ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបោះឆ្នោតក្រុមប្រឹក្សាក្រុងស្រុកថ្មី៖ មាន ៣បក្ស ចុះឈ្មោះ ដាក់បេក្ខជន​ឈរឈ្មោះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ គ.ជ.ប បានប្រកាសថា នៅថ្ងៃទី២០ ខែមករានេះ ជាថ្ងៃទី២ នៃការចុះបញ្ជីគណបក្ស​នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង​ស្រុក ដែលបំបែក និងបង្កើតថ្មី ឆ្នាំ២០២៣។ ក្នុងនោះ មាន ៣គណបក្ស បានចុះបញ្ជី និងដាក់បេក្ខជន​ឈរឈ្មោះ រួមមាន៖ គណបក្ស​ប្រជាជនកម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច និងគណបក្សភ្លើងទៀន។ ក្នុងចំណោម គណបក្សទាំង ៣នេះ គឺមានតែគណបក្ស​ប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលបានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត នៅក្រុង និងស្រុកថ្មី ទាំង ៥​។ រីឯ​ហ៊្វុនស៊ិនប៉ិច ដាក់តែ ១ស្រុក ខណៈគណបក្សភ្លើងទៀន ក៏ឈរឈ្មោះតែមួយស្រុកដែរ។

គជប បានប្រកាសថា ការចុះបញ្ជីគណបក្ស​នយោបាយឈរឈ្មោះ និងបេក្ខជន​ឈរឈ្មោះ សម្រាប់ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាក្រុងស្រុក ដែលបំបែក និងបង្កើតថ្មីនេះ ត្រូវធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោត​នៃខេត្តសាមីពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅរៀងរាល់ម៉ោងធ្វើការ​។

ក្រុងស្រុកថ្មី ដែលទើបបង្កើត និងបំបែក​ថ្មីនេះ រួមមាន៖ ក្រុង​អរិយក្សត្រ ក្រុងសំពៅពូន ក្នុងខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និង​ស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។

តាមគ.ជ.ប ការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាក្រុង និងស្រុកថ្មី ទាំង ៥នាក់ នឹងធ្វើឡើងនៅថ្ងៃតែមួយជាមួយគ្នា​ គឺនៅថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣​។ ការបោះឆ្នោតនេះ ជាការបោះឆ្នោតអសកល ដែលមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងក្រុងស្រុក និងអ្នកតំណាងរាស្ត្រក្នុងខេត្ត​នោះប៉ុណ្ណោះ ជាអ្នកបោះឆ្នោត៕