ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​ផ្លោះ​របង​ចូល​ម្តង​ញ៉ាម មក​ម្តងទៀត តែ​ចប់​ត្រឹម​ទូរស័ព្ទ​ទំនើប ព្រោះ​ដោះ​កូដ​អត់​ចេញ

2 ឆ្នាំ មុន
  • សៀមរាប

កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​ដង្គំ និង​កម្លាំង​ប្រជា​ការពារ ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ឯក ដា ចំរើន អធិការ​ក្រុង​សៀមរាប បាន​ចុះ​ស្រាវជ្រាវ រហូត​ឈាន​ដល់​

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​ស្វាយ​ដង្គំ និង​កម្លាំង​ប្រជា​ការពារ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ដា ចំរើន អធិការ​ក្រុង​សៀមរាប បាន​ចុះ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ ពាក់ព័ន្ធ​នឹង​ករណី «​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ ដោយ​សហចារី (​លួច​ទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍​) និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​» រួច​នាំ​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ហើយ​បញ្ជូន​បន្ត​ទៅ​សួរនាំ​នៅ​ការិយាល័យ​នគរ បាល​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្ត​។

ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៣​និង​០០​នាទី ស្ថិត​នៅ​រី​សត និង វីឡា ស្ថិត​នៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀម​រាប​។

បើ​តាម​លោក​វរសេនីយ៍ឯក ដា ចំរើន អធិការ​ក្រុង​សៀមរាប បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០​ខែមករា ឆ្នាំ​២០២៣​នេះ​ថា មាន​ករណី​អំពើ​លួច (​លួច​ទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍​) បង្ក​ឡើង​ដោយ​ជនសង្ស័យ​ខាងលើ បាន​ធ្វើ​សកម្មភាព​ផ្លោះ​របង​រី​សត រួច​ចូល​ទៅ​លួច​ទូរស័ព្ទ កុំព្យូទ័រ និង​ទូរទស្សន៍​នៅ​ក្នុងផ្ទះ​ជួល​ដាច់​ដោយឡែក​ពី​គេ​របស់​ស្ត្រី​រង​គ្រោះ​ដែល​មាន​អាយុ​៤២​ឆ្នាំ និង​បុរស​រង​គ្រោះ​អាយុ​៤២​ឆ្នាំ ស្នាក់​នៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​គេង​លក់​។

លោក​អធិការ​ក្រុង​សៀមរាប​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​ធ្វើ​សកម្មភាព​ហើយ ជនសង្ស័យ​បាន​យក​ទូរទស្សន៍​ទៅ​លាក់​ទុក​ក្នុង​គុម្ពោត​ព្រៃ រួច​នាំ​គ្នា​បម្រុង​ធ្វើ​សកម្មភាព​លួច​បន្ត​ទៀត តែ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ល្បាត ហើយ​ប្រទះ​ឃើញ​ដោយ​មានការ​សង្ស័យ ព្រោះតែ​ជនសង្ស័យ​ទាំង​ពីរ​នាក់​មាន​កាន់​ទូរស័ព្ទ​ទំនើប ហើយ​យើង​ក៏​បានឱ្យ​ជនសង្ស័យ​ដោះ​លេខ​កូដ តែ​ជនសង្ស័យ​ដោះ​មិន​ចេញ បន្ទាប់​មក​យើង​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​មក​សួរនាំ​តែ​ម្តង​។

អធិការ​ក្រុង​សៀមរាប​បាន​បន្ត​ទៀត​ថា ក្រោយ​ពីរ​សួរនាំ ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​ដូច​ៗ​គ្នា​ថា «​ពួក​ខ្លួន​ពិតជា​បាន​ផ្លោះ​របង​ចូល​លួច​ទូរស័ព្ទ កុំព្យូទ័រ និង​ទូរទស្សន៍ ពិតប្រាកដ​មែន ដោយ​ជនសង្ស័យ​ឈ្មោះ អ៊ី សាក់ ជា​អ្នក​ផ្លោះ​របង​ចូល​លួច រីឯ​ឈ្មោះ ធា​វ ប៊ុ​ន​ធឿ​ន ហៅ​តឿ ជា​អ្នក​ចំ​មើលផ្លូវ និង​ចាំ​ទទួលយក​អីវ៉ាន់​ពី​បក្សពួក​ខ្លួន​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ខាងលើ (​ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​ផង​ដែរ​) រួម​មាន ៖ ០១-​ឈ្មោះ អ៊ី សាក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​ប្រយុទ្ធ ឃុំ​ទឹក​វិល ស្រុក​ពួក ខេត្តសៀមរាប បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​សាលា​កន្សែង ស្ថិត​ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប​។ ០២- ឈ្មោះ ធា​វ ប៊ុ​ន​ធឿ​ន ហៅ​តឿ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​លក់​ស្រា​ក្រឡុក មានស្រុក​កំណើត​នៅ​ភូមិ​គោក​បេង ឃុំ​គោក​ចក ក្រុង​/​ខេត្តសៀមរាប បច្ចុប្បន្ន​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប​។

ចំណែក​វត្ថុ​តាង​ដែល​ដកហូត​បាន​មាន ៖ ម៉ូតូ​ជនសង្ស័យ​ចំនួន​២​គ្រឿង​, ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​, ទូរទស្សន៍ LED ចំនួន​២​គ្រឿង​, កាបូបស្ពាយ​ចំនួន​១, កាស​ត្រចៀក​ចំនួន​២​ឈុត​, កូនសោ​រថយន្ត​ចំនួន​១ និង​កំ​ព្យួ​ទ័​រ​ចំនួន​១​គ្រឿង​ផង​ដែរ ដោយ​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​យក​ទៅ​ប្រើប្រាស់​វិញ​ផង​ដែរ​។

បន្ទាប់​មក កម្លាំង​យើង​បាន​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀ​.​ន​ទៅ​លើ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ដោយ​ឈ្មោះ ធា​វ ប៊ុ​ន​ធឿ​ន ហៅ​តឿ ជា​លទ្ធផល គឺ​វិជ្ជមាន (​ជា​តម្រុយ​មេ​តំ​ហ្វេ​តា​មីន​)​។ បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ ដល​ម្បី​រៀបចំ​បញ្ជូន​បន្ត​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ