រាជធានីភ្នំពេញ ៖ ទីបំផុតក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទបញ្ចប់ទទួលពាក្យតវ៉ារបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ តទៅដោយថា លទ្ធផលនៃការប្រឡងមិនមានការប្រែប្រួលនោះទេ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ នាថ្ងៃទី៤ មករា នេះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៥ ធ្នូ ២០២២ ប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល និងការរៀបចំរបស់ក្រសួងអប់រំ ពិសេសមានកិច្ចសហការល្អរវាងក្រសួងស្ថាប័ន អាជ្ញាធរ និងភាគីពាក់ព័ន្ធ ព្រមទាំងការខិតខំប្រឹងប្រែងរៀនសូត្រផ្ទាល់របស់បេក្ខជន ការអនុវត្តភារកិច្ចប្រកបដោយភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈមេប្រយោគ និងគណៈកម្មការនានាគ្រប់ថ្នាក់។
ឆ្លើយតបចំពោះសំណូមពរនឹងការតវ៉ារបស់បេក្ខជនដែលបានដាក់ពាក្យតវ៉ាចំពោះលទ្ធផលនៃការប្រឡងក្រសួងអប់រំ យុវជន និងកីឡា បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើកិច្ចការរបស់បេក្ខជនពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញធ្វើយ៉ាងណាឱ្យបេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនមានការជឿទុកចិត្ត។
ក្រោយពីបានបញ្ចប់ការពិនិត្យ បានរកឃើញថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ០៥ ធ្នូ ២០២២ មិនមានការប្រែប្រួលទេ។
ក្រសួងបានបញ្ជាក់ថា ឈរលើមូលដ្ឋាននេះ ក្រសួងបានគូសបញ្ជាក់ថា «សូមប្រកាសបញ្ចប់ការទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្ដីប្រកាសព័ត៌មាននេះតទៅ»។
ចំពោះសិស្សប្រឡងធ្លាក់ ក្រសួងក៏បានផ្តល់ឱកាសឱ្យប្រឡងឆ្នាំក្រោយទៀត និងលើកទឹកចិត្តឱ្យខិតខំរៀនសូត្របន្តដោយមានការជួយគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ មាតា បិតា អ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីទទួលបានជោគជ័យនៅឆ្នាំខាងមុខ។ សូមអ្នកសិក្សាគ្រប់រូបចងចាំថា «ការព្យាយាមគង់បានសម្រេចដូចបំណង»។
សូមជម្រាបថា កាលពីថ្ងៃទី២២ ធ្នូ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖ ៥ ធ្នូ ២០២២ ដោយសិស្សសិស្សជាប់៩០៩៥០នាក់ស្មើ នឹង៧២.៣៣% និទ្ទេស A ចំនួន១០៤៩នាក់, និទ្ទេស B ចំនួន៧២៣២នាក់, និទ្ទេស C ចំនួន១៩០៥៣នាក់, និទ្ទេស D ចំនួន៣១១៦៦នាក់ និងនិទ្ទេស E ចំនួន៣២៤៥០នាក់។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨.១៣៤នាក់ នៅក្នុងនោះនារីមាន ៦៨.៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥.១៧៤បន្ទប់៕
ចែករំលែកព័តមាននេះ