ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​រឿង​សម្ងាត់​ៗ​នៅ​ខេត្តកោះកុង មន្ត្រី​ក្រ​ៗ អត់​​​ខ្សែ អត់​បក្សពួក សង្ស័យ​ត្រូវ​គេ​ដក​ចោល​ដូច​ដក​ស្ពៃ

1 ឆ្នាំ មុន
  • កោះកុង

ក្នុងអំឡុងពេល​៦​ខែ​ចុងឆ្នាំ​២០២២ នេះ ប្រភព​ធ្លាយ​ចេញពី​សាលាខេត្ត​កោះកុង បានអោយ​ដឹង​ថា នៅ​ក្នុង​អាណាចក្រ​ដែល​ដឹកនាំ​ដោយ​លោកស្រី មិថុនា ភូ​ថង ឃើញ​ថា មានការ​ក្រឡាប់​ចក្រ នៃ​ការ​ផ្លាស់​ប្តូរ​មន្ត្រីរាជការ​ជា​ច្រើន​ស្ថាប័ន​យ៉ាង​តក់ក្រហល់ និង​ស្តែង​ចេញ​អោយ​ឃើញ

ខេត្តកោះកុង ៖ ក្នុងអំឡុងពេល​៦​ខែ​ចុងឆ្នាំ​២០២២ នេះ ប្រភព​ធ្លាយ​ចេញពី​សាលាខេត្ត​កោះកុង បានអោយ​ដឹង​ថា នៅ​ក្នុង​អាណាចក្រ​ដែល​ដឹកនាំ​ដោយ​លោកស្រី មិថុនា ភូ​ថង ឃើញ​ថា មានការ​ក្រឡាប់​ចក្រ នៃ​ការ​ផ្លាស់​ប្តូរ​មន្ត្រីរាជការ​ជា​ច្រើន​ស្ថាប័ន​យ៉ាង​តក់ក្រហល់ និង​ស្តែង​ចេញ​អោយ​ឃើញ​ពី​ភាព​រើសអើង សង្ស័យ​និយម​បក្សពួក​យ៉ាង​ច្បាស់​ក្រឡែត​។ ហើយ​ការ​ផ្លាស់​ប្តូរ​មន្ត្រី​បក្សពួក​នោះ​ទៀត​សោត បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ក្រមសីលធម៌ ឋានានុក្រម និង​លក្ខន្តិកៈ​មន្ត្រីរាជការ​ចាប់តាំងពី​ថ្នាក់​មូលដ្ឋាន រហូត​ដល់​ថ្នាក់​ជាតិ ។

មិនតែប៉ុណ្ណោះ ការ​ឃុបឃិត​ជិះជាន់​កៀបសង្កត់​ប្រជាពលរដ្ឋ​ក្រីក្រ ទន់ខ្សោយ បង្ក​ការ​ឈឺចាប់ រង​ទុក្ខវេទនា​ដល់​ប្រជារាស្ត្រ​ម្ចាស់​ឆ្នោត​គ្រប់​មូលដ្ឋាន​។ ក្នុង​រយៈពេល​៦​ខែ​ចុង​ក្រោយ​នេះ គេ​ឃើញ​នៅ​គ្រប់​ស្រុក​ទូ​ទាំង​ខេត្ត មានការ​ផ្លាស់​ប្តូរ​តាំងពី​មន្ត្រី​មូលដ្ឋាន ហូត​ដល់​ចៅហ្វាយស្រុក ចៅហ្វាយខេត្ត​រង ស្តែង​អោយ​ឃើញ​ពី​ការ​ប្រកាន់​បក្សពួក​ងា​.​យ​ស្រួល​បង្ក​លក្ខណៈ​អោយ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ ផុស​ចេញ​នូវ​រូបភាព​ពុក​រលួយ​មិន​អាច​ប្រកែក​បាន​ឡើយ​។

ជាក់ស្តែង​នៅ​ក្នុង​ខេត្តកោះកុង ស្រុក​ណា​ក៏​មានការ​លួច​កា​.​ប់​ព្រៃកោងកាង លួច​បូម​ខ្សាច់​ចាក់​លុប​រំ​លោ​.​ភយ​ក​ដី​ឆ្នេរសមុទ្រ ដី​ចំណី​ព្រែក មក​ធ្វើ​ជា​កម្មសិទ្ធិ លួច​ជីក​កកាយ​ដី​ភ្នំ​យក​អាច​ម៌​ដី​លក់ លួច​យក​ទីតាំង​ដី​រដ្ឋ​ធ្វើ​អា​ជី​កម្ម​បំរើ​ផលប្រយោជន៍​សួនតួ និង​ដក​តួនាទី​មន្ត្រី​ចាស់​ៗ​បញ្ឈរជើង​ដូច​សំរាម​។

ជាក់ស្តែង​មន្ត្រី​ភូមិបាល​ស្រុក​មួយ​រូប ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ក្រសួង​មុខងារសាធារណៈ​ស្នើ​សុំ​ដក​មុខ​តំណែង​ពី​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​បុ​ទុម​សាគរ​២​លើក ដោយ​គ្មាន​កំហុស មិនដឹង​ថា ក្រសួង​មុខងារសាធារណៈ​យល់​ឃើញ​យ៉ាងដូចម្តេច បានជា​ក្នុង​រយៈពេល​មិន​ដល់​១​ខែ​ផង ក្រសួង​ចេញ​លិខិត​ផ្ទួន​ៗ​គ្នា​២​ដង តែ​មាន​ខ្លឹមសារ​ផ្ទុយ​គ្នា គឺ​លើក​ទី​១ លិខិត​លេខ​៤៧១.​លស ចុះ​ថ្ងៃ​ទី​១៧ ខែសីហា ២០២២ របស់​អាជ្ញាធរ​ខេត្ត សុំ​ទៅ​ក្រសួង​មុខងារ​សាធា​រណៈ ដើម្បី​ផ្លាស់​ប្តូ​រលោក ពៅ ច័ន្ទ​ថន ចេញពី​មន្ត្រី​ភូមិបាល​ស្រុក​បុ​ទុម​សាគរ អោយទៅ​នៅ​សាលាស្រុក​កោះកុង ប៉ុន្តែ​ក្រសួង​មុខងារសាធារណៈ​បាន​ចេញ​លិខិត​លេខ​៥១៥៥/២២ ម​ស​.​ត​ផ ចុះ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២២ ជំរាប​ជូន​ទៅ​អាជ្ញាធរ​ខេត្ត​វិញ​ថា «​ស្នើ​រក្សា​ស្ថានភាព​ចាស់​ដដែល​» ។

ប៉ុន្តែ​បន្ទាប់​ពី​ក្រសួង​ស្នើ​បែប​នេះ បាន​រយៈពេល​តែ​២០​ថ្ងៃ អាជ្ញាធរ​ស្រុក​បុ​ទុម​សាគរ បាន​ចេញ​លិខិត​​លេខ​១៦៤/២២​លស ចុះ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ ស្នើ​ទៅ​ក្រសួង​សុំ​ផ្លាស់​ប្តូរ​មន្ត្រី​ឈ្មោះ ពៅ ច័ន្ទ​ថន ម្តងទៀត​។ តែ​ម្តងនេះ អ្វី​ៗ​បាន​ក្រឡាប់ចាក់​លឿន​ដូច​រន្ទះ សំណើរ​របស់​ចៅហ្វាយស្រុក ចូល​ដល់​ក្រសួង មិន​បាន​៤៨​ម៉ោង​ស្រួលបួល​ផង ក្រសួង​មុខងារ​បាន​ចេញ​លិខិត​លេខ​៥៥៣៥/២២ ម​ស​.​ត​ផ ចុះ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ដក​លោក ពៅ ច័ន្ទ​ថន បាន​សំរេច​តាម​ផែនការ និង​ទិស​ដៅ​ពី​ប្រធាន​ភូមិបាល​ស្រុក​បុ​ទុម​សាគរ អោយទៅ​ទាត់​ខ្យល់​នៅ​សាលាស្រុក​កោះកុង​តែ​មួយប៉ប្រិចភ្នែក (២០​ថ្ងៃ​) ហើយ​អាជ្ញាធរ​ស្រុក ក៏​បាន​ភ្ជាប់​ក្នុង​សំណើរ​តែ​មួយ ស្ទូច​យក​បក្សពួក​របស់​ខ្លួន​ពី​មន្ត្រី​រដ្ឋបាល នៃ​សាលា​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មក​ដាក់​ជំនួស​តំណែង​លោក ពៅ ច័ន្ទ​ថន យ៉ាង​ត្រជាក់​មេជើង​។

តាម​ប្រភព​ពី​ក្រុម​អ្នក​តាមដាន​ព្រឹត្តិការណ៍​ក្រឡាប់​ចក្រ​របស់​សាលាខេត្ត​កោះកុង បាន​អះអាង​ថា បច្ចុប្បន្ន​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​ប្រតិភូកម្ម​អំណាច​ពី​ថ្នាក់​ខេត្ត ទៅ​ថ្នាក់​ស្រុក​អស់ហើយ និង អភិ​បាល​គ្រប់​ស្រុក​សុទ្ធ​សឹង​ជា​មនុស្ស​របស់​ចៅហ្វាយខេត្ត​រៀបចំ​ទៅ ហេតុនេះ​ទើប​អភិបាលស្រុក​ទាំងអស់​ក្នុង​ខេត្ត អាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បាន​តាម​អំពើ​ចិត្ត ជាក់ស្តែង​ដូច​ជា​ស្រុក​កោះកុង គ្មាន​ពលរដ្ឋ​ណា​ម្នាក់​អាច​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​បាន​ឡើយ ដរាបណា​គ្មាន​ការ​បញ្ជា​ពី​អភិបាលស្រុក​ទៅ​មន្ត្រី​សុរិយោដី​អោយ​ចុះ​វាស់វែង ខុស​ប្លែក​ពី​ស្រុក​នានា​នៅ​ក្នុង​ខេត្តកោះកុង ក៏​ដូច​ជា​នៅ​ទូ​ទាំង​ប្រទេស ដែល​អាទិភាព​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ពលរដ្ឋ ស្ថិត​តែ​នៅ​លើ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ភូមិ​បាល​តែ​ប៉ុណ្ណោះ ។

អស្ចារ្យ​ជាង​នេះ​ទៀត អភិបាលស្រុក​កោះកុង ហ៊ាន​ផ្អាក​ការងារ​មន្ត្រី​ជំនាញ​ដែល​មាន​ឋានៈ​ជា​ប្រធាន និង​អនុប្រធាន​ភូមិបាល មិន​អោយធ្វើ​ការងារ​ជំនាញ​បំរើ​ប្រជាពលរដ្ឋ​ឡើយ ហើយ​យក​មន្ត្រី​ជាប់កិច្ចសន្យា​ដែល​ត្រូវជា​កូនក្មួយ​របស់​ខ្លួន​មក​ធ្វើការ​ជំនួស​ទៅ​វិញ​។ ថ្មី​ៗ​នេះ​តំណែង​ស្មៀនឃុំ​ចំនួន​៣​ឃុំ លោក​អភិបាលស្រុក​កំពុង​ស្នើ​សុំ​ផ្លាស់​ប្តូរ ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​រួច ដែល​មន្ត្រី​ស្មៀន​ទាំង​៣​រូប​នោះ​តាម​អ្នក​ភូមិ​និយាយ​ថា ពុំ​ធ្លាប់​មាន​កំហុស​រដ្ឋបាល​សោះ​។

ពលរដ្ឋ​នៅ​ខេត្តកោះកុង​ជា​ច្រើន​មូលដ្ឋាន បាន​សម្ដែង​ការ​ខកចិត្ត ដោយ​លើក​ឡើង​ថា ពួក​គាត់​ពិតជា​មានការ​ឈឺចាប់ និង​សោកស្តាយ​បំផុត​ពេល​ដែល​ឃើញ​អ្នក​ជាប់​ឆ្នោត មិន​បាន​ប្រតិបត្តិ​តាម​ការ​សន្យា​ថា​នឹង​បំរើ​សេចក្តី​ត្រូវការ​ជូន​ម្ចាស់​សន្លឹក​ឆ្នោត​វិញ​យ៉ាង​ដូច្នេះ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ