រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំប្រទេសកម្ពុជា និងប្រទេសម៉ាល់ឌីវ បានធ្វើការពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យមានសក្តានុពល សម្រាប់ប្រយោជន៍ នៃប្រជាជនប្រទេសទាំងពីរ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ បានឲ្យដឹងថា សម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់១៧មករា ក្នុងជំនួបជាមួយឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ ភាគីទាំងពីរ ពិភាក្សាលើកយោបល់កម្រិតខ្ពស់ជាទៀងទាត់ ដែលនឹងលើកកម្ពស់វិធី និងមធ្យោបាយ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យ ដែលមានសក្តានុពល សម្រាប់ផលប្រយោជន៍ នៃប្រជាជាតិទាំងពីរ ។
ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញបំណងឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគី លើកដំបូង រវាងក្រសួងការបរទេសរបស់ប្រទេសទាំងពីរ ឱ្យបានឆាប់។ ថ្នាក់ដឹកនាំទាំងពីរ បានទទួលស្គាល់ពីសារៈសំខាន់ នៃពាណិជ្ជកម្មទ្វេភាគី និងបានកត់សម្គាល់ថា ទំនាក់ទំនងសេដ្ឋកិច្ច មានសារសំខាន់សម្រាប់ការពង្រឹងទំនាក់ទំនងទ្វេភាគី ។
ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំទាំងពីរ ទទួលស្គាល់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង កម្ពុជា និងម៉ាល់ឌីវ នៅមានកំរិតនៅឡើយដែលអាចធ្វើឱ្យប្រសើរឡើង ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពប្រគល់ភារកិច្ចជូនស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ ធ្វើការរួមគ្នា ដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងការផ្លាស់ប្តូរទេសចរណ៍ និងបានលើកទឹកចិត្តឱ្យវិស័យឯកជនកម្ពុជា និងម៉ាល់ឌីវ សហការគ្នាជិតស្និទ្ធ ដើម្បីប្រើប្រាស់ឱ្យអស់នូវសក្តានុពលសេដ្ឋកិច្ច និងឱកាសធុរកិច្ចក្នុងប្រទេសទាំងពីរ។
បើតាមប្រភពព័ត៌មានពីក្រសួងការបរទេស ក៏បានលើកឡើងថា ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាគ្នា អំពីចំណាប់អារម្មណ៍របស់ម៉ាល់ឌីវ ក្នុងការនាំចូលអង្ករពីកម្ពុជា និងស្វែងរកឱកាសបន្ថែមទៀត ដើម្បីបង្កើនទំនាក់ទំនងធុរកិច្ចនៅក្នុងវិស័យនេះ។
ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាពីការនាំ ចូលកសិផលកសិកម្មរបស់កម្ពុជាផ្សេងទៀត មានដូចជា ពោត ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងផ្លែឈើ ផលិតផលកាត់ដេរ រួមមាន សម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ និងផលិតផលក្រៅពីសម្លៀកបំពាក់ មានដូចជា គ្រឿងអគ្គិសនី អំពូលភ្លើងសម្រាប់តុបតែង ផលិតផលឈើ ផលិតផលប្លាស្ទីក ស្បែកសត្វកែច្នៃ។ ភាគីម៉ាល់ឌីវ ក៏បានរំពឹងដែរថា កម្ពុជា នឹងពិចារណានាំចូលនូវគ្រឿងសមុទ្រ និងត្រីរបស់ម៉ាល់ឌីវ ផងដែរ ៕
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ