ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចី​ឧបករណ៍​ជាង​ជួសជុល​ខ្លួនឯង​មានអី​ឆេះ​អស់ទាំង​ផ្ទះ​ជាង​ទៀត

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ម្ចាស់​តូប​ជួសជុល​ម៉ូតូ​ដែល​កំពុង​ប្រកប​អាជីវកម្ម​សព្វថ្ងៃ ខណៈ​កំពុង​បូម​សាំង​ដាក់​ដប​ត្រូវ​បាន​ម្ចាស់​គោ​យន្ត​មក​ខ្ចី​ដែកឆាប​យក​ទៅ​ឆាប​ដែកគោ​យន្ត​ខ្លួនឯង​ពុំ​បាន​ប្រើ​ជាង

ខេត្តសៀមរាប ៖ ម្ចាស់​តូប​ជួសជុល​ម៉ូតូ​ដែល​កំពុង​ប្រកប​អាជីវកម្ម​សព្វថ្ងៃ ខណៈ​កំពុង​បូម​សាំង​ដាក់​ដប​ត្រូវ​បាន​ម្ចាស់​គោ​យន្ត​មក​ខ្ចី​ដែកឆាប​យក​ទៅ​ឆាប​ដែកគោ​យន្ត​ខ្លួនឯង​ពុំ​បាន​ប្រើ​ជាង ទើប​បណ្តាល​ឱ្យ​បែក​ផ្កាភ្លើង​ប៉ះ​ចំ​ដប​សាំង​បណ្តាល​ឱ្យ​ឆេះ​អស់ទ្រព្យ​សម្បត្តិ​ទាំងស្រុង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​នៅ​ជុំវិញ​ទាំង​ព្រឹក ។ ហេតុ​ការ​អគ្គី​ភ័យ​ឆេះ​តូប​ជួសជុល​ម៉ូតូ​អស់ទាំង​ស្រុង​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងែ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ជិត​ផ្លូវបំបែក​ទៅ​គោក​ដូង ស្ថិត​ក្នុងភូមិ​ឫស្សី​ធំ ឃុំ​ស្វាយស ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ។ 

លោក​វរសេនីយ៍ទោ ណុ​ប​សា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ នេះ​ថា មាន​ករណី​អគ្គី​ភ័យ​កើតឡើង​មែន​ដោយ​សារ​ជន​បង្ក​ឈ្មោះ ណុ​ក ភេទ​ប្រុស ត្រូវជា​កូនប្រសា​របស់​ឈ្មោះ ឡឹ​ក ឆុ​ល មាន​ទីលំនៅ​ភូមិ ឫស្សី​ធំ ឃុំ​ស្វាយស ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប បាន​យក​គោ​យន្ត​កន្ត្រៃ​មក​ជួសជុល​ប៉ុន្តែ​មិន​ឱ្យ​ជាង​ធ្វើ​ឱ្យ​ទេ​សុខចិត្ត​ធ្វើ​ខ្លួនឯង ខណៈ​កំពុង​ឆាប​ដែកគោ​យន្ត​កន្ត្រៃ ស្រប​ពេល​ដែល​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​របស់​ម្ចាស់​តូប​ជួសជុល​ម៉ូតូ​កំពុង​តែ​បូម​សាំង​ច្រក​ដប​សម្រាប់​ទុក​លក់ ទើប​បណ្តាល​ឱ្យ​ផ្កាភ្លើង​ខ្ទាត​ប៉ះ​ចំ​ដប​សាំង​ឆាបឆេះ​តូប និង​ម៉ូតូ គោ​យន្ត យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ។

លោក​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​តូប​មានឈ្មោះ ណា​ន លយ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ហើយ ហួង អាយុ​២៥​ឆ្នាំ​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្នុង​ហេតុ​ការ​គ្រោះ​អគ្គី​ភ័យ​នេះ​បណ្តា​ឱ្យ​ខូចខាត​មាន តូប​១​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​៤​គុណ​នឹង​៦, ធុង​ខ្យល់​បូម​ម៉ូតូ មួយ​, ធុង​ផ្សារ​ដែក​មួយ​, ម៉ូ​ទ័​រ​កាត់​បី​គ្រឿង​, ម៉ូ​ទ័​រ​ស្វាន​បី​គ្រឿង​, ម៉ូតូ​សង់​សេរី​ចាស់​មួយ​គ្រឿង​, ប្រាក់​ចំនួន​៥.២០០.០០០ លាន​រៀល និង​ប្រាក់​២០០​ដុល្លារ គ្រឿងបន្លាស់​គោ​យន្ត និង​គ្រឿងបន្លាស់​ម៉ូតូ​ខូចខាត​អស់ទាំង​ស្រុង​ព្រមទាំង​ខូចខាត​ក្បាល​គោ​យន្ត​ក​ន្ទ្រៃ​របស់​ជន​ដែល​ជា​អ្នក​បង្ក​ទាំងស្រុង​ផង​ដែរ ។ បច្ចុប្បន្ន​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​កំពុង​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ដើម្បី​ទាមទារ​សំណង ដែល​ជន​បង្ក​ធ្វើ​ឱ្យ​ឆេះ​តូប​អស់ទាំង​ស្រុង​នោះ​នូវ​ទឹកប្រាក់​ចំនួន​២០.០០០​ដុល្លា ៕