ខេត្តសៀមរាប៖ ចាប់តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២មក អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំណើរការរៀបចំធ្វើកម្រាលផ្លូវដើរ នៅមុខប្រាសាទអង្គរវត្ត ក្នុងគោលដៅកាត់បន្ថយភាពសឹករិចរឹលរបស់ថ្ម និងគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរ ចូលមកទស្សនា ក្នុងប្រាសាទ ឱ្យមានភាពល្អប្រសើរ។
លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះថា គោលដៅចម្បងនៃការរៀបចំកម្រាលផ្លូវដើរ នៅបរិវេណប្រាសាទអង្គរវត្តនេះ ដើម្បីកាត់បន្ថយភាពសឹករិចរឹលនៃថ្មប្រាសាទ ដោយសារកន្លងមក ជាពិសេសរដូវវស្សាមានភ្លៀងធ្លាក់ បណ្តាលឱ្យមានភក់ជាប់មកជាមួយនូវបាតស្បែកជើង ជាហេតុនាំយកដីទាំងនោះ ទៅកកិតជាមួយនឹងថ្ម។ ម្យ៉ាងទៀត គឺដើម្បីគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរ ឱ្យសមរម្យ ចៀសវាងការដើរនៅលើស្មៅ និងលើដី រក្សាបានរបៀបរៀបរយ និងរួមចំណែកលើកកម្ពស់សោភណ្ឌភាពប្រាសាទអង្គរវត្ត ឱ្យមានភាពបៃតងគ្រប់រដូវកាល។
លោកបន្តទៀតថា គម្រោងរៀបចំកម្រាលផ្លូវដើរនៅប្រាសាទអង្គរវត្ត ត្រូវបានអនុវត្ត ចំនួន ៣ដំណាក់កាល ដោយដំណាក់កាលទី១នេះ អាជ្ញាធរជាតិអប្សរា ទទួលបានថវិកាឧបត្ថម្ភពីមូលនិធិរបស់ GIZ ក្រោមការសម្រួលរបស់អង្គការយូណេស្កូ ប្រចាំប្រទេសកម្ពុជា សម្រាប់រៀបចំកម្រាលផ្លូវដើរមានប្រវែងសរុប ៤៧៦ម៉ែត្រ។ ជំហានដំបូង ដំណើរការរៀបចំកម្រាល សម្រេចលទ្ធផលប្រមាណ ៦០ភាគរយហើយ មកដល់ពាក់កណ្តាលខែមករានេះ ដោយរំពឹងថា នឹងអាចរួចរាល់ជាស្ថាពរនៅចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ។
លោកបានបន្តទៀតថា កម្រាលផ្លូវដើរថ្មី ដែលអាជ្ញាធរជាតិអប្សរា ធ្វើការរៀបចំនេះ មានចំនួន៤កន្លែងផ្សេងគ្នា ចំណែកកម្រាលឈើចាស់ ក៏នៅរក្សាទុកដដែល។
អាជ្ញាធរជាតិអប្សរា មានក្តីសង្ឃឹមថា ក្រោយពេលរៀបចំកម្រាលផ្លូវថ្មីរួចរាល់ ភ្ញៀវទេសចរទាំងអស់ នឹងធ្វើដំណើរនៅលើកម្រាលផ្លូវនេះ ចៀសវាងការដើរជាន់លើវាលស្មៅ និងចូលរួមគោរពទៅតាមក្រមប្រត្តិបត្តិអង្គរ។ ក្នុងនោះដែរ ក៏សូមសំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមថែរក្សាបរិស្ថាន នៅក្នុងតំបន់រមណីយដ្ឋានអង្គរទាំងអស់គ្នា ដោយដាក់សំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ៕ ច័ន្ទ រស្មី
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ