦៨១ គ.ម។ ក្នុងនោះ មានក្រាលកៅស៊ូពីរជាន់ ប្រវែង ៣,០០ គ.ម ទទឹង ៥ម ចិញ្ចើមសងខាង ០,៥ម និងក្រាលបេតុង ប្រវែង ០,៦៨១ គ.ម ទទឹង ៤ម ចិញ្ចើមសងខាង ០,៥ម និងកំណាត់ទីពីរ ផ្លូវចូលសហគមន៍កសិកម្ម ចាប់ពីអង្កោល ឃុំសូភាស ដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ មានសរុប ១,០៤០ គ.ម ក្នុងនោះ មានក្រាលកៅស៊ូពីរជាន់ ប្រវែង ០,៤៣៥គ.ម ទទឹង ៥ម ចិញ្ចើមសងខាង ០,៥ម ក្រាលបេតុងប្រវែង ០,៦០៥ គ.ម ទទឹង ៤ម ចិញ្ចើមសងខាង ០,៥ម និងសាងសងលូមូល សរុបចំនួន ១៣កន្លែង។
គម្រោងខ្សែច្រវាក់ផលិតកម្ម ដោយភាតរៈបរិស្ថាន មានក្រសួងចំនួន ៣ សម្រាប់អនុវត្តន៍គម្រោង គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអង្គភាពដឹកនាំគម្រោង ក្រសួងធនធានទឹក និងឧតុនិយម ជាអង្គភាពអនុវត្តន៍គម្រោង និងក្រសួងអភិវឌ្ឍន៍ជនបទ ជាអង្គភាពអនុវត្តន៍ គម្រោង ដោយផ្តោតសំខាន់ ទៅលើតែការកែលម្អផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង នៅក្នុងសហគមន៍កសិកម្ម ដែលមានសក្តានុពលខ្ពស់។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពង់ចាម បានខិតខំអភិវឌ្ឍន៍ ឲ្យមានការស្ថាបនាផ្លូវ ដូចខាងលើ គឺក្នុងគោលបំណង ធ្វើឲ្យប្រជាពលរដ្ឋ មានលក្ខណៈប្រសើរឡើង ដល់ការធ្វើដំណើររស់នៅងាយស្រួល ដូចជាការធ្វើដំណើរទៅកាន់ទីផ្សារ និងសហគមន៍កសិកម្ម និងងាយស្វែងរកការងារធ្វើ ការទទួលបានសេវាសង្គម ផ្តោតផងដែរទៅលើសុវត្តិភាពសង្គម ភាពធន់ ការប្រែលប្រួលអាកាសធាតុ និងប្រសិទ្ធិភាព លើការចំណាយរបស់ប្រពលរដ្ឋ ក្នុងការធ្វើដំណើរលើបណ្តាញផ្លូវជនបទ ដែលបានកែលម្អរួច អាចឲ្យប្រជាពលរដ្ឋធ្វើដំណើរបានគ្រប់រដូវកាល ពិសេសក្នុងតំបន់ ដែលមានសក្តានុពល លើវិស័យកសិកម្មខ្ពស់នៃខេត្តកំពង់ចាមរបស់យើង។ គម្រោងខាងលើនោះ បានចុះកិច្ចសន្យា ជាមួយក្រុមហ៊ុន MTA Construction Co., Ltd ក្នុងការសាងសង់ផ្លូវប្រវែង ១៤,៦០៣ គ.ម នៅក្នុងសហគមន៍ដ៏មានសក្តានុពលកសិកម្មខ្ពស់ មកកាន់ទីផ្សារ មានលក្ខណៈងាយស្រួល៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ