ខេត្តព្រះសីហនុ ៖ ប្រជានេសាទសមុទ្រលើកឡើងថា លោក គឹម ហ៊ាង មន្ត្រីយោធានៅរាជធានីភ្នំពេញ ពាក់សក្តិ៥ ខ្លាំងជាងតោជាន់ទ្រុងទៅទៀត នៅតែបន្តការសាងសង់សំណង់ចូលក្នុងផ្ទៃទឹកសមុទ្រមិនឈប់ឈរ បង្កផលប៉ះពាល់សម្រាប់ផ្លូវចូលចតទូកនេសាទរបស់ពួកគាត់ ដែលកន្លងមក ពួកគាត់អះអាងថា គាត់ធ្លាប់ចតទូកនៅទីនោះបានដោយសុខសាន្តមិនដែលរំខានពីអ្នកណានោះឡើយ។
ប្រជានេសាទបានបន្តឲ្យដឹងទៀតថា ពួកគាត់មិនសុខចិត្តទៅនឹងសកម្មភាពសាងសង់សំណង់នៅលើផ្ទៃសមុទ្រ ដែលជាគន្លងផ្លូវទឹកសម្រាប់ការចូលចតទូកនេសាទរបស់ប្រជានេសាទដែលជាសកម្មភាពលោ.ភលន់របស់លោក គឹម ហ៊ាង នោះឡើយ។ ពួកគាត់ក៏បានដាក់ពាក្យបណ្តឹងសុំកិច្ចអន្តរាគមន៍ពីលោក ឈិត សុផាត ចៅសង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ កន្លងមក ជាលទ្ធផលលោកចៅសង្កាត់មិនអាចរកដំណោះស្រាយជូនប្រជាពលរដ្ឋបាននោះទេហើយការសាងសង់របស់លោក គឹម ហ៊ាង នៅតែបន្តសាងសង់សំណង់ចូលក្នុងទឹកនេះឥតឈប់ឈរមិនរំខានដល់អាជ្ញាធរយ៉ាងត្រជាក់ចិត្តផងដែរ។
ប្រភពខាងលើបានបន្តឲ្យដឹងបន្ថែមទៀតថា ដោយសារតែលោក ឈិត សុផាត ចៅសង្កាត់លេខ១ មិនអាចដោះស្រាយកង្វល់ឲ្យប្រជាពលរដ្ឋបាន ពួកគាត់ក៏បានដាក់ពាក្យបណ្តឹងថ្មីដើម្បីសុំកិច្ចអន្តរាគមន៍ទៅអាជ្ញាធរក្រុងព្រះសីហនុ ដើម្បីឱ្យអាជ្ញាធរក្រុងជួយដល់ពួកគាត់ឲ្យបានបើកផ្លូវ និងទីកន្លែងជាចំណតទូកដូចពីមុនមក។ បន្ទាប់ពីរដ្ឋបាលក្រុងព្រះសីហនុ ទទួលបានពាក្យបណ្តឹងពីប្រជានេសាទ លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ បានចុះមកដល់ទីតាំងសំណង់ដែលលោក គឹម ហ៊ាង កំពុងសងសង់រំលោ.ភលើផ្ទៃសមុទ្រដែលជាចំណតទូករបស់ប្រជានេសាទ។

លោកអភិបាលរងក្រុងព្រះសីហនុ បានធ្វើកំណត់ហេតុ និងហាមឃាត់មិនឲ្យលោក គឹម ហ៊ាង ធ្វើសំណង់នេះបន្តទៀតនោះឡើយ។ ពេលលោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ ចុះមកធ្វើកំណត់ហេតុផ្អាកការសាងសង់របស់លោក គឹម ហ៊ាង មិនបានមួយដង្ហើមចង្រិតផង លោក គឹម ហ៊ាង បានធ្វើការសាងសង់បន្តទៀតឥតឈប់ឈរ រហូតមកដល់បច្ចុប្បន្ននេះ។
ប្រជានេសាទទាំងអស់បានលើកឡើងបន្តឲ្យដឹងទៀតថា ភាពមិនគោរពច្បាប់របស់លោក គឹម ហ៊ាង ពួកគាត់កើតទុក្ខមិនសុខចិត្តក៏បាននាំគ្នាដាក់ពាក្យបណ្ដឹងសុំការអន្តរាគមន៍ទៅអាជ្ញាខេត្តព្រះសីហនុនារសៀលថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីសុំកិច្ចអន្តរាគមន៍ពីលោក គួច ចំរើន អភិបាលនៃខណៈអភិបាលខេត្តព្រះសីហនុ ដើម្បីឱ្យលោកជួយដោះស្រាយជូនពួកគាត់ឱ្យមានចំណតចបទូកឡើងវិញដូចកាលពីមុនផងដែរ។
ជាចុងក្រោយប្រជានេសាទ សូមធ្វើការអំពាវនាវយ៉ាងទទូចដល់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងសូមធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ដែលពាក់ព័ន្ធ មេត្តាជួយរកយុត្តិធម៌ជូនដល់ពួកគាត់ដែលជាប្រជានេសាទកំពុងរងគ្រោះដោយសារលោក គឹម ហ៊ាង កំពុងសង់ផ្ទះរំលោ.ភយកចំណតទូករបស់ពួកគាត់។
ដោយឡែកលោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខារប្រមាញ់ និងនេសាទខេត្តព្រះសីហនុ មិនអាចសុំការពន្យល់បានទេ ដោយសារទូរស័ព្ទចូលមិនមានអ្នកលើក។
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា លោកនឹងចាត់មន្ត្រីចុះត្រួតពិនិត្យជុំវិញសំណង់លើផ្ទៃទឹកសមុទ្រ និងឈានទៅអនុវត្តនិតិវិធី។
ជុំវិញបញ្ហាការចោទប្រកាន់ខាងលើនេះ លោក គឹម ហ៊ាង មន្ត្រីយោធាពាក់សក្តិ៥ មកពីរាជធានីភ្នំពេញ អ្នកសារព័ត៌មានយើងមិនអាចសុំប្រតិកម្មពីលោកក្នុងការចោទប្រកាន់របស់ប្រជានេសាទបាននោះឡើយ ដោយសារពុំមានលេខទូរស័ព្ទទំនាក់ទំនង។
ដោយឡែកលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ លោកបានប្រាប់មកអ្នកសារព័ត៌មានយើងតាមប្រព័ន្ធតេឡេក្រាមថា ស្អែកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ លោកនឹងឲ្យក្រុមការងារចុះទៅមើលទីតាំងនេះ។
បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានផ្សព្វផ្សាយព្រោងព្រាតពេញបណ្ដាញសង្គមកន្លងមក មហាជនបានលើកឡើងថា មន្ត្រីមានអំណាច មានទឹកប្រាក់ចាយមិនអស់មួយចំនួនបានកំពុងធ្វើឲ្យអាំជ្ញាធម៌មូលដ្ឋានឈឺក្បាលវិលមុខគ្រប់ពេលវេលា ដូចជាករណីលោក គឹម ហ៊ាង មន្ត្រីយោធាពាក់សក្តិ៥រូបនេះ អញ្ចឹងតែងតែរំខានដល់ប្រជាពលរដ្ឋនឹងធ្វើឲ្យអាជ្ញាធរមូលដ្ឋានវិលមុខដោះស្រាយមិនចេញ។
មហាជនបានបន្តទៀតថា បើអាជ្ញាធរមូលដ្ឋាននៅតែបណ្ដែតបណ្ដោយបិទភ្នែកបិទច្រមុះទុកឱកាសឱ្យអ្នកមានលុយ មានអំណាចមួយចំនួនតូចសាងសង់បំពានចូលទៅក្នុងដែនសមុទ្របែបអនាធិបតេយ្យបែបនេះ តើការអនុវត្តច្បាប់ថ្ងៃក្រោយវាទៅជាបែបណាទៅវិញ? ពិសេសការសាងសង់រំលោ.ភចូលក្នុងដែនសមុទ្របែបនេះ ថ្ងៃក្រោយបរិស្ថានសមុទ្រ និងបំពុលងា.ប់ដល់ជីវៈចម្រុះក្នុងសមុទ្រខ្ទេចខ្ទីគ្មានសល់នោះឡើយ។
ជាចុងក្រោយប្រជានេសាទស្នើសុំឱ្យលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជួយពង្រឹងដល់អាជ្ញាធរថ្នាក់ក្រោមឲ្យអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះករណីខាងលើនេះ។
គួររំលឹកផងដែរថា ទីតាំងដែលមន្ត្រីយោធាឈ្មោះ គឹម ហ៊ាង សង់រំលោ.ភក្នុងដែនសមុទ្រដែលរដ្ឋហាមឃាត់មានទីតាំងស្ថិតនៅចំណុចក្បែរផែ២៧ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ចែករំលែកព័តមាននេះ