ខេត្តសៀមរាប ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដង្គំ និងកម្លាំងប្រជាការពារដឹកនាំដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច(លួចម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ.ន នៅក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង០១និង៤៥នាទីយប់អធ្រាត្រ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅបរិវេណរបងផ្ទះមុខបន្ទប់ជួល ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប រួចនាំយកមកសួរ នៅអធិការដ្ឋាននគរបាលក្រុង ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់។

បើតាមលោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប បានប្រាប់ថា ករណីអំពើលួចម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២២ ពណ៌ខ្មៅ របស់បុរសរងគ្រោះអាយុ២៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បង្កឡើងដោយជនសង្ស័យជាមនុស្សប្រុស ពាក់មួកការពារពណ៌ខ្មៅ ពាក់អាវ រងារដៃវែង និងស្លៀកខោជើងវែង ខណៈជនរងគ្រោះទុកម៉ូតូមុខបន្ទប់ជួល ដោយមិនបានចាក់សោរ.កម៉ូតូ។ ក្រោយពីលួចបានរួច ជនសង្ស័យបានយកខ្សែចងទ្វារបន្ទប់ជនរងគ្រោះពីខាងក្រៅ រួចអូសម៉ូតូចេញទៅបាត់។
លោកបញ្ជាក់ថា ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចយើងក៏ដាក់ការសង្ស័យទៅលើជនសង្ស័យខាងលើ ដែលម្ចាស់ផ្ទះជួលធ្លាប់បានបណ្តេញចេញឈប់ឱ្យជួលបន្ទប់ស្នាក់នៅបន្ត។ បន្ទាប់មក កម្លាំងយើងក៏បានស្វែងរកជនសង្ស័យខាងលើនេះឃើញ ហើយនាំយកមកសួរនាំ ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូដូចការរៀបរាប់ខាងលើពិតមែន។ រីឯម៉ូតូ ជនសង្ស័យបានយកឱ្យបក្សពួកម្នាក់ទៀតជិះ។

យោងតាមស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ អាយ ម៉េងហ៊ង បានឆ្លើយសារភាពថា «ខ្លួនលួចម៉ូតូបានហើយ ក៏ឱ្យបក្សពួកឈ្មោះ ខាន់ គន្ធា ហៅ ក្លូ ជិះយកទៅលក់។ លុះដល់នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ យើងក៏បានស្វែងរកជនសង្ស័យឈ្មោះ ខាន់ គន្ធា ហៅក្លូ បាននៅចំណុចមុខផ្សារអង្គរយើង ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ហើយក៏នាំខ្លួនយកមកសួរនៅអធិការដ្ឋាននគរបាលក្រុង។ ក្រោយពីសួរនាំជនសង្ស័យរួចមក រូបគេបានឆ្លើយសារភាពថា ខ្លួនពិតជាបានពិគ្រោះគ្នាពីការលួចម៉ូតូពិតមែន។ ក្រោយពីជនសង្ស័យឈ្មោះ អាយ ម៉េងហ៊ង លួចម៉ូតូបាន ខ្លួនក៏បានយកម៉ូតូនោះទៅឱ្យបក្សពួកផ្សេងទៀតយកទៅលក់បន្ត ហើយមកទល់ពេលនេះ ខ្លួនមិនទាន់បានទទួលប្រាក់ពីបក្សពួកនោះទេ។

លោកបញ្ជាក់ទៀតថា ជនសង្ស័យចំនួន០២នាក់ខាងលើនេះ រួមមាន ១- ឈ្មោះ អាយ ម៉េងហ៊ង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិពាងសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប, ២- ឈ្មោះ ខាន់ គន្ធា ហៅ ក្លូ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប (មុខសញ្ញាធ្លាប់ជាប់ពន្ធនាគារម្តងហើយ ករណីគ្រឿងញៀ.ន)។ ចំណែកវត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូរបស់ជនសង្ស័យឈ្មោះ ខាន់ គន្ធា ហៅក្លូ ម៉ាក Today ពណ៌លឿងទុំ គ្មានផ្លាកលេខ។ ហើយយើងក៏បានធ្វើតេស្តស្វែងរកសារធាតុញៀ.នទៅលើជនសង្ស័យទាំងពីរនាក់ ជាលទ្ធផលគឺវិជ្ជមាន។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ