សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះហ្វីលីពីន
- ភ្នំពេញ
ភ្នំពេញ៖ «អបអរសាទរ ក្រុមជម្រើសជាតិកម្ពុជា រកបាន ៣ពិន្ទុពេញ ពីការប្រកួតបើកឆាកពានរង្វាន់ AFF Mitsubishi Electric Cup 2022 ពូល A ក្រោយយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-២ មុននេះបន្ដិច នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ជូនពរកីឡាករជាតិកម្ពុជា ទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត»។ នេះជាសារបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក និងតេឡេក្រាមរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ អមដោយរូបថតជាច្រើនសន្លឹក។
សូមរម្លឹកថា ក្នុងការប្រកួតបាល់ទាត់ បើកឆាកពូល A នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 កាលពីម៉ោង ៥ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ក្នុងរាជធានីភ្នំពេញ គឺក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ទទួលបានជ័យជម្នះ ៣-២ លើក្រុមជម្រើសជាតិបាល់ទាត់ ហ្វីលីពីន។
៣គ្រាប់របស់កម្ពុជា ទាត់បញ្ចូលទី ដោយកីឡាករ រឹង ប៊ុនហៀង នៅនាទីទី១៦។ អ៊ន ចាន់ប៉ូលីន នៅនាទីទី២០ និង១គ្រាប់ទៀត តែតបញ្ចូលទីដោយកីឡាករ រឹង ប៊ុនហៀង នៅនាទីទី៥៩។
ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ធ្វើឡើង ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៣។
កម្ពុជា ស្ថិតក្នុងពូល A ដែលរួមមាន៖ កម្ពុជា ហ្វីលីពីន ឥណ្ឌូនេស៊ី ប្រ៊ុយណេ និងថៃ។ ចំណែកពូល B មាន៖ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ។
តាមកម្មវិធី ដែលបានគ្រោងទុក បន្ទាប់ពីឈ្នះហ្វីលីពីន នៅថ្ងៃទី២០ ខែធ្នូនេះ កម្ពុជា ត្រូវជួបឥណ្ឌូណេស៊ី នៅថ្ងៃទី២៣ ខែធ្នូ វេលាម៉ោង ៤:៣០នាទីល្ងាច នៅពហុកីឡដ្ឋាន Gelora Bung Kamo Stadium ទីក្រុង Jakarta។ កម្ពុជា ជួបប្រ៊ុយណេ នៅថ្ងៃទី២៩ ខែធ្នូ វេលាម៉ោង ៥:០០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិមរកតតេជោ រាជធានីភ្នំពេញ។ កម្ពុជា ជួប ថៃ ថ្ងៃទី០២ ខែមករា វេលាម៉ោង ៧:៣០នាទីយប់ នៅពហុកីឡដ្ឋាន Thammasat Stadium ទីក្រុងបាងកក។
ការប្រកួតពានរង្វាន់ AFF Championship ដែលមានប្រទេសអាស៊ាន ទាំង ១០ចូលរួម ត្រូវបានធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង។ កាលពីលើកមុន ថៃជាម្ចាស់ជើងឯកពានរង្វាន់ AFF Championship៕










ចែករំលែកព័តមាននេះ