សម្តេចតេជោ ហ៊ុន សែន ដាស់តឿនលោក គង់ គាំ ឲ្យប្រគល់ផ្ទះនិងដីទៅក្រសួងវិញ ក្នុងរយៈពេល១ខែជាកំហិត
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ…
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ…
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានផ្ញើសារដើម្បីជាការបញ្ជាក់បន្ថែមផង និងជាការដាស់តឿនផងដល់លោក គង់ គាំ ឱ្យប្រគល់ផ្ទះ និងដី ទៅក្រសួងការបរទេសវិញ ដោយទុកពេលវេលាមួយខែជាកំហិត ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា ៖ «ខ្ញុំសូមផ្ញើសារ ដើម្បីជាការបញ្ជាក់បន្ថែមផង និងជាការដាស់តឿនផង ដល់ គង់ គាំ ដូចខាងក្រោម ៖
ទី១- តាំងពីក្រោយឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន នៅកម្ពុជា ពុំមានឡើយនូវមុខតំណែងជា “អនុរដ្ឋមន្ត្រីទី១” គឺនៅសម័យនោះ មានតែមុខតំណែងជា “អនុរដ្ឋមន្ត្រី” និង “ឧបការី” ប៉ុណ្ណោះ ហើយក៏ពុំមានដែរ នូវមុខតំណែងជា “រដ្ឋលេខាធិការ” ។
ទី២- នៅក្នុងលិខិតបំភ្លឺ ផ្ញើទៅកាន់ហ្វ្រេសញ៉ូ គង់ គាំ បានបញ្ជាក់ថា បានចូលទៅស្នាក់នៅនៅផ្ទះ ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ដោយគ្រាន់ត្រឹមតែជាការ “ជូនព័ត៌មានមកខ្ញុំ ក្នុងឋានៈខ្ញុំជារដ្ឋមន្ត្រី នាពេលនោះប៉ុណ្ណោះ” ពុំមែនជា “ការស្នើសុំកាន់កាប់យកជាកម្មសិទ្ធិលើផ្ទះនោះទេ” ។ ហេតុដូច្នេះ ពុំមានឡើយនូវការសម្រេចណាមួយពីខ្ញុំដែលជារដ្ឋមន្ត្រីនាពេលនោះ ក្នុងការប្រគល់ផ្ទះ និងដី របស់ក្រសួងការបរទេសទៅឲ្យ គង់ គាំ ឡើយ។ និយាយម្យ៉ាងទៀត តាមផ្លូវច្បាប់ ផ្ទះនិងដីនេះ នៅតែជាកម្មសិទ្ធិស្របច្បាប់របស់ក្រសួងការបរទេសដដែល ដោយពុំមានការកែប្រែឡើយ ហើយរាជរដ្ឋាភិបាល នឹងចាត់វិធានការតាមនីតិវិធីច្បាប់ ដើម្បីទាមទារយកត្រឡប់មកវិញនូវផ្ទះ និងដី ដែលជាកម្មសិទ្ធិរបស់រដ្ឋ ។
ទី៣- ដើម្បីចៀសវាងផលវិបាកនានា ដែលកើតចេញពីបណ្តឹង និងសកម្មភាពទាំងឡាយខាងផ្លូវច្បាប់ ដែលរាជរដ្ឋាភិបាល នឹងចាត់វិធានការក្នុងការទាមទារយកផ្ទះ និងដី របស់ក្រសួងការបរទេសមកវិញ និងក្នុងឋានៈ ខ្ញុំជាមេដឹកនាំ ដែលបានកាន់អំណាចជាប់រហូតឥតដាច់អស់ពេលជាង ៤៤ឆ្នាំ ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន, ខ្ញុំសូមដាស់តឿនឱ្យ គង់ គាំ ប្រគល់ឱ្យក្រសួងការបរទេសវិញនូវផ្ទះ និងដី ដែល គង់ គាំ បានស្នាក់នៅ និងបន្លំយកធ្វើជាកម្មសិទ្ធិឯកជន ដោយទុកពេលវេលាមួយខែជាកំហិត គិតពីថ្ងៃនេះ “ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣” តទៅ» ។
សូមឡើងវិញថា «សម្តេចតេជោ ហ៊ុន សែន ៖ ពុំដែលបានសម្រេចប្រគល់ផ្ទះ និងដីនោះឲ្យលោក គង់ គាំ ធ្វើជាកម្មសិទ្ធិឯកជននោះទេ» ៕

ចែករំលែកព័តមាននេះ