រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តដឹកគ្រួសមួយគ្រឿងបានចុចស៊ីផ្លេដាក់ម៉ូតូធ្វើឲ្យអ្នកបើកម៉ូតូភ្ញាក់ដួលម៉ូតូត្រូវរថយន្តដឹកក្រួសបើកមកពីក្រោយបើកកិនម៉ូតូជាប់ក្រោមរថយន្តអូស៥០ម៉ែត្រទើបឈប់ ចំណែកអ្នកជិះម៉ូតូរងរបួសស្រាល កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២០១១ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិក ពណ៌ស អត់មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ២០១១ ក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបើកមកពីក្រោយមួយគ្រឿងទៀតម៉ាក FUSO ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ០២ ៣ ៧០១២ ជាប្រភេទរថយន្តប៊ែនដឹកក្រួស បើកបរដោយបុរសម្នាក់បានចុចស៊ីផ្លេធ្វើឱ្យអ្នកជិះម៉ូតូភ្ញាក់ហើយដួលម៉ូតូក៏ត្រូវរថយន្តបើកមកពីក្រោយរួចកិនអូសទៅមុខបានជាង៥០ម៉ែត្រទើបឈប់រថយន្តបណ្តាលឱ្យម៉ូតូកៀបជាប់ក្រោមរថយន្តរងការខូចខាតស្ទើរទាំងស្រុង ។ ភ្លាមនោះអ្នកបើករថយន្តបង្កបានបើកទ្វាររថយន្តលោតចុះហើយព្យាយាមរត់គេចខ្លួនតែក៏ត្រូវប្រជាពលរដ្ឋចាប់ឃាត់ ។
នៅក្នុងហេតុការណ៍ខាងលើនេះមិនបង្កអោយមានអ្នកគ្រោះថ្នាក់ដល់អាយុជីវិតនោះទេគ្រាន់តែរងរបួសស្រាល ព្រោះភ្លាមៗនោះអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរបានលោតចេញពីម៉ូតូទាន់ពេលវេលា ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ និងបានទាក់ទងហៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យឱ្យចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ