ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី គ្រោង​ដាក់​តាំង​ពិ​ព័រ​ណ៌​ផលិតផល​សូត្រ​ខ្មែរ​ចំនួន​១១​មុខ ពាក់​កណ្ដាល​ខែក្រោយ​នេះ​

1 ឆ្នាំ មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី គ្រោង​នឹង​ដាក់​តាំង​ពិ​ព័រ​ណ៌​ផលិតផល​សូត្រ​ខ្មែរ​

​ខេត្ត​សៀម​រា​ប ៖ សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី គ្រោង​នឹង​ដាក់​តាំង​ពិ​ព័រ​ណ៌​ផលិតផល​សូត្រ​ខ្មែរ​ចំនួន​១១​មុខ នៅ​ពាក់កណ្ដាល​ខែកុម្ភៈ ឆ្នាំ​២០២៣ ខាង មុខ​នេះ​ ។ ផលិតផល​ទាំង​១១​មុខ​នេះ មាន​កន្សែង​សូត្រ​ចំនួន​៤ និង សំពត់​ហូល​ចំនួន​៥ នៅ​ក្នុង​នោះ​ក៏​មាន​ហូល​ពិតាន​ចំនួន​២ ជា​អំណោយ​ផ្តល់​មក​ពី​វិទ្យាស្ថាន​វាយ​ន​ភណ្ឌ​ប្រពៃណី​ខ្មែរ​។

ការ​ដាក់​តាំង​ពិ​ព័រ​ណ៌​វត្ថុ​ដ៏​មាន​តម្លៃ​ទាំង​នេះ ក្នុង​បំណង​អភិរក្ស ថែរក្សា​សិល្បៈ​តម្បាញ​ហូល​ពិតាន​ខ្មែរ ស្រប​ពេល​ដែល​ចំនួន​អ្នក​ប្រើប្រាស់​ហូល​ពិតាន​ក្នុង​សង្គម​ខ្មែរ​សម័យ​ថ្មី កំពុង​ថយ​ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ​ណ៍​ ។ ម្យ៉ាងវិញទៀត ក៏​ដើម្បី​បង្ហាញ​ដល់​សាធារណជន សិស្ស និស្សិត ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ស្វែង យល់​ពី​កេរ្តិ៍​ដំណែល និង ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​ដែល​បាន​បន្សល់​ទុក​មក​។

នាយករង​ស្តីទី​នៃ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី លោក សែន គឹ​ម​ស៊ុន ឱ្យ​ដឹង​ថា សមុច្ច័យ​ទាំងនេះ មាន​ប្រវត្តិ​នៅ​ជាប់​ជាមួយនឹង​បុព្វបុរស​ខ្មែរ​ជា​យូរយារ ណាស់​មក​ហើយ ប៉ុន្តែ​មួយ​ផ្នែក​ធំ​វា​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយសារ​របប​ប៉ុ​ល​ពត ហើយ​បច្ចុប្បន្ន​មិនសូវ​មាន​អ្នក​និយម​ប្រើ​ទេ ដូច​ជា​ហូល​ពិតាន​ជាដើម​នោះ ទើប​ធ្វើ​ឱ្យ​វិស័យ​តម្បាញ​ហូល​ពិតាន​បាន​ធ្លាក​ចុះ​។

ក្រុម​អ្នកជំនាញ​ផ្នែក​ប្រពៃណី ​និង​វប្បធម៌​ពន្យល់​ថា ហូល​ពិតាន​មាន​លក្ខណៈ​ពិសេស​ខុស​ពី​ហូល​ធម្មតា ព្រោះ​វា​មាន​ចង​ក្បាច់​លើក​គោម​ជា​រូប​ផ្សេង​ៗ​យ៉ាង​ពិសិដ្ឋ ដែល​ទាក់ទង​ទៅ​នឹង​ជំនឿ​សាសនា​។ ពី​បុរាណកាល​បាន​ហាម​អ្នក ស្រុក​មិន​ឱ្យ​យក​ហូល​ប្រភេទ​នេះ ទៅ​ប្រើ​ឬ​ស្លៀក​ដូច​ហូល​ធម្មតា​ទេ បើ​ទោះបីជា​ហូល​នោះ​នៅ​ថ្មី​មិន​ទាន់​បាន​អភិសេក​ក៏​ដោយ ​។ គោម​ដែល​ប្រើ​នៅ​លើ​ហូល​ពិតាន​ខ្លះ ក៏​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​យក​ទៅ​ត្បាញ​លើ​ហូល​សម្រាប់​ស្លៀកពាក់​ធម្មតា​បាន​ដូច​គ្នា​។

លោក សែន គឹ​ម​ស៊ុន បញ្ជាក់​ថា ការ ផលិត​ហូល​ពិតាន​មួយ​ៗ​ត្រូវការ​ចំណាយ​ពេលវេលា​យូរ ត្រូវការ​កម្លាំង​មនុស្ស​ច្រើន បច្ចេកទេស​ចង​គោម និង​ប្រើ​វត្ថុធាតុដើម​សុទ្ធ​សឹង​ផលិត​ចេញពី​ស​សៃ​សូត្រ​ធម្ម ជាតិ ហើយ​ជ្រលក់​ពណ៌​ធម្មជាតិ​ដែល​ផ្សំ​ឡើង​ពី​រុក្ខជាតិ​ទៅ​តាម​បច្ចេកទេស​បុរាណ មិន​ប្រើ​សារធាតុ​គីមី​ឡើយ​។

ទីតាំង​នៃ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ស្ថិត​នៅ ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប តាម​បណ្តោយ​ផ្លូវ​សម្តេច​វិបុល​បញ្ញា​សុខ អាន (​ផ្លូវ​៦០​ម៉ែត្រ​) ។ សារមន្ទីរ​នេះ បាន​បើក​ដំណើរការ​តាំង​តែ​ពី​អំឡុង​ខែមេសា ឆ្នាំ ២០១៤ ក្រោម​កិច្ច​សហប្រតិបត្តិការ​ពី​បណ្ដា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​-​ទន្លេ​គង្គារ ដោយ​មាន​ប្រទេស​ចំនួន​៦​ចូលរួម​ដូច​ជា ប្រទេស​កម្ពុជា ឥណ្ឌា ឡាវ មី​យ៉ា​ន់​ម៉ា ថៃ និង​វៀតណាម ក្នុង​គោលបំណង​ថែរក្សា​ប្រពៃណី​នៃ​ការ​ផលិត​វាយ​ន​ភណ្ឌ​ក៏​ដូច​ជា​ការ​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​អរិយធម៌ វប្បធម៌ និង​ពាណិជ្ជកម្ម​របស់​ប្រទេស​ជា​សមាជិក ដែល​មាន​រយៈពេល​ជា​ច្រើន​សតវត្ស​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ