ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាលស្រុកជីក្រែង បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ រួចបញ្ជូនទៅតុលាការ ខណៈពេលក្មេងស្រីរងគ្រោះ ដែលម្តាយនាំទៅញ៉ាំការអ្នកភូមិ រួចទៅបត់ជើងនៅគុម្ពោតព្រៃខាងក្រោយផ្ទះការ ហើយក៏ត្រូវជនសង្ស័យរូបនេះចាប់អូសចូលព្រៃ រួចបំពានសេពសន្ថវៈរហូតបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅឃុំឫស្សីលក ស្រុកជីក្រែង ខណៈមានកម្មវិធីការម្តាយមីងរបស់ជនរងគ្រោះ ហើយជនសង្ស័យក៏បានទៅចូលរួមមង្គលការនោះផងដែរ។

បើតាមលោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនៅវេលាម៉ោង៨យប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះថា តាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំ មុខរបរសិស្ស រស់នៅស្រុកជីក្រែង ខេត្តសៀមរាប បានប្រាប់សមត្ថកិច្ចនគរបាលស្រុកជីក្រែងឱ្យដឹងថា នៅម៉ោងប្រមាណជាង២រសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ខ្លួនបានដើរចេញពីរោងការទៅបត់ជើងនៅគុម្ពោតព្រៃខាងក្រោយផ្ទះរោងការ ចម្ងាយប្រហែល១០០ម៉ែត្រ ក្រោយមកស្រាប់តែមានមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ ពាក់ក្រវិល ពណ៌ស នៅត្រចៀកខាងស្តាំ ពាក់អាវយឺត ពណ៌ស ដៃខ្លីខាងក្នុង អាវដៃវែងពីក្រៅ ស្លៀកខោខូវប៊យជើងវែង ពាក់ស្បែកជើងប៉ាតា បានចាប់ដៃជនរងគ្រោះដែលកំពុងតែបត់ជើង អូសចូលក្នុងគុម្ពោតព្រៃ ហើយចាប់រំលោ.ភសេពសន្ថវៈរហូតបានសម្រេច។

ប្រភពដដែលបន្តថា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យក៏បានដើរមកកន្លែងរោងការវិញ រីឯក្មេងស្រីរងគ្រោះក៏បានទៅប្រាប់ម្តាយរបស់ខ្លួនតាមរឿងហេតុដូចខាងលើ រួចហើយក៏បានរាយការណ៍ដល់សមត្ថកិច្ចតែម្តង។ នៅពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ជនរងគ្រោះក៏បានឱ្យបង្ហាញមុខជនសង្ស័យ ហើយសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យមកកន្លែងអធិការដ្ឋាន ដើម្បីសួរនាំ តែជនសង្ស័យឈ្មោះ ឡាយ ឡុង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិគោកឫស្សី ឃុំដានរុនស្រុកសូទ្រនិគម បានឆ្លើយបដិសេធចំពោះការចោទប្រកាន់របស់ក្មេងស្រីរងគ្រោះ។
ប៉ុន្តែដោយផ្អែកតាមការចង្អុលបង្ហាញពីជនរងគ្រោះ រួមនឹងវភស្តុតាងមួយចំនួនស៊ីសង្វាក់គ្នា ទើបលោកព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២៣ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ហើយ៕
ចែករំលែកព័តមាននេះ