ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ជួប​គ្រោះ​ផ្ទួន​ៗ ខណៈ​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក់​ដឹក​បន្លែ​ទៅ​លក់​បន្ត​នៅ​ផ្សារ​ជម្ពូ​វ័ន​ជាមួយ​ប្តី

10 ខែ មុន
  • ភ្នំពេញ

ស្ត្រី​ម្នាក់ ខណៈ​ពេល​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក់​ដឹក​បន្លែ​ជាមួយនឹង​បុរស​ជា​ប្តី​ធ្វើ​ដំណើរ​តាម​ផ្លូវ ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​មិន​បាន​សំរេច តែ​ធ្វើ​អោយ​ស្ត្រី​រង​គ្រោះ​ធ្លាក់​ពីលើ​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់ ខណៈ​ពេល​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក់​ដឹក​បន្លែ​ជាមួយនឹង​បុរស​ជា​ប្តី​ធ្វើ​ដំណើរ​តាម​ផ្លូវ ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​មិន​បាន​សំរេច តែ​ធ្វើ​អោយ​ស្ត្រី​រង​គ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ​ដួល​ចូល​ក្រោម​កង់​រ៉ឺ​ម៉ក់​កិន​បន្ថែម បណ្តាល​ឱ្យ​ស្ត្រី​រង​គ្រោះ​រង​របួសធ្ងន់​ផង​ដែរ​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​២៥​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច​ជិត​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​មុនី​រ៉េ​ត ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ស្ត្រី​រង​គ្រោះ​ខាងលើ​មានឈ្មោះ ម៉ី ណា​រ៉ូ អាយុ​៣៥​ឆ្នាំ មុខរបរ​លក់​បន្លែ ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក នឹង​មានស្រុក​កំណើត​នៅ​ភូមិ​សំរោង ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ចំណែក​បុរស​ជា​ប្តី​វិញ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ប្តី​ប្រពន្ធ​២​នាក់ ជា​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក់​ដឹក​បន្លែ​គ្រប់មុខ ចេញពី​ម្តុំ​ផ្សារ​នាគ​មាស ក្នុង​គោលបំណង​យក​បន្លែ​ទៅ​លក់​បន្ត​នៅ​ផ្សារ​ជម្ពូ​វ័ន ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​បុរស​ជា​ប្តី​ជា​អ្នក​បើក​ម៉ូតូ ចំណែក​ស្ត្រី​ជា​ប្រពន្ធ ជា​អ្នក​អង្គុយ​លើ​រ៉ឺ​ម៉ក់​ខាងក្រោយ ហើយ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េ​ត ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​មក​ដល់​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង មិន​ចាំ​ម៉ាក បាន​មក​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ពី​ស្ត្រី​ជា​ប្រពន្ធ​ដែល​អង្គុយ​លើ​រ៉ឺ​ម៉ក់​ខាងក្រោយ បណ្តាល​អោយ​ដាច់​ខ្សែ​កាបូប តែ​យក​មិន​បាន​សម្រេច​នោះ​ទេ ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​ធ្លាក់​ស្ត្រី​រង​គ្រោះ​ធ្លាក់​ពីលើ​រ៉ឺ​ម៉ក់ ហើយ​ក៏​ត្រូវ​រ៉ឺ​ម៉ក់​ម៉ូតូ​ដែល​បើក​ដោយ​បុរស​ជា​ប្តី​កិន​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ពីលើ​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ស្ត្រី​រង​គ្រោះ​រង​របួស​បែកក្បាល​ហូរ​ឈា​.​ម​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ទាក់ទង​ហៅ​រថយន្ដ​សា​មុ​យ មក​ដឹក​ស្ត្រី​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ភ្លាម​ៗ​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយឡែក​ក្រុម​ជនសង្ស័យ​វិញ នៅ​ពេល​ដែល​ធ្វើ​សកម្មភាព​មិន​បាន​សំរេច ហើយ​ក៏​បន្ថែម​ល្បឿន​ម៉ូតូ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ ដោយ​មិនឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​នៅ​សល់​រ៉ឺ​ម៉ក់​ម៉ូតូ​ជាមួយនឹង​បន្លែ ក៏​ត្រូវ​បាន​បងប្អូន​របស់​ជន​រង​គ្រោះ មក​ជិះ​យក​ទៅ​តាម​ក្រោយ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ