ការប្រកួតបាល់ទាត់អន្តរក្រសួង-ស្ថាប័នលើកទី៨រដូវកាលឆ្នាំ២០២២មាន៣០ក្រុមចូលរួម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាបាល់ទាត់ក្របខណ្ខអន្តរក្រសួង-ស្ថាប័នលើកទី៨រដូវកាលឆ្នាំ២០២២នឹងបើកដំណើរការជាផ្លូវការចាប់ពីថ្ងៃទី២៤ ធ្នូ ខាងមុខ ដោយមាន៣០ក្រុមចូលរួមមកពីតាមរាជធានីខេត្តទូទាំងប្រទេស។

លោក សូវ៉ាត សីលា ប្រធានគណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់អន្តរក្រសួង-ស្ថាប័នដែលអាចប្រព្រឹត្តទៅបានដោយមានកិច្ចសហប្រតិបត្តិការរវាង ស.ស.យ.ក ជាមួយសហព័ន្ឋកីឡាបាល់ទាត់កម្ពុជានិងមានការចូលរួមគាំទ្រពីសំណាក់កីឡាករមកពីតាមបណ្ដារាជធានីខេត្តនិងស្ថាប័នយ៉ាងច្រើនកុះករ ដោយទទួលបានក្រុមមកចុះឈ្មោះប្រកួតរហូតដល់ទៅ៣០ក្រុមសរុបកីឡាករមានចំនួន៧៥០នាក់។

លោក សូវ៉ាត សីលា បានបន្តឲ្យដឹងទៀតថា សម្រាប់រូបមន្តប្រកួតចំពោះក្រុមទាំង៣០ត្រូវបានបែងចែកជា៨ពូល ចាប់ពីពូលAរហូតដល់ពូលHដោយក្នុងមួយពូលមាន៤ក្រុមលើកលែងតែពូលGនិងHប៉ុណ្ណោះដែលមានចំនួន៣ក្រុម។ការប្រកួតនេះទៀតធ្វើឡើងតាមរូបមន្តសន្សំពិន្ទុវិលជុំដោយក្នុងមួយពូលយកតែ២ក្រុមប៉ុណ្ណោះឡើងទៅប្រកួតនៅវគ្គបន្ត ។

លោកបន្តថាព្រឹត្តិការណ៍បាល់ទាត់អន្តរក្រសួងស្ថាប័ន បានដំណើរប្រកួតចាប់តាំងពីឆ្នាំ២០១៣មកម៉្លេះ ដោយកាលណោះមានតែ៩ក្រុមប៉ុណ្ណោះចូលរួម រហូតដល់ឆ្នាំ២០១៩មាន៣១ក្រុមចូលរួមដោយឡែកក្នុងឆ្នាំ២០២២នេះថយចុះ១ក្រុមមកនៅត្រឹម៣០ក្រុម។ ក្នុងនាមលោកជាប្រធាន
គណៈកម្មការរៀបចំការប្រកួត សូមសំណូមពរទៅដល់កីឡាករទាំងអស់ត្រូវមានស្មារតីសាមគ្គីភាព មិត្តភាព ចាញ់ឈ្នះដោយយុត្តិធម៌។ចំណែកអាជ្ញាកណ្ដាលត្រូវមានភាពសុក្រឹតនិងស្មារតីទទួលខុសត្រូវខ្ពស់ ៕

ចែករំលែកព័តមាននេះ