រាជធានីភ្នំពេញ ៖ ប្រាកដណាស់ បងប្អូនមហាជនអ្នកគាំទ្រពិតជាបានដឹងរួចហើយ ទាក់ទងជាមួយប្អូនប្រុសរបស់កញ្ញា សុវត្ថិឌី ធារិកា ដោយកាលពីថ្ងៃប្រឡងបាក់ឌុបកញ្ញាបានពោលពាក្យយ៉ាងចាក់ដោតចំពោះប្អូនប្រុសដោយលើកឡើងថា«មុនពេលប្រឡងទុតិយភូមិ នាថ្ងៃស្អែកប្អូនប្រុសឆ្លៀតធ្វើអង្គរក្សជូនបងស្រីមកច្រៀងសិន។ ឆ្នាំនេះមិនដូចឆ្នាំមុន ព្រោះយើងមិនមានប៉ាម៉ាក់ងើបពីព្រលឹមជូនដំណើរ និងលើកទឹកចិត្តដូចមុនទេ។ តែសូមអោយដូដូប្រឹង តស៊ូប្រឡងអោយជាប់ ដើម្បីអោយលោកទាំងពីរសប្បាយចិត្ត ជីវិត គឺបែបនេះវាហាក់បីដូចទឹករលកមែន តែកុំឲ្យរលកមកប៉ះយើងអោយដួលតាមទឹក។ សូមជូនពរប្អូនប្រុសជោគជ័យក្នុងការប្រលងសញ្ញាប័ត្រទុតិយភូមិនេះបានលទ្ធផលជោគជ័យ រួមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវតស៊ូ ខំប្រឹងប្រែង កុំភ័យ និងកុំស្លុតពេលប្រលង»។

ប្រាកដណាស់ ក្រោយការប្រឡងដ៏តឹងរឹង នៅទីបំផុតក្តីស្រមៃឪពុកម្តាយរបស់ កញ្ញា សុវត្ថិឌី ធារិការ បានក្លាយជាការពិត ដោយកាលពីឪពុកម្តាយកញ្ញា សុវត្ថិឌី ធារិកា ពេលនៅមានជីវិត គឺចង់អោយកូនៗប្រឡងជាប់ ចង់ឃើញកូនៗរៀនបានខ្ពង់ខ្ពស់ និងមានអនាគតល្អ។
តាមរយៈបទសម្ភាសន៍ជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព កញ្ញា សុវត្ថិឌី ធារិការ ពិតជាក្តុកក្តួលរំភើបជំនួសប្អូនរបស់កញ្ញាជាខ្លាំង ក្រោយប្អូនប្រុសបានប្រឡងជាប់ដូច្នេះ ធារិការបានបន្តថា ប្អូនប្រុសតារាស្រីរូបនេះមានឈ្មោះថា សុវត្ថិឌី វីរៈយុទ្ធ ដោយប្អូនកញ្ញាពិតរំភើបជាខ្លាំងសម្រាប់ជោគជ័យដ៏ធំធេងមួយនេះ។

កញ្ញាបានបន្តថា កាលពីពេលថ្មីនេះប្អូនកញ្ញាទើបតែប្រឡងជាប់ ជំនាញភាសាអង់គ្លេស និងឥឡូវប្រឡងជាប់បាក់ឌុបទៀត សម្រាប់រូបកញ្ញា និងប្អូនពិតរំភើបជាខ្លាំង ព្រោះក្រោយពីឪពុកម្តាយកញ្ញាបានចែកឋានទៅ គឺឪពុកម្តាយកញ្ញាចង់ឃើញកូនៗប្រឡងជាប់ ពេលនេះក្តីស្រមៃរបស់ពួកគាត់បានក្លាយជាការពិតហើយ។

កញ្ញាបានបន្តថា ប្អូនប្រុស វីរៈយុទ្ធនឹងបន្តការសិក្សាបន្តទៀត ដោយរៀនជំនាញកំព្យូទ័រ និងជំនាញមួយចំនួនទៀត។ ជាការគត់សម្គាល់ កាលពីថ្ងៃប្រឡងកញ្ញាធារិការ បានជូនប្អូនទៅប្រឡង ដោយកាលនោះ ប្អូនកញ្ញាប្រឡងនៅមណ្ឌល វិទ្យាល័យជាស៊ីមសន្ធរមុខ ហើយកញ្ញាក៏បានជូនពរប្អូន វីរៈយុទ្ធអោយប្រឡងជាប់ និងទទួលបានភាពជោគជ័យផងដែរ។
បើងាកមើលពីសមត្ថភាពប្អូនរបស់កញ្ញាវិញ កញ្ញាថា ប្អូនកញ្ញាអាចមានដុងសិល្បៈដូចជា កញ្ញាខ្លះដែរ ប៉ុន្តែដុងសិល្បៈនោះមិនមែនជាចម្រៀងនោះទេ តែអាចជាការលេងភ្លេង។

ប្រាកដណាស់ទឹកចិត្តបងស្រីពុំអាចកាត់ថ្លៃបាននោះទេ ដោយអត់ឪពុកម្តាយ គឺមានកញ្ញានេះហើយដែលទំនុកបម្រុងប្អូន ហើយកញ្ញាក៏ជូនពរប្អូនអោយជោគជ័យជាបន្តទៀត។
ជាចុងក្រោយ កញ្ញាសូមអរគុណដល់អ្នកគាំទ្រ និងមហាជនជាខ្លាំងដែលបានជូនពរប្អូនកញ្ញា ហើយកញ្ញាអរគុណសម្រាប់បងប្អូនទាំងអស់គ្នា នៅការគាំទ្រ និងការអាណិតស្រឡាញ់រូបកញ្ញា នាពេលកន្លងមក៕





ចែករំលែកព័តមាននេះ