ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រហ្មវិហារធម៌៤យ៉ាងនេះ បើអ្នកធ្វើបាននឹងមានតែក្តីសុខក្នុងជីវិត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រហ្ម​វិហារធម៌ ប្រែជា​សេចក្តី​ឱ្យ​ងាយស្រួល​ស្តាប់​ថា ធម៌​ជា​ជម្រក​ដ៏​ប្រសើរ ធម៌​ជាទី​កន្លែង​សម្រាប់​នៅ​ដ៏​ឧត្តម​ខ្ពង់ខ្ពស់ ធម៌​ជា​ជម្រក​ដ៏​ត្រជាក់ត្រជំ សុខដុមរមនា កក់ក្តៅ សុខសាន្ត​ជា​និច្ច…

រាជធានី​ភ្នំពេញ ៖ ព្រហ្ម​វិហារធម៌ ប្រែជា​សេចក្តី​ឱ្យ​ងាយស្រួល​ស្តាប់​ថា ធម៌​ជា​ជម្រក​ដ៏​ប្រសើរ ធម៌​ជាទី​កន្លែង​សម្រាប់​នៅ​ដ៏​ឧត្តម​ខ្ពង់ខ្ពស់ ធម៌​ជា​ជម្រក​ដ៏​ត្រជាក់ត្រជំ សុខដុមរមនា កក់ក្តៅ សុខសាន្ត​ជា​និច្ច ។ បើ​តាម​វចនានុក្រម​ខ្មែរ​ប្រាប់​ថា ព្រហ្ម​វិហារធម៌ មាន​ន័យ​ថា ធម៌​ជាទី​នៅ​នៃ​ព្រហ្ម ធម៌​ជា​លំនៅ​នៃ​ចិត្ត​ដ៏​ប្រសើរ ។

រូបតំណាង

នេះ​ជា​ព្រះពុទ្ធ​ឱវាទ​អប់រំ​សីលធម៌​របស់​ព្រះពុទ្ធ​សាសនា ដែល​តែងតែ​ទូន្មាន​ប្រៀនប្រដៅ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ប្រកាន់ខ្ជាប់​នូវ​ព្រហ្ម​វិហារធម៌​ទាំង​៤ ដែល​ជា​គោល​ការ​ណ៌​នៃ​ការ​ប្រព្រឹត្ត​ដ៏​ប្រសើរ​។

គ្រប់​គ្នា​ប្រាកដជា​បានដឹង​ហើយ​ថា ព្រហ្ម​វិហារធម៌​ទាំង​៤ របស់​ព្រះពុទ្ធ រួម​មាន មេត្តា ករុណា មុទិតា និង​ឧបេក្ខា គឺជា​ធម៌​ដ៏​ប្រសើរ ធម៌​ដ៏​បរិសុទ្ធ ដែល​បាន​អប់រំ​ចិត្ត​មនុស្ស​ឱ្យ​មាន​ក្តី​សុខ ព្រមទាំង​អប់រំ​ការ​ប្រព្រឹត្តិ​របស់​មនុស្ស​ឱ្យ​ដើរមក​ផ្លូវ​កណ្តាល ជា​ផ្លូវ​ត្រឹមត្រូវ​ចំពោះ​គ្រប់​មនុស្ស និង​សព្វ​សត្វ​ទាំងពួង​។

រូបតំណាង

១ មេត្តា ៖ មេត្តា តាម​ន័យ​ព្រះពុទ្ធ​សាសនា​បាន​ន័យ​ថា ជា​សេចក្តី​ល្អ សេចក្តី​ស្រលាញ់ ការ​រាប់អាន និង​ចង់ឱ្យ​អ្នក​ដទៃ​បាន​សុខ​។
ហើយ​បើ​បក​មក​គិត​ពី​សេចក្តី​ស្នេហា​វិញ បាន​ន័យ​ថា​នៅ​ពេល​ដែល​អ្នក​ស្រលាញ់​នរណា​ម្នាក់ អ្នក​ត្រូវ​តែ​ធ្វើ​យ៉ាងណា​ឱ្យ​ម្នាក់​នោះ​សប្បាយចិត្ត ហើយ​អ្នក​ក៏​ត្រូវ​តែ​សប្បាយចិត្ត​ដូច​គ្នា ដោយ​ការ​យល់​ពី​គ្នា ដឹង​ពី​សេចក្តី​ត្រូវការ ការ​ចង់បាន ភាព​ភ័យ​ខ្លាច ឬ​បញ្ហា​របស់​ម្នាក់​ៗ​ឱ្យ​បាន​ច្បាស់​។ ដូច្នេះ​ហើយ មេត្តា​នៅ​ក្នុង​សេចក្តី​ស្នេហា គឺ​បាន​ន័យ​ថា គឺ​ការ​យល់ ការ​ស្តាប់​យោបល់​គ្នា ដឹង​ពី​ក្តី​ស្រមៃ ការ​ប្រាថ្នា និង​ទុក្ខ​លំបាក​គ្នា​ទៅ​វិញ​ទៅ​មក​។

រូបតំណាង

២ ករុណា ៖ ករុណា ន័យ​ក្នុង​ព្រះពុទ្ធ​សាសនា​បាន​ន័យ​ថា សេចក្តី​សណ្តោស អាណិតអាសូរ ការ​ជ្រោមជ្រែង និង​ការ​ជួយ​សម្រាលទុក្ខ​លំបាក ឬ​ក្តី​ឈឺចាប់​របស់​អ្នក​ណា​ម្នាក់​។បើ​និយាយ​ពី​សេចក្តី​ស្នេហា​ហាក់​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ​។ ធម្មតា​ការ​ស្រលាញ់​គ្នា គឺ​ត្រូវ​តែ​មាន​ភាព​យោគយល់ អត់ឱន​ឱ្យ​គ្នា និង​មានការ​អាណិតអាសូរ​គ្នា​ឱ្យ​បាន​ច្រើន ជា​ពិសេស​គឺ​ការ​យល់​ដឹង​ពី​ទុក្ខ​លំបាក និង​ជួយ​ដោះស្រាយ​បញ្ហា​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ ដូច្នេះ​ប្រសិនជា​មនុស្ស​ដែល​អ្នក​ស្រលាញ់​កំពុង​តែ​ពិបាកចិត្ត ឬ​មានទុក្ខ​លំបាក​អ្នក​ត្រូវ​តែ​សួរនាំ ជួយ​ទាំង​កម្លាំងចិត្ត​គាំទ្រ និង​ជួយ​ជា​កម្លាំងកាយ​ដោះស្រាយ​មិន​ថា​តែ​ការ​ផ្តល់​យោបល់ ឬ​ហុចដៃ​រំលែក​ទុក្ខ​នោះ​ឡើយ​។

៣ មុទិតា ៖ មុទិតា គឺជា​សេចក្តី​អំណរ ការ​អបអរសាទរ និង​ការ​សម្តែង​ក្តី​សប្បាយ​រីករាយ​អស់ពី​ចិត្ត​ពី​ថ្លើម​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញ​។
សម្រាប់​សេចក្តី​ស្នេហា​វិញ នៅ​ពេល​ដែល​អ្នក​ធ្វើ​ឱ្យ​មនុស្ស​ជាទី​ស្រលាញ់​ហើយ​អ្នក​សប្បាយចិត្ត និង​មាន​សេចក្តីសុខ​ពិត​ចេញពី​បេះដូង នោះ​បាន​ន័យ​ថា​នេះ​ជា​ស្នេហា​ពិត ហើយ​ចំណងស្នេហា​នេះ​ពិតជា​គង់វង្ស​រីក​ចម្រើន​ទៅ​មុខ​ទៀត​ជា​មិន​ខាន​។ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​ចេះ​រក​វិធី និង​ធ្វើ​យ៉ាងណា​រក​ភាព​រីករាយ​សម្រាប់​ខ្លួនឯង​ផង និង​ចែករំលែក​សម្រាប់​មនុស្ស​ជាទី​ស្រលាញ់​ផង និយាយ​រួម​គឺ​ត្រូវ​ស្វែងរក​សេចក្តីសុខ​រួម​គ្នា ដើម្បី​ទទួល​បាន​ពេលវេលា​ដែល​មាន​សេចក្តីសុខ និង​សុភមង្គល​ក្នុង​ជីវិត​ស្នេហា​របស់​អ្នក​។

រូបតំណាង

៤ ឧបេក្ខា ៖ ឧបេក្ខា មាន​ន័យ​ថា​ការ​តាំង​ចិត្តជា​កណ្តាល មិន​លំអៀង ការ​មិន​គេចវេះ មានចិត្ត​ស្មោះត្រង់​មិន​វៀចវេរ និង​ការ​ផ្តល់​សេរីភាព​។​ចំពោះ​សេចក្តី​ស្នេហា បាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ផ្តល់​សេរីភាព​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក មានការ​ទុកចិត្ត​គ្នា​ដោយ​មិន​ប្រកាន់​ខឹង ការ​ប្រចណ្ឌ ឬ​ហួងហែង​ជ្រុល​ហួសហេតុ​ពេក​ទេ ពិសេស​គឺ​ស្មោះត្រង់ និង​មិន​ក្បត់គ្នា​។ ដូចដែល​អ្នក​បានដឹង​ហើយ​ថា​អ្នក​ណា​ៗ​ក៏​សុទ្ធតែ​មាន​ពេលវេលា​ផ្ទាល់ខ្លួន​ដែរ ដូច្នេះ​អ្នក​ត្រូវ​ចេះ​ចែករំលែក​ពេលវេលា​ឱ្យ​បាន​ល្អ មាន​ពេល​សម្រាប់​ខ្លួនឯង​ផង និង​សម្រាប់​គូស្នេហ៍​ផង​ដើម្បី​ឱ្យ​មាន​ភាព​ស្មើភាព​គ្នា​។

ជា​ពិសេស​នៅ​ពេល​ដែល​អ្នកចេះ​យល់​ពី​គ្នា ទុកចិត្ត​គ្នា​នោះ អ្នក​អាច​នឹង​ចែក​ចំលែក​រឿងរ៉ាវ​ជាមួយ​គ្នា​ជា​ច្រើន​ដោយ​មិន​មានការ​ព្រួយបារម្ភ​អ្វី​ឡើយ ហើយ​ក៏​ចេះ​ទទួលស្គាល់​ពី​ភាព​ពិត និង​ចរិត​ពិត​រៀងខ្លួន​ដែរ​ដោយ​មិនបាច់​លាក់បាំង​អ្វី​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ