ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ចុះ​ប្រតិបត្តិការ​ពិនិត្យ​ទីតាំង​ស្រាវជ្រាវ​រ៉ែ​ក្រុមហ៊ុន​ចិន​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី និង​ក្រុម​មន្ត្រី​ជំនាញ​រ៉ែ និង​ថាមពល កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី និង​ក្រុម​មន្ត្រី​ជំនាញ​រ៉ែ និង​ថាមពល កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧ បាន​ចុះ​ប្រតិបត្តិការ​ពិនិត្យ​អតីត​ទីតាំង​ស្រាវជ្រាវ​រ៉ែ​របស់​ក្រុមហ៊ុន​ចិន​មួយ​កន្លែង​នៅ​ក្នុង​តំបន់​អូរ​ដែង​ព្រះ ឃុំ​ក្រង់​តេះ ព្រំប្រទល់​ស្រុក​កោះ​ញែក និង​ស្រុក​ពេ​ជ្រា​ដា ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​អង្គការ WWF ថា មានការ​រុករក​រ៉ែ​ខុសច្បាប់ ។

លោក សាន់ ដា​រិ​ទ្ឋ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​អង្គការ WWF ដែល​បាន​ដាក់​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត ក្រសួង​រ៉ែ និង​ថាមពល​ថា មាន​សកម្មភាព​កកាយ​រុករក​រ៉ែ​ក្នុង​តំបន់​ខាងលើ ។ លោក​ក៏​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ដែល​មាន​លោក​អនុប្រធាន​មន្ទីរ​រ៉ែ សហការ​ជាមួយ​មន្ទីរ​បរិស្ថាន និង​ក្រុមការងារ​របស់​ថ្នាក់​ខេត្ត​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​មើល​ដល់ទី​តាំង កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ដោយ​ចំណាយពេល​ពេញ​មួយ​ថ្ងៃ​តែ​ម្តង ។ លោក​ប្រធាន​មន្ទីរ​ថា ក្នុង​លិខិត​ដែល​អង្គការ WWF ដាក់​ទៅ​ក្រសួង​បាន​បញ្ជាក់​ថា មាន​មនុស្ស​លួច​ធ្វើ​សកម្មភាព​ជីក​រុករក​រ៉ែ​ខុសច្បាប់​ហើយ​ក៏​មាន​អ្នក​ប្រចាំការ​នៅ​ទីនោះ ដើរ​ប​បាញ់​សត្វព្រៃ​ខុសច្បាប់ និង​កាប់​ឈើ​ផង​ដែរ ទើប​អង្គការ WWF បាន​ស្នើរ​ឲ្យ​មានការ​ចុះ​ត្រួតពិនិត្យ​ក្នុង​តំបន់​នោះ ។

បើ​យោង​តាម​ការ​បញ្ជាក់​ពី​ក្រុម​មន្ត្រី​ជំនាញ​ថា នៅ​ពេល​ចុះ​ធ្វើ​សកម្មភាព​ពិនិត្យ​នោះ​កម្លាំង​មន្ត្រី​ចម្រុះ​មិន​បាន​រក​ឃើញ​គ្រឿងចក្រ ឬ​ករណី​គួរ​ឲ្យ​សង្ស័យ​ណាមួយ​នោះ​ទេ ។ ដោយ​ក្រុមហ៊ុន​មិន​បាន​បោះទីតាំង​នៅ​ទីនោះ​ទៀត​ទេ​គេ​បាន​រើ​អស់ហើយ ប៉ុន្តែ​នៅ​ឥ​វ៉ា​ន់​មួយ​ចំនួន​ដែល​ក្រុមហ៊ុន​យក​ចេញ​មិន​ទាន់​អស់ ។ បើ​តាម​ការ​បញ្ជាក់​ពី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ទីតាំង​ខាងលើ​ពិតជា​មាន​ក្រុមហ៊ុន​ចិន​មួយ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រ៉ែ ប៉ុន្តែ​ក្រុមហ៊ុន​នោះ​បាន​ផុត​អាជ្ញាប័ណ្ណ និង​បាន​ផ្អាក​ធ្វើ​សកម្មភាព​ស្រាវជ្រាវ​យូរហើយ​ដែរ ។ ទីតាំង​ក្រុមហ៊ុន​ដែល​ក្រុម​មន្ទីរ​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ​នោះ​មានឈ្មោះ ភ្លែ​គ​ដាយ​មែន មាន​ទំហំ​ផ្ទៃដី​សរុប​៣០​ហិ​កតា​ធ្វើ​អាជីវកម្ម​លើ​រ៉ែ​ប្រភេទ ថ្ម​អារ ។ អ្នក​យក​ព័ត៌មាន​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​បរិស្ថាន​ខេត្ត និង​លោក មូល ផាត ប្រធាន​អង្គការ WWF ប្រចាំ​ខេត្តមណ្ឌលគិរី​បាន​ទេ​នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ នេះ ៕