ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដក​បញ្ឈរជើង​ប៉ូលិស​ចរាចរណ៍​ខេត្តកំពង់ស្ពឺ ១០​នាក់ និង​ប្រគល់​​២០០​ដុល្លារ ​ជូន​ម្ចាស់​រថយន្ត​ដឹក​សំពីងសំពោង​វិញ

1 ឆ្នាំ មុន

ខេត្ដកំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ប្រកាស​ស្វែងរក​ម្ចាស់​រថយន្ត​មួយ​គ្រឿង​ដែល​ដឹក​ទំនិញ​សំពីងសំពោង ត្រូវ​មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ដកំពង់ស្ពឺ ចាប់​ឃាត់ផាកពិន័យ ២០០​ដុល្លារ​អា​មេ​រិ​ក ដោយ​មិន​មាន​វិ​ក័យ​ប័ត្រ ដើម្បី​ប្រគល់​ថវិកាចំនួន​២០០​ដុល្លារ ជូនម្ចាស់​រថយន្ត​វិញ…

ខេត្ដកំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ប្រកាស​ស្វែងរក​ម្ចាស់​រថយន្ត​មួយ​គ្រឿង​ដែល​ដឹក​ទំនិញ​សំពីងសំពោង ត្រូវ​មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ដកំពង់ស្ពឺ ចាប់​ឃាត់ផាកពិន័យ ២០០​ដុល្លារ​អា​មេ​រិ​ក ដោយ​មិន​មាន​វិ​ក័យ​ប័ត្រ ដើម្បី​ប្រគល់​ថវិកាចំនួន​២០០​ដុល្លារ ជូនម្ចាស់​រថយន្ត​វិញ ។

បើ​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ បានអោយ​ដឹង​ថា កាលពី​ថៃ្ង​ទី​១៦ ខែមករា ឆ្នាំ​២០២៣​នេះ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​គង្គារ លំអរ​មង្គល​» បាន​បង្ហោះ​សារ​ថា “​ប្រយ័ត្ន អ្នក​ជិះ​ផ្លូវជាតិ​លេខ​៤ ប៉ូលិស​ខេត្តកំពង់ស្ពឺ​ផាកពិន័យ​សាហាវ​ណាស់ ដឹង​យើង​ប្រញាប់​ផាក 200$ អោយ​បាញ់​ចូល​កុង​ធនាគារ ហើយ បន្លំ​មិន​អោយ​វិ​ក័យ​ប័ត្រ ទៀត​ហើយ​ប៉ូលិស​ឈ្មោះ​ដូច​ក្នុង ABA (Khem Sothearith) បាន​យក​ទូរ​សព្ទ​ខ្ញុំ លុប​រូប​ចេញ​ទៀត គ្រាន់តែ​ខ្ញុំ​ថត​ប្រាប់​អ្នក​ផ្ទះ​ថា ប៉ូលិស​ចាប់​” ។

ក្រោយ​ការ​បង្ហោះ​ព័ត៌មាន​ខាងលើ ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ បាន​ឆែក និង​ពិនិត្យ​ស្វែងរក​ឈ្មោះ Khem Sothearith ដូច​គណនី ABA ដែល​អះអាង​ថា ជា​មន្ត្រី​នគរបាល​ខេត្ដកំពង់ស្ពឺ ។ ជា​លទ្ធផល​គណនី ABA Khem Sothearith ពិតជា​របស់​លោក​អនុសេនីយ៍ឯក ខែ​ម សុធា​រិ​ទ្ធ អត្ដលេខ ៧៥៧៤៣ តួនាទី នាយ​ផ្នែក ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ប្រាកដ​មែន ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៣ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ដកំពង់ស្ពឺ បាន​បំពេញបេសកកម្ម​រឹត​បណ្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ ៧៩-៨០ និង​បាន​ឃាត់​រថយន្ដ​កូរ៉េ ដឹក​ទំនិញ​សំពីងសំពោង មួយ​គ្រឿង ស្លាក​លេខ​ភ្នំពេញ 2BP-4662 ក្នុង​ទិស​ដៅ​ពី​ខាងកើត​ទៅ​ទិស​ខាងលិច ឆ្ពោះទៅ​ខេត្ដ​ព្រះ​សីហ​នុ សមត្ថកិច្ច​បាន​ឃាត់ រក​ឃើញ​ថា អ្នកបើកបរ​ឈ្មោះ នី វ៉ា​ន់​ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ គ្មាន​ប័ណ្ណបើកបរ​ទេ និង​ដឹក​ទំនិញ​សំពីងសំពោង ល្មើសច្បាប់ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា បទល្មើស​ខាងលើ គឺ​ពិន័យ​ជា​ប្រាក់​ចំនួន ១,២០០,០០០​រៀល និង​ពិន័យ​ប្រាក់​ចំនួន ១៥០,០០០ រៀល បន្ថែម​ទៀត ជា​ល្មើស​ទំនិញ​សំពីងសំពោង ពេល​នោះ​អ្នក​រួម​ដំណើរ និង​ជា​ម្ចាស់​សម្អាងការ បាន​ប្រាប់​ថា សុំ​សម្រួល ដោយ​សុំ​ជូន​ជា​ប្រាក់ ២០០​ដុល្លារ​អា​មេ​រិ​ក តែ​សុំ​លេខ ABA ដើម្បី​ឲ្យ​អ្នក​ផ្ទះ បាញ់​លុយ​ចូល ព្រោះ​ខ្លួន​មិន​មាន​ប្រាក់​ជាប់​ខ្លួន​ទេ ។ ក្រោយ​បាញ់​លុយ ២០០​ដុល្លារ រួច​ក៏​បាន​បន្ដដំណើរ​ទៅ​បាត់ ។

បច្ចុប្បន្ន ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ស្រាវជ្រាវ និង​ចំណាត់ការ​លើ​មន្ដ្រី​ចរាចរណ៍ ទាំង​១០​នាក់ ដក​មក​បញ្ឈរជើង​ជា​បណ្តោះអាសន្ន នៅ​ការ​រិ​យា​ល័យ​បុគ្គលិក អនុវត្ត​តាម​វិន័យ​បទបញ្ជា កងកម្លាំង​នគរបាល​ជាតិ និង​បន្ដ​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ចំណាត់ការ​នីតិវិធី​បន្ដ ចំពោះ​ម្ចាស់​រថយន្ត​ខាងលើ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ និង​ស្រាវជ្រាវ​ទាក់ទង ដើម្បី​សុំ​ធ្វើការ​ជួប និង​ប្រគល់​ថវិកា​ចំនួន​២០០​ដុល្លារ ជូន​គាត់​វិញ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ