ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ថៃ​ថា​នឹង​យកឈ្នះ​កម្ពុជា ខណៈ​គ្រូ​កម្ពុជា​ថា​នឹង​ធ្វើ​រឿង​មួយ​ចំនួន​តទល់​ម្ចាស់ផ្ទះ​នៅ​យប់​នេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

ទីក្រុង​បាំង​កក​ ៖ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​កីឡដ្ឋាន Thammasat មុន​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​

ទីក្រុង​បាំង​កក​ ៖ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​កីឡដ្ឋាន Thammasat មុន​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូ​ល A ពានរង្វាន់ AFF Mitsubishi Electric Cup រវាង​ក្រុម​ជម្រើសជាតិ​ថៃ និង​កម្ពុជា ដែល​ត្រូវ​ជួប​គ្នា​នៅ​វេលា​ម៉ោង​០៧៖៣០​នាទី​យប់​នេះ គ្រូបង្វឹក​ក្រុម​ទាំង​២ សុទ្ធសឹងតែ​មាន​ជំនឿ​លើ​ក្រុម​ខ្លួន​ដើម្បី​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ដូច​ៗ​គ្នា​។

បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​-​ប្រេ​ស៊ី​ល លោក Mano Polking គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ថៃ បាន​និយាយ​ថា​៖ «​ការ​ប្រកួត​នេះ​នឹង​ក្លាយជា​ការ​ប្រកួត​ចុង​ក្រោយ​នៃ​វគ្គ​ចែក​ពូ​ល​។ ហើយ​យើង​នឹង​លេង​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​បាល់ទាត់​ថៃ ដូច្នេះ​សម្រាប់​យើង​គោលដៅ​គឺ​ដើម្បី​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ហើយ​ត្រូវ​តែ​រក្សា​ជ័យ​ជំនះ យើង​ស្ថិត​នៅ​ក្នុង​កន្លែង​ដ៏​ល្អ​មួយ​។ យើង​បាន​លេង​នៅផ្ទះ គ្រប់​គ្នា​បាន​ត្រៀមខ្លួន​ជា​ស្រេច​ហើយ​មាន​ទំនុកចិត្ត​ថា​ពួក​គេ​អាច​ឈ្នះ​។ លោក​បន្ត​ថា​«​កម្ពុជា​ជា​ក្រុម​ដែល​មាន​កីឡាករ​វ័យក្មេង​។ ហើយ​លេង​ជាមួយ​គ្នា​យូរ មាន​វិធី​ច្បាស់លាស់​ក្នុង​ការ​លេង​វាយលុក​។ បង្កើត​ការ​លេង​ពី​ខាងក្រោយ សម្រាប់​ពួក​យើង យើង​បាន​រៀបចំ​ផែនការ​រួចរាល់​សម្រាប់​ទប់ទល់​ហើយ​យើង​មាន​ទំនុកចិត្ត​ថា​យើង​នឹង​ធ្វើ​បាន​ល្អ និង​ឈ្នះ​ការ​ប្រកួត ឡើង​ទៅ​ជុំ​បន្ទាប់​»​។

ចំណែកឯ​គ្រូបង្វឹក Ryu Hirose របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក៏​បាន​លើក​ឡើង​ថា​៖ «​ការ​ប្រកួត​នេះ​ពិ​ជា​សំខាន់​ខ្លាំង​សម្រាប់​ក្រុម​ទាំង​ពីរ​។ យើង​ទៅ​លេង​ប្រទេស​ថៃ​ដោយ​ក្តី​សង្ឃឹម ទោះបីជា​ការ​ប្រកួត​នេះ​ក្រុម​ជម្រើសជាតិ​ថៃ​នឹង​លេង​ក្នុងផ្ទះ​ក៏​ដោយ​។ ប៉ុន្តែ​យើង​មិន​អនុញ្ញាត​ឱ្យ​ពួក​គេ​លេង​បាន​យើង​ដោយ​ងាយ​ទេ​»​។ បុរស​ជនជាតិ​ជប៉ុន​រូប​នេះ​បន្ត​ថា «​បើ​និយាយ​ពី​ចំណាត់ថ្នាក់ និង​បទ​ពិសោធន៍ ថៃ​ពិតជា​ល្អ​ជាង​យើង​។ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​គិត​ថា ថៃ​នឹង​មានការ​ប្រកួត​ងាយស្រួល​ជាមួយ​យើង​នោះ​ទេ​។ ប្រាកដ​ណាស់ យើង​នឹង​រៀបចំ​រឿង​មួយ​ចំនួន​ដើម្បី​តទល់​នឹង​ពួក​គេ​»​។

បច្ចុប្បន្ន​ក្រុម​ជម្រើសជាតិ​ថៃ កំពុង​នាំមុខ​ក្នុង​ពូ​ល A ដោយ​មាន​៧​ពិន្ទុ​ដូច​គ្នា​ជាមួយ​ឥណ្ឌូ​នេ​ស៊ី ប៉ុន្តែ​មាន​គ្រាប់​បាល់​ខុស​គ្នា ខណៈ​ដែល​កម្ពុជា​តាម​ពីក្រោយ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​។ ប្រសិនបើ​កម្ពុជា​ចង់​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​ពានរង្វាន់​បាល់ទាត់​អាស៊ាន​មួយ​នេះ ក្រុម​គោព្រៃ​ចាំបាច់​ត្រូវ​ឈ្នះ​ថៃ​ជា​ដាច់ខាត់​ដោយ​មិន​ខ្វល់​លទ្ធផល ការ​ប្រកួត​រវាង​ម្ចាស់ផ្ទះ​ហ្វី​លី​ពី​ន ជាមួយ​ឥណ្ឌូ​នេ​ស៊ី​ឡើយ​។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្រុម​ជម្រើសជាតិ​កម្ពុជា ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​ថៃ នៅ​ពានរង្វាន់​អាស៊ាន AFF Cup ខណៈ​ដែល​ក្រុម​ទាំង​ពីរ ធ្លាប់​ជួប​គ្នា ៦​លើក​មក​ហើយ ដោយ​កម្ពុជា​ស្មើ​១ និង​ចាញ់​៥​លើក រួម​មាន​៖ ជួប​គ្នា​នៅ​ឆ្នាំ​១៩៥៧,៦៣ ក្នុង​ពានរង្វាន់ Merdeka Tournament ដោយ​កម្ពុជា​ចាញ់ ៣-០ និង​១-០ និង​ជួប​គ្នា​៤​លើក​នៅ​ស៊ី​ហ្គេ​ម នៅ​ឆ្នាំ​១៩៧១ ស្មើគ្នា ១-១ ជួប​គ្នា​នៅ​ឆ្នាំ​១៩៩៥ ថៃ​ឈ្នះ​កម្ពុជា ៩-០ ជួប​គ្នា​នៅ​ឆ្នាំ​១៩៩៧ ថៃ​ឈ្នះ​កម្ពុជា ៣-០ និង​ជួប​គ្នា​ចុង​ក្រោយ​នៅ​ឆ្នាំ​២០០១ ថៃ​បន្ត​ឈ្នះ ៧-០៕ (ដោយ​ ៖ ភឿង ភារៈ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ