រាជធានីភ្នំពេញ ៖ មនុស្សគ្រប់រូបតែងតែមានស្នេហា។ និយាយជារួមស្នេហាជាច្បាប់ធម្មជាតិដែលគ្មានសត្វលោកណាជៀសផុតនោះឡើយ។ ទាំងមនុស្ស និងសត្វ។ ស្នេហាកើតមាន នៅគ្រប់កន្លែងគ្រប់ពេលវេលា។ គេឱ្យនិយមន័យផ្សេងៗគ្នាពីរឿងស្នេហានេះ។

ទស្សនៈខ្លះបានលើកពីភាពអវិជ្ជមានរបស់ស្នេហា ចំណែកទស្សនៈខ្លះបាននិយាយពីភាពវិជ្ជមានរបស់វាដែលប្រៀបដូចជាផ្កានាពេលព្រឹកដូច្នោះដែរ។ទស្សនៈវិជ្ជមាន គឺថាស្នេហា គឺជាសេចក្តីស្រលាញ់ ភាពស្និទ្ធស្នាល ការលះបង់ ការយកចិត្តទុកដាក់ ការថ្នាក់ថ្មម ការយល់ចិត្ត និងចំណាយពេលវេលាចំពោះគ្នាទៅវិញទៅមក។ ទស្សនអវិជ្ជមានមានដូចជាស្នេហាជាជំងឺមហារីក ស្នេហាជា សត្រូវនៃការសិក្សា។ដូនតាខ្មែរខ្លះបានហាមកូនចៅមិនឱ្យមានស្នេហាឡើយ ប្រសិនជាចង់រៀនសូត្រឱ្យបានវែងឆ្ងាយ និងខ្ពង់ខ្ពស់នោះ។
តើយុវជនគ្រប់រូបអាចជៀសមិនឱ្យមានស្នេហានៅក្នុងវ័យសិក្សានេះបានទេ? ហើយថា ពិតទេ ស្នេហាជាសត្រូវនៃការសិក្សានោះ? ទំនងនៅសម័យដើមក្រោមគំនាបឪពុកម្តាយ សង្គម យុវជនអាចមិនមានស្នេហានៅក្នុងពេលកំពុងសិក្សាមែនឬអាចមានដែរ តែមិនបើកចំហរមិនឱ្យគេដឹង។ប៉ុន្តែនៅក្នុងសម័យនេះទំនងមិនអាចហាមបានទេ។

ទោះបីគ្រប់គ្នាបានឭពាក្យថា ស្នេហាជាសត្រូវនៃការសិក្សា ឬថា ស្នេហាជាជំងឺអាសន្នរោគក្តីនោះ។ក៏យុវវ័យសម័យនេះ បានបង្កើតស្នេហាតាំងពីវ័យដែលពួកគេនៅក្មេងៗឡើងទៅ។ ដោយកត្តាសម្ភារៈនិយម និងបច្ចេកវិទ្យាទំនើប ស្មាតហ្វូនបណ្តាញសង្គមដែលបានបង្កើតនូវភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនង។ ឧបករណ៍ និងបច្ចេកវិទ្យាទាំងអស់នោះបានជំរុញឱ្យយុវជនងាយស្រួលក្នុងការទំនាក់ទំនងស្នេហាទាំងវ័យនៅក្មេងៗ។
សម័យយុវវ័យមានទូរសព័ព្ទទំនើបនេះ គេពិបាកហាមឃាត់ពួកគេ មិនឱ្យមានស្នេហាណាស់ ប៉ុន្តែគេក៏មិនអាចបណ្តោយឱ្យយុវជនបង្កើតស្នេហាពាសណាពាសណីនោះដែរ។ ឱពុកម្តាយ លោកគ្រូ អ្នកគ្រូ គួរបើកចំហរ និយាយ និងពន្យល់ដល់កូនចៅពីទុក្ខទោស និងបញ្ហា ដែលអាចមានឡើងពីស្នេហានេះ។
រូបតំណាងនៅពេលយុវជនគិតមិនដល់យកស្នេហាជាធំបណ្តែតបណ្តាយតាមអារម្មណ៍ធ្វើឱ្យស្នេហាគ្រប់គ្រងខ្លួននោះ ពិតណាស់ ពួកគេនឹងធ្លាក់ទៅក្នុងរណ្តៅដែលមិនអាចគ្រប់គ្រងខ្លួនបាន ធ្វើអ្វីតាមតែអារម្មណ៍។ នៅពេលនោះពួកគេប្រាកដជាភ្លេចគិតដល់ការងារចំពោះមុខ គឺការសិក្សា។ប៉ុន្តែស្នេហា គឺប្រៀបដូចជាកាំបិតមុខពីរ។ ស្នេហាអាចរុញយុវជនយុវតីអោយបាត់បង់អនាគត ដោយសារតែភាពងុបងប់ទៅលើស្នេហាពេក។ ប៉ុន្តែស្នេហាក៏ជាកម្លាំង ចិត្តនៃការសិក្សាផងដែរ បើសិនជាដៃគូស្នេហាចេះលើកទឹកចិត្តគ្នាទៅវិញទៅមកអោយខិតខំរៀនសូត្រសម្រាប់អនាគតរួមគ្នា។ប្រសិនជាយុវជនជ្រើសរើសបានគូស្នេហាជាអ្នករៀននឹងនាំគ្នារៀន ប៉ុន្តែប្រសិនជាពួកគេជ្រើសរើសដៃគូមិនមែនជាអ្នករៀននោះលទ្ធផលនឹងទៅតាមនោះដែរ។
រូបតំណាងសរុបមក ស្នេហាក្នុងវ័យសិក្សាមានទាំងផលវិជ្ជមានផង និងផលអវិជ្ជមានផង។វិជ្ជមានត្រង់ថា ការចេះជ្រើសរើសគូរសង្សារបានត្រឹមត្រូវនឹងនាំគ្នាចូលណ្ណាល័យអានសៀវភៅ។ បើជ្រើសរើសគូស្នេហ៍មិនត្រូវនោះពួកគេនឹងគិតតែនាំគ្នាចូលផ្ទះសំណាក់ រៀបចំកម្ម វិធីមិនឈប់ ភ្លេចកាតព្វកិច្ចជីវិត ដែលត្រូវស្វែងរកចំណេះដាក់ខ្លួន ហើយនៅទីបំផុត នោះហើយ ជាអ្វី ដែលការបារម្ភរបស់ឱពុកម្តាយពួកគេ គឺស្នេហាធ្វើឱ្យខ្លីវិជ្ជានេះឯង៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ