ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានរដ្ឋសភាជំរុញឯករដ្ឋទូតទើបតែងតាំងថ្មីខិតខំក្តាប់ស្ថានភាពការណ៍កើតឡើងលើសកលលោករួចឆ្លើយតបឲ្យទាន់ពេល

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​កម្ពុជា​បាន​ផ្តាំផ្ញើ និង​ជំរុញ​ឲ្យ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទើប​តែងតាំង​ថ្មី​ចំនួន​១០​រូប​ប្រចាំ​នៅ​បណ្តា​ប្រទេស​ជា​មិត្ត​នានា​ខិតខំ​ក្តាប់​ស្ថានភាព​ការណ៍​ដែល​កើតឡើង​លើ សកលលោក…

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​កម្ពុជា​បាន​ផ្តាំផ្ញើ និង​ជំរុញ​ឲ្យ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទើប​តែងតាំង​ថ្មី​ចំនួន​១០​រូប​ប្រចាំ​នៅ​បណ្តា​ប្រទេស​ជា​មិត្ត​នានា​ខិតខំ​ក្តាប់​ស្ថានភាព​ការណ៍​ដែល​កើតឡើង​លើ សកលលោក រួច​ធ្វើការ​ឆ្លើយ​តប​ឲ្យ​ទាន់​ពេលវេលា ដើម្បី​បុព្វហេតុ​ប្រទេស​ជាតិ​។

ការ​ជំរុញ​នេះ ខណៈ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទើប​តែងតាំង​ថ្មី​ចំនួន​១០​រូប​ប្រចាំ​នៅ​បណ្តា​ប្រទេស​ជា​មិត្ត​នានា​ចូល​ជួប​សម្តែង​ការ​គួរសម និង​ទទួល​អនុសាសន៍​នៅ​មុន​ពេល​អញ្ជើញ​ចេញ​ទៅ​បំពេញបេសកកម្ម​ការទូត​នៅ​ក្រៅប្រទេស នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៣ នៅ​វិមាន​រដ្ឋសភា​។

ឯកឧត្តម កុយ គួ​ង តំណាង​ទូត​ដែល​បាន​ចូល​ជួប​សម្តែង​ការ​គួរសម និង​ជម្រាប​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នា​ព្រឹក ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៣ បាន​លើក​ឡើង​ថា ក្នុង​ជំនួប​សម្តេច​ប្រធាន​សភា​បាន​ជំរុញ​ឲ្យ​តំណាង​ស្ថានទូត​ដែល​បាន​ចូល​ជួប​នៅ​ថ្ងៃនេះ គឺ​ធ្វើ​យ៉ាងណា គឺ​លើក​កម្ក​ល់​ផលប្រយោជន៍​ជាតិ​ជា​ធំ ទោះបី​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។​ត្រូវ​ខិតខំ​អនុវត្តន​គោលនយោបាយ​បរទេស​ដែល​មាន​លក្ខ​ខណៈ​បត់បែន​ឈ្លៀសវៃ ដើម្បី​ធ្វើ​យ៉ាងណា​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើក​គ្រប់​វិស័យ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​។​មិន​ត្រឹមតែ​ខិតខំ​ពង្រឹងពង្រីក​ជាមួយ​មិត្ត​ដែល​តាំង​លំនៅ​នោះ​ទេ​ត្រូវ​តែ​ធ្វើ​យ៉ាងណា​ពង្រឹងពង្រីក​ជា​អង្គទូត​ផង​ដែរ​។

បើ​តាម​ឯកឧត្តម​កុយ គួ​ង​បាន​លើក​ឡើង​ថា ក្នុង​ជំនួប​សម្តេច​ប្រធានរដ្ឋសភា​ក៏​បាន​ផ្តាំផ្ញើ​ដល់​អង្គទូត​ទាំងអស់​ត្រូវ​ខិតខំ​ធ្វើ​យ៉ាងណា​រក្សា​អត្តសញ្ញាណ​ជាតិ​ឲ្យ​បាន​ល្អ​ជាង​នេះ​ត្រូវ​ខិតខំ​ជួយ​ពន្យល់​ដល់​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​បាន​យល់​ពី​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ការ គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​ឲ្យ​ច្បាស់លាស់ ដើម្បី​ទប់ទល់​នូវ​ព័ត៌មាន​អគតិ​នានា​ដែល​តែងតែ​លាប​ព័ណ៌​កម្ពុជា​ឲ្យ​ឃើញ​កម្ពុជា​ជា​ប្រទេស​មួយ​មិនល្អ​។

ឯកឧត្តម​បញ្ជាក់​ថា ៖«​ដូច្នេះ​តួនាទី​យើង​តំណាង​យើង​ឲ្យ គឺ​ទៅ​ដើម្បី​បង្ហាញ​ឲ្យ​គេ​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់​ថា ភាព​ពិត​របស់​កម្ពុជា​វា​ខុស​ពី​កម្ពុជា​លើ​បណ្តាញសារព័ត៌មាន​របស់​បណ្តា​អគតិ​មួយ​ចំនួន​ដែល​បណ្តុះបង្អាប់​យើង​។ អី​ញ្ចឹ​ង​យើង​ត្រូវ​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​ពលរដ្ឋ​យើង និង​ជនបរទេស​ឲ្យ​ស្គាល់​ពី​ប្រពៃណី​ទំនាមទម្លាប់​យើង​មាន​ដ៏​យូរ​មក​ហើយ​»​។ជាង​នេះ​ទៅ​ទៀត ឯកឧត្តម​បាន​លើក​ឡើង​ថា ក្នុង​ជំនួប​សម្តេច​ប្រធានរដ្ឋសភា​ក៏​បាន​ឲ្យ​តំណាង​អង្គទូត​ទាំងអស់​ត្រូវ​សកម្មភាព​ដោយ​ក្តាប់​ឲ្យ​ពី​ស្ថានភាព​ការណ៍​ដែល​កើតឡើង ដើម្បី​ឆ្លើយ​តប​នឹង​សភាពការណ៍​ទាំង​អស់នោះ​ទេ​។

ក្នុង​ជំនួប​នោះ​ដែរ សម្តេច​ប្រធានរដ្ឋសភា​ក៏​បាន​ផ្តាំផ្ញើ​ឲ្យ​តំណាង​ស្ថានទូត​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា​ជួយ​សម្រួល​សេវា​នានា​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​រស់នៅ​សិក្សា​នៅ​ក្រៅប្រទេស​ឲ្យ​បាន​ស្រួល និង​ឆាប់រហ័ស គឺ​បង្ក​លក្ខណៈ​ឲ្យ​បាន​ងាយស្រួល​។ជាង​នេះ​ត្រូវ​ចុះ​សួរ​សុខ​ទុក​ពួក​គាត់​ឲ្យ​បាន​ជិត​ស្និត ដើម្បី​ដឹង​ថា ពួក​គាត់​ចង់បាន​អ្វី​ហើយ​ត្រូវ​ជួយ​គាត់​ភ្លាម​ទៅ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​។

ឯកឧត្តម​កុយ គួ​ង ក៏​បាន​លើក​ឡើង​ថា ក្នុង​ជំនួប​សម្តេច​ប្រធាន​សង្ឃឹមថា ឯកអគ្គរដ្ឋទូត​នឹង​ធ្វើ​កិច្ចការ​ទាំងអស់​នោះ ទទួល​បាន​ជោគជ័យ ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាជន​នៅ​ពេល​ខាង​មុខ​នេះ​ផង​ដែរ​។ឯកឧត្តម​ក៏​បាន​បន្ថែម​ថា តាម​ប្រសាសន៍​របស់​សម្តេច​ហេង សំ​រិ​ន ស្រប​នឹង​ការងារ​ស្នូល​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ចំនួន​៥​រួម​មាន ៖ ១.​ការពារ​ឯករាជ្យ​ភាព​បូរណភាព​ទឹកដី​។ ២.​ការ​អនុវត្ត​គោលនយោបាយ​ការ​បរទេស​ប្រកបដោយ​បត់បែន​វៀងវៃ​តប​នឹង​សំពាធ​ភូមិសាស្ត្រ​នយោបាយ និង​ការ​ប្រកួត​ប្រ​ជ​ជែង​របស់​ប្រទេស​មហាអំណាច ។

៣.​ការងារ​ការទូត​សេដ្ឋកិច្ច និង​វប្បធម៌​លើកកម្ពស់​សេដ្ឋកិច្ចជាតិ ។​៤. ការ​ចូលរួម​កាន់តែ​សកម្មភាព​ថែម​ទៀត​ដល់​បុព្វហេតុ​សន្តិភាព ស្ថេ​រ​ភាព និង​ការ​ប្រយុទ្ធ​នឹង​ការ​ប្រឈម​នានា​ដែល​កំពុង​កើតឡើង​នៅ​លើ​សកលលោក​។​និង​ទី​៥.​កំណែទម្រង់​ស្ថាប័ន​ក្នុង​ក្រសួង​ដើម្បី​រៀបចំ​អ្នកការទូត​កាន់តែ​មាន​សម្ថ​ភាព​ខ្លាំង​ឡើង​ៗ ។

សូម​ជម្រាប​ថា ឯកអគ្គរាជទូត​ថ្មី​ទាំង​១០​រូប ដែល​បាន​ចូល​ជួប​ទទួល​អនុសាសន៍ និង​ជម្រាបលា​សម្តេច​ប្រធានរដ្ឋសភា នា​ឱកាស​នេះ​មាន ឯកឧត្តម កុយ គួ​ង ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា ឯកឧត្តម ស្មាន ម៉ា​ណា​ន ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​គូ​វ៉ែត ឯកឧត្តម ហ៊ុន សា​រឿ​ន ឯកអគ្គរាជទូត ប្រចាំ​នៅ​ប្រទេស​ថៃ​ឡង់​ដ៏ ឯកឧត្តម ជឺ​ន​បូរាណ ច័ន្ទ​បុរី ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​អូស្ត្រាលី ឯកឧត្តម ជា ធី​រៈ ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​គុយ​បា ឯកឧត្តម ពេជ្រ​ឃុន បញ្ញា ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​រុ​ស្ស៊ី ឯកឧត្តម អ៊ិ​ន តារា ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​ស្វី​ស ឯកឧត្តម ជុំ អង្គ​វិចិត្រ ឯកអគ្គរាជទូត ប្រចាំ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ឯកឧត្តម លឹ​ម ហុ​ក​សេង ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​ប្រ៊ុ​យ​ណេ ឯកឧត្តម អ៊ុ​ក ចាន់​ដា​រ៉ា ឯកអគ្គរាជទូត ប្រចាំ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ