ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FIFA ៖ World Cup 2026 គឺជា​ព្រឹត្តិការណ៍​ដ៏​ពិសេស និង​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

3 ឆ្នាំ មុន

ស្វី​ស ៖ ព្រឹត្តិការណ៍ FIFA World Cup 2022 ដែល​ប្រទេស​កា​តា ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ បាន​បញ្ចប់​ជា​ស្ថាពរ និង​ជោគជ័យ បន្ទាប់​ពី​ចំណាយពេល​២៩​ថ្ងៃ ពោល​គឺ​ចាប់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែធ្នូ កន្លង​ទៅ ដោយ​បន្សល់​ទុក​រូបភាព និង​ការ​ចង​ចាំ​ដ៏​អស្ចារ្យ​ជា​ច្រើន សម្រាប់​អ្នកគាំទ្រ​នៅ​ទូ​ទាំង​ពិភពលោក​។

ជា​លទ្ធផល ក្រុម​មេឃ​ខៀវ​អា​ហ្ស​ង់​ទី​ន បាន​យកឈ្នះ​លើ​ក្រុម​មាន់គក​បារាំង ដែល​ជា​ក្រុម​ការពារ​តំណែង​ជើងឯក នៅ​វគ្គ​ផ្តាច់ព្រ័ត្រ តាម​រយៈ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី នៅ​ក្នុង​លទ្ធផល ៤-២ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត ១២០​នាទី បាន​ត្រឹម​ស្មើគ្នា ៣-៣ ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​នៃ​ព្រឹត្តិការណ៍ ដែល​ចាយ​លុយ​រៀបចំ​ច្រើន​ជាងគេ​បំផុត នៅ​ក្នុង​ប្រវត្តិសាស្ត្រ World Cup មួយ​នេះ ពោល​គឺ​រហូត​ដល់ ២២០​ពាន់​លាន​ដុល្លារ​អាមេ​រិ​ក​។

បើ​ទោះបីជា​ព្រឹត្តិការណ៍ World Cup 2022 ត្រូវ​បាន​អ្នក​គ្រប់​គ្នា ចាត់​ទុក​ថា​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ​ក៏​ពិតមែន ប៉ុន្តែ​សហព័ន្ធ​បាល់ទាត់​ពិភពលោក ហៅ​កាត់​ថា FIFA បាន​អះអាង​ថា ព្រឹត្តិការណ៍ World Cup 2026 នឹង​កាន់តែ​ពិសេស និង​អស្ចារ្យ​ថែម​ទៀត ហើយ​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ ដើម្បី​បម្រើ​ខ្សែ​ចក្ខុ​អ្នកគាំទ្រ នៅ​ជុំវិញ​ពិភពលោក​។

លោក Gianni Infantino ប្រធាន FIFA បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍ World Cup 2026 គឺជា​ការ​ប្រកួត​ដ៏​ពិសេស និង​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ទម្រង់​ថ្មី ដោយ​មាន​រហូត​ដល់​៤៨​ក្រុម ធ្វើការ​ប្រកួតប្រជែង​គ្នា​។

ព្រឹត្តិការណ៍ World Cup 2026 ក្លាយជា​ការ​ប្រកួត​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដែល​មាន​៣​ប្រទេស​ធ្វើ​ជា​សហ​ម្ចាស់ផ្ទះ​គឺ កា​ណា​ដា ម៉ិ​ក​ស៊ិ​ក និង​សហរដ្ឋអាមេរិក ខណៈ​ដែល​រយៈពេល​៩២​ឆ្នាំ​កន្លង​មកនេះ មាន​តែ​ការ​ប្រកួត​នៅ​ក្នុង​ឆ្នាំ ២០០២ ប៉ុណ្ណោះ ដែល​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងត្បូង ធ្វើ​ជា​ម្ចាស់ផ្ទះ​រួម​គ្នា​។

ព្រឹត្តិការណ៍ World Cup 2026 នឹង​ត្រូវ​រៀបចំ​រួម​គ្នា​ដោយ​ទីក្រុង​ចំនួន​១៦ នៅ​ក្នុង​ប្រទេស​នៃ​តំបន់ CONCACAF កា​ណា​ដា ម៉ិ​ក​ស៊ិ​ក និង​សហរដ្ឋអាមេរិក ដោយនៅ​ក្នុង​នោះ សហរដ្ឋអាមេរិក​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ចំនួន ៦០​ប្រកួត ហើយ​កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ចំនួន ១០​ប្រកួត​ដូច​គ្នា​។
ការ​ប្រកួត​នៅ​ឆ្នាំ ២០២៦ គឺជា​ការ​ប្រកួត​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដែល​មាន​រហូត​ដល់​៤៨​ក្រុម ដែល​ខុស​ពី​ទម្រង់​ចាស់ ដែល​មាន​ត្រឹម​៣២​ក្រុម​តែ​ប៉ុណ្ណោះ​។ ដោយ​ទាំង​៤៨​ក្រុម នឹង​ត្រូវ​បែងចែក​ជា​១៦​ពូ​ល ក្នុង​១​ពូ​ល មាន​៣​ក្រុម ហើយ​ក្រុម​ចំណាត់ថ្នាក់​លេខ​១ និង​២ នៃ​ពូ​ល​និ​មួយ​ៗ និង​បន្ត​ឡើង​ទៅ​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​។

ដោយសារ​មាន​ដល់​៤៨​ក្រុម ដូច្នេះ​ការ​ប្រកួត​នឹង​ត្រូវ​មាន​រហូត​ដល់​៨០​ប្រកួត ខុស​ពី​ព្រឹត្តិការណ៍​មុន​ៗ ដែល​មាន​ត្រឹមតែ ៦៤​ប្រកួត​តែ​ប៉ុណ្ណោះ​។ ការ​ជ្រើសរើស​យក​ប្រទេស កា​ណា​ដា ម៉ិ​ក​ស៊ិ​ក និង​សហ​រដ្ឋអាមេរិក​ធ្វើ​ជា​ម្ចាស់ផ្ទះ​រួម​គ្នា ត្រូវ​បាន​មើលឃើញ​ថា​ជា​រឿង​ដ៏​ត្រឹមត្រូវ​បំផុត ជាមួយនឹង​បទ​ពិសោធន៍ និង​ជា​ពិសេស​ដើម្បី​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ ជាមួយនឹង​ការ​បន្ថែមចំនួន​នៃ​ការ​ប្រកួត​។

ខាងក្រោម​នេះ គឺជា​ទីក្រុង​ទាំង​១៦ ដែល​ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត World Cup 2026 ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​ប្រកួត​ពី​ថ្ងៃ​ទី​០៨ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​៣ ខែកក្កដា រួម​មាន ៖

សហរដ្ឋអាមេរិក ៖ ទីក្រុង Atlanta (​កីឡដ្ឋាន Mercedes-Benz), Boston (​កីឡដ្ឋាន Gillette), Dallas (​កីឡដ្ឋាន AT&T), Houston (​កីឡដ្ឋាន NRG), Kansas City (​កីឡដ្ឋាន Arrowhead), Los Angeles (​កីឡដ្ឋាន SoFi), Miami (​កីឡដ្ឋាន Hard Rock), New York/New Jersey (​កីឡដ្ឋាន MetLife), Philadelphia (​កីឡដ្ឋាន Lincoln Financial Field), San Francisco Bay Area (​កីឡដ្ឋាន Levi’s) និង Seattle (​កីឡដ្ឋាន Lumen Field)

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ ទីក្រុង Guadalajara (​កីឡដ្ឋាន Akron), Mexico City (​កីឡដ្ឋាន Azteca) និង Monterrey (​កីឡដ្ឋាន BBVA)
ប្រទេស​កា​ណា​ដា ៖ ទីក្រុង Toronto (​កីឡដ្ឋាន BMO Field) និង Vancouver (​កីឡដ្ឋាន BC Place) ៕ (​ដកស្រង់​ចេញពី FIFA និង NBC Sports)