ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ព្រួយបារម្ភ អំពី​បញ្ហា​ទឹក​បឹង​តា​ម៉ុ​ក​ហក់​ឡើង​គំ​ហុ​ក

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ភ្លៀង​ធ្លាក់​បន្ត​ជាប់​ៗ​គ្នា ធ្វើ​ឱ្យ​អាង​ទឹក​ក្នុង​បឹង​តា​ម៉ុ​ក ស្ថិត​នៅ​ក្នុង​ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ បាន​ហក់​ឡើងជា​គំហុក

ខេត្តឧត្តរមានជ័យ ៖ ភ្លៀង​ធ្លាក់​បន្ត​ជាប់​ៗ​គ្នា ធ្វើ​ឱ្យ​អាង​ទឹក​ក្នុង​បឹង​តា​ម៉ុ​ក ស្ថិត​នៅ​ក្នុង​ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ បាន​ហក់​ឡើងជា​គំហុក ដែល​កម្រិត​កម្ពស់​ទឹក​ស្ថិត​នៅ​ក្នុង​ការ​ប្រុង​ប្រយ័ត្ន ខណៈ​ដែល​ទំនប់​បង្ហៀរ​បឹង​តា​ម៉ុ​ក ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​កំពុង​សាងសង់​សារ​ជា​ថ្មី​។ កម្ពស់​ទឹក​ក្នុង​បឹង​តា​ម៉ុ​ក បាន​ហក់​ឡើង​ជិត​ដល់​កម្រិត នៃ​ការ​ប្រកាស​អាសន្ន ដែល​ជា​ក្តី​បារម្ភ បើសិនជា​អាកាសធាតុ មេឃ​នៅ​តែ​បន្ត​ធ្លាក់​ភ្លៀង​ទៀត ដូច្នេះ​លំនៅ​ដ្ឋា​ន ស្រែ​ចម្ការ និង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ អាច​នឹង​ត្រូវ​រង​ការ​លិចលង់ ព្រោះ​បច្ចុប្បន្ន​លទ្ធភាព​រំដោះ​ទឹក ចេញពី​ក្នុង​អាង​បឹង​តា​ម៉ុ​ក មាន​តែ​ទ្វារ​ទឹក​មួយ​ប៉ុណ្ណោះ មិន​អាច​បញ្ចៀស​នៃ​ទឹកជំនន់​ភ្លៀង​បាន​ទាំងស្រុង​ឡើយ​។

លោក ហោ​ជិត វី​រៈ​យុទ្ធ អភិបាលស្រុក​អន្លង់​វែង បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា អាជ្ញាធរ​ស្រុក កំពុង​សហការ​ជាមួយ​ក្រុមការងារ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​ធ្វើការ​តាមដាន​អំពី​ស្ថានភាព​ទឹក​អាង ក្នុង​បឹង​តា​ម៉ុ​ក និង​បាន​ត្រៀម​សម្ភារ​គ្រឿងចក្រ​ប្រចាំការ​សម្រាប់​ជីក និង​កកាយ​ដី​ទប់ស្កាត់​កុំឱ្យ​ទឹក​ហូរ​បាក​ទំនប់ ដែល​អាច​រារាំង​ដល់​ដំណើរការ​សាងសង់​ទំនប់​បង្ហៀរ អាង​ទឹក​បឹង​តា​ម៉ុ​ក​។ លោក​បាន​បន្ត​ថា បើ​ទោះបីជា​ការដ្ឋាន​កំពុង​ដំណើរ​សាងសង់​ទំនប់​បង្ហៀរ​ឡើង​វិញ​ក្តី តាម​អនុសាសន៍​របស់​ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដាក់​បទបញ្ជា​ដល់​ក្រុម​មន្ត្រី​បច្ចេកទេស​ប្រចាំការ នៅ​ការដ្ឋាន​សាងសង់​ទំ​បន់​បង្ហៀរ ក្នុង​ករណី​អាង​ទឹក​បឹង​តា​ម៉ុ​ក នៅ​តែ​បន្ត​កើនឡើង ហួស​កម្រិត​ប្រកាស​អាសន្ន ត្រូវ​តែ​ផ្តាច់​ទំនប់​ការពារ​ការដ្ឋាន​បណ្តោះអាសន្ន ដើម្បី​រំដោះ​ទឹក​ចេញ ក្នុង​ការ​បញ្ចៀស​ផល​ប៉ះពាល់​លិចលង់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​បរិវេណ​បឹង​តា​ម៉ុ​ក​៕
ឱម សា​រឿ​ន