រាជធានីភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។

យោងតាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ថ្ងៃនេះយើងនឹងចាប់ផ្តើមយុទ្ធនាការជាតិរាប់ថយក្រោយ១០០ថ្ងៃសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។
សម្ដេចតេជោ បន្ដថា១០០ថ្ងៃចុងក្រោយនេះជាពេលវេលាដែលយើងត្រូវបំពេញបន្ថែមឲ្យសព្វគ្រប់ពេញលេញបន្ថែមទៀតទាំងការរៀបចំបដិសណ្ឋារកិច្ចដល់គណៈប្រតិភូកីឡាទាំងឡាយដែលចូលមកប្រកួតក្នុងប្រទេសរបស់យើង ដើម្បីអោយកម្ពុជាយើងទទួលបាននូវភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនេះ។

សូមបញ្ជាក់ថា ថ្ងៃទី២៥ មករា ឆ្នាំ២០២៣ គឺជាថ្ងៃយុទ្ធនាការរាប់ថយក្រោយ១០០ថ្ងៃនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games ) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២( 12th ASEAN Para Games ) ដែលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជារង់ចាំរយៈពេល៦៤ឆ្នាំរហូតបានទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣នេះ។
ជាមួយគ្នានោះដែរ កម្ពុជាបានត្រៀមវិញ្ញាសាជាង៥០០វិញ្ញាសា សម្រាប់ដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខណៈកីឡា៣៩ប្រភេទបូកកីឡាសម្ដែង១ប្រភេទ ត្រូវបានអនុម័តរួចរាល់ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នាពេលកន្លងទៅ៕
ចែករំលែកព័តមាននេះ