ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​នគរ​ក្រៅ តែងតែ​ប្រារព្ធ​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា​ដើម្បី​សុំ​សេចក្តីសុខ

1 ឆ្នាំ មុន
  • សៀមរាប

ជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ​៣​កើត ខែមាឃ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធ​សក រាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៣​នេះ អ្នកស្រុក​អង្គរ គឺ​តែងតែ​រួម​គ្នា

ខេត្តសៀមរាប ៖ ជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ​៣​កើត ខែមាឃ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធ​សក រាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៣​នេះ អ្នកស្រុក​អង្គរ គឺ​តែងតែ​រួម​គ្នា​ប្រារព្ធ​ពិធី​ឡើង​មាឃ ឬ​ពិធី​ឡើងអ្នកតា ដើម្បី​សុំ​សេចក្តីសុខ​តាម​ជំនឿ​រៀង​ៗ​ខ្លួន នៅ​តាម​ភូមិ តាម​តំបន់​ខ្លួន​រស់នៅ​មិន​ដែល​ខកខាន​។

ជាក់ស្តែង អ្នក​ភូមិ​នគរ​ក្រៅ ដែល​មាន​ប្រជាពលរដ្ឋ ក្មេង​ចាស់ ប្រុស​ស្រី ជួបជុំ​គ្នា​នៅ​បរិវេណ​ខ្ទម​អ្នកតា​នៅ​ក្នុងភូមិ​ដែល​មានឈ្មោះ​ថា «​តា​គង់​» ដើម្បី​ប្រារព្ធ​ពិធី​ឡើង​មាឃ ឬ​ពិធី​ឡើងអ្នកតា ក្រោយ​ពេល​បញ្ចប់​រដូវ​ច្រូតកាត់ និង​ត្រៀម​រដូវ​កាល​ធ្វើស្រែ​ចម្ការ​ក្នុង​ឆ្នាំ​ថ្មី ដើម្បី​សុំ​សេចក្តីសុខ ចម្រើន​ដល់​ភូមិឋាន​ទាំងមូល ធ្វើស្រែ​ចម្ការ​ទទួល​បាន​ភោគផល​ច្រើន និង​ចៀស​ផុត​ពី​ជំងឺ​ចង្រៃ​ផ្សេង​ៗ​។

ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា​នេះ អ្នក​ភូមិ​ដែល​ចូលរួម បាន​នាំ​គ្នា​រៀបចំ​នំ​បញ្ចុក សម្លប្រហើរ សម្លការី នំចំណី និង​ផ្លែ​ឈើ ព្រមទាំង​គ្រឿង​ដ​ង្វា​យ​ខ្លះ​ទៀត​មាន​ដូច​ជា ក្បាល​ជ្រូក មាន់​ស្ងោរ ភេសជ្ជៈ​ផ្សេង​ៗ ព្រមទាំង​គ្រឿង​ស្រវឹង​ខ្លះ​ផង យក​មក​រៀបចំ​ធ្វើ​ជា​គ្រឿង​សំណែន និង​ដ​ង្វា​យ​។

ក្រៅពី​នោះ ក៏​មាន​ស្លាធម៌ បាយសី មាន​គ្រឿង​សំណែន ទៀន ធូប បារី ខោអាវ និង​ក្រុម​អ្នកភ្លេង​អារក្ស​មក​ជួបជុំ​គ្នា​អុជ​ទៀន​ធូប​បួងសួង ដោយ​មាន​អ្នក​ស្នង​រូប ដើម្បី​ឱ្យ​លោកតា​បាន​រាំរែក​សប្បាយ ជក់បារី ទទួល​សម្លៀក​បំពាក់​ថ្មី ដោយ​អ្នក​ភូមិ​ជឿ​ថា បើ​អ្នកតា​សប្បាយចិត្ត អ្នក​ភូមិ​នឹង​បាន​សុខ​សប្បាយ​តរៀង​ទៅ​។

ក្រៅពី​អ្នក​ភូមិ​នគរ​ក្រៅ នៅ​សង្កាត់​គោក​ចក ក្រុង​សៀមរាប ក៏​មាន​អ្នក​ភូមិ​ផ្សេង​ៗ​ក្នុង​តំបន់​អង្គរ បាន​នាំ​គ្នា​ធ្វើ​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា​ដូច​គ្នា​ដែរ​។ តួយ៉ាង នៅ​គោក​តា​រាជ នៃ​ប្រាសាទអង្គរវត្ត​ទួល​ដូន​ប៉ុក ប្រាសាទ​វត្ត​អា​ធ្វា​រ​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ