ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩ អូមីក្រុង បានបំប្លែងខ្លួនទៅជា XBB ដែលឆ្លងកាន់តែលឿនជាងមុន

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងប្រធានគណៈកម្មការចំពោះកិច្ចចាក់​វ៉ាក់សាំង កូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានប្រកាសថា កូវីដ១៩…

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងប្រធានគណៈកម្មការចំពោះកិច្ចចាក់​វ៉ាក់សាំង កូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានប្រកាសថា កូវីដ១៩ ប្រភេទ​អូមីក្រុង បាន​បំប្លែងខ្លួនទៅជា XBB ដែលឆ្លងកាន់តែលឿនជាងមុន។ ប៉ុន្តែ​លោកស្រី បន្ថែមថា គេនៅមិនទាន់​អាចបញ្ជាក់ថា អ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទ XBB មានសភាពធ្ងន់ធ្ងរ ឬខ្សោយនៅ​ឡើយទេ។

ក្នុងពេលត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី៦ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា «បច្ចុប្បន្ននេះ វីរុសកូវីដ១៩ គឺមានការបំប្លែងខ្លួនជាបន្តបន្ទាប់ ហើយថ្មីៗនេះ ឃើញបងប្អូន​យើងមួយចំនួន លោកមាន​ការព្រួយបារម្ភច្រើនដែរ អំពីការរាតត្បាតនៅតាមបណ្តាប្រទេសមួយចំនួន ហើយក៏ដូចជាប្រទេស​នៅក្នុងតំបន់របស់យើង នូវប្រភេទ ដែលយើងទាំងអស់គ្នាស្គាល់ថាជា XBB។ តាមពិតទៅ ខ្ញុំសូមអនុញ្ញាត​ជម្រាបជូនថា XBB នេះ មិនមែនទើបតែរកឃើញនៅក្នុងឆ្នាំនេះទេ។ XBB រកឃើញនៅសហរដ្ឋអាមេរិក តាំងពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ហើយនៅពេលនោះ ក្រសួងសុខាភិបាល គ.វ.ក ១៩ ក៏បានជម្រាបជូនព័ត៌មាន ធ្វើការណែនាំទៅដល់បងប្អូន​ប្រជាពលរដ្ឋ ហើយសូម្បីតែនៅក្នុង Twitter របស់ខ្ញុំ ក៏ខ្ញុំ​បានសរសេរ​ជម្រាបជូនបងប្អូនរបស់យើង អំពីការរកឃើញ​ប្រភេទ XBB ​និងលទ្ធភាព​នៃការឆ្លងវីរុស XBB នេះ។ វីរុសនេះ គឺជាប្រភេទពពួក​អូមីក្រុង ដែល​វាបំប្លែងខ្លួន​ជាបន្តបន្ទាប់»។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តថា «​ពពួកអូមីក្រុងនេះ មកដល់ពេលនេះ វាបំប្លែង​ខ្លួន​ច្រើន​សណ្ឋាន​ជាបន្តបន្ទាប់ មិនមែន​មានតែ XBB នេះទេ​។ វាមានស្អីឯណា ច្រើនណាស់។ អីចឹងអ្វីដែល​ជាការណែនាំរបស់អង្គការសុខភាពពិភពលោក កាលពីពេលថ្មីៗនេះ គឺការលេចចេញនូវ XBB ក្តី ឬប្រភេទអ្វីផ្សេងៗទៀតនេះ ក៏ជាការណ៍មួយ ថ្វីត្បិត​តែយើង​មានការព្រួយបារម្ភ​ច្រើន។ វាឆ្លង​លឿន ក៏ពិតមែន។ ក៏ប៉ុន្តែតាម​ការណែនាំរបស់​អង្គការសុខភាពពិភពលោក គេក៏មិនទាន់រក​ឃើញថា ឬក៏មានជាទិន្នន័យថា ពពួកបំប្លែងខ្លួនថ្មីនេះ មានភាពសាហាវជាង ឬក៏មានភាពធ្ងន់ធ្ងរ​ជាង​ពពួកដែលតា ( Delta ) នោះទេ»៕  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ