ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​កីឡា​ទោចក្រយាន​ថ្នាក់​ជាតិ ធ្វើ​ឱ្យ​កីឡាករ​កាន់តែ​មាន​ភាព​រីក​ចម្រើន​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​២០២៣

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ ២០២២ សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខេត្តសៀមរាប នា​ថ្ងៃ​ទី​២៦-២៨ ខែធ្នូ ឆ្នាំ​២០២២ ។

លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធកីឡា​ទោចក្រយាន​កម្ពុជា​រំពឹង​ថា ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​អត្ត​ព​លិ​ក​កាន់តែ​មានការ​រីក​ចម្រើន​ទាំង​កាយសម្បទា បច្ចេកទេស​ឆ្ពោះទៅ​ដណ្ដើម​មេដាយ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

លោក​អគ្គលេខាធិការ​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ប្រកួត​ថ្នាក់​ជាតិ​នេះ​មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ​-​កីឡាការិនី​ចុះ​ឈ្មោះ​ប្រកួត​សរុប​មាន​ចំនួន​២៥២​នាក់ មក​ពី​១៨ ក្លិប សមាគម រាជធានី ខេត្ត ហើយ​បើ​បូក​រួម​ទាំង​មន្ត្រី​គណៈកម្មការ​បច្ចេកទេស និង​អ្នក​ស្ម័គ្រចិត្ត​ទៀត​មាន​ចំនួន​សរុប​ចន្លោះ​ពី​៥៥០​នាក់ ដល់​៦០០​នាក់ ដើម្បី​ឲ្យ​ដំណើរការ​ប្រកួត​នេះ​មាន​ភាព​រលូន​បាន​។ ក្រៅពី​ការ​ប្រកួត​ក៏​មានការ​រត់​កម្សាន្ត​ចម្ងាយ​៣​គីឡូម៉ែត្រ​ក្នុង​នោះ​មាន​កីឡាករ និង​ក្រុម​គណៈកម្មការ​ចំនួន​៣៥០​នាក់ ។

តាម​ពិត​ចំនួន​ក្លិប សមាគម​ជា​សមាជិក​របស់​សហព័ន្ធ​មាន​ច្រើន​ជាង​នេះ ប៉ុន្តែ​ដោយសារ​លទ្ធភាព​នៃ​ការ​រៀបចំ និង​បញ្ហា​ជំងឺ COVID-19 បូក​ផ្សំ​ផង​ទៀត​នោះ យើង​ព្យាយាម​កាត់​បន្ថយ​ចំនួន​កីឡាករ​ចូលរួម​។ លោក​សង្ឃឹមថា ការ​ប្រកួត​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ នឹង​មានការ​ចូលរួម​ពី​ក្លិប សមាគម រាជធានី ខេត្ត ក្រុង​ច្រើន​ជាង​នេះ ។

ឆ្នាំ​នេះ ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​របស់​យើង​មានការ​ចូលរួម​ពី​ក្លិប​ម៉ូតូ​ធំ BMW ជួយ​សម្រួលការ​ប្រកួត​វិញ្ញាសា​កង់​គួ​ក​ដែល​ពួក​គាត់​សុទ្ធតែ​ជា​កីឡាករ​ម៉ូតូ​ដែល​មាន​កម្រិត​ជំនាញ​ខ្លាំង ព្រមទាំង​សមត្ថភាព និង​បទ​ពិសោធន៍​ខ្ពស់ ធ្លាប់​ចូលរួម​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​កាលពីដើម​ឆ្នាំ​២០២០ និង​ការ​ប្រកួត​ថ្នាក់​ជាតិ និង​កីឡា​ជាតិ​លើក​ទី​៣ ឆ្នាំ​២០០២ រួច​មក​ហើយ​។

លោក នូ ចំរើន បន្ថែម​ទៀត​ថា គោលដៅ​នៃ​ការ​រៀបចំ​ព្រឹ​តិ្ត​ការណ៍​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២២ មាន​ចំនួន​២ គឺ​ទី​១ អនុវត្ត​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ ដោយ​មានការ​ឯកភាព និង​ណែនាំ​ពី​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ បាន​ដាក់​ចេញ​ឲ្យ​យើង​ត្រូវ​ពង្រឹងសមត្ថភាព​គណៈកម្មការ​បច្ចេកទេស និង​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ក្នុង​ដំណើរ​ឈាន​ទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣ ក៏​ដូច​ជា​ការ​ប្រកួត​កីឡា​ទោចក្រយាន​លើ​ឆាក​អន្តរជាតិ​ផ្សេង​ៗ​ទៀត នា​ពេល​ខាង​មុខ​។

ទី​២ គោលដៅ​សំខាន់​របស់​សហព័ន្ធ​នោះ គឺ​តាម​រយៈ​ការ​ប្រកួត​នេះ នឹង​មានការ​ចូលរួម​ពី​កីឡាករ​-​កីឡាការិនី​ពី​គ្រប់​រាជធានី​ខេត្ត​នៅ​កម្ពុជា ក៏​ដូច​ជា​បាន​ផ្ដល់​ឱកាស​ដល់​ពួក​គាត់​ក្នុង​ការ​បង្ហាញ​នូវ
ទេព​កោសល្យ ចំណេះ និង​ជំនាញ ។ ដូច្នេះការ​ប្រកួត​នេះ​ក៏​ដូច​ជា​បាន​បង្ហាញ​ពី​កា​រវិ​វ​ឌ្ឍ​សមត្ថភាព និង​កម្រិត​បច្ចេកទេស​របស់​ពួក​គាត់​ផង​ដែរ​។

សម្រាប់​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​កម្ពុជា​យើង​កំពុង​តែ​ស្វែងរក​ធនធាន​កីឡាករ​-​កីឡាការិនី ដែល​មាន​សមត្ថភាព ដើម្បី​បញ្ចូល ក្នុង​ក្រុម​ជម្រើសជាតិ ។ ហេតុ​ដូចនេះ មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​តែងតែ​សំឡឹង​មើល​លើ​ទេព​កោសល្យ​របស់​ពួក​គាត់​ជា​រៀង​រាល់​ឆ្នាំ​តាម​រយៈ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ជា​ព្រឹត្តិការណ៍​ប្រកួត​កម្រិត​ជាតិ​ខ្ពស់ និង​ធំ​ជាងគេ​ប្រចាំឆ្នាំ ដើម្បី​ត្រៀម​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ត្រូវ​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុ​ជានា​ពេល​ឆាប់​ៗ​ខាង​មុខ ៕