ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវពង្រោះរបស់ប្រជាកសិករ ត្រូវជំនន់ទឹកភ្លៀងលិចងាប់អស់

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ អាកាសធាតុ​ពិតជា​អំណោយផល​ល្អ ថែម​ទាំង​មាន​ភ្លៀង​ធ្លាក់​មក​ជា​ច្រើន​មេ​ថែម​ទៀត បាន​ធ្វើ​ឲ្យ​ស្រូវពង្រោះ កំពុង​តែ​លូតលាស់​បាន​តែ​បន្តិច បែរជា​ត្រូវ​ជន់​លិច​ដោយ​ទឹកភ្លៀង​ងាប់​អស់រលីង​គ្មាន​នៅ​សល់​១​ដើម ។

ខេត្តកំពង់ចាម ៖ អាកាសធាតុ​ពិតជា​អំណោយផល​ល្អ ថែម​ទាំង​មាន​ភ្លៀង​ធ្លាក់​មក​ជា​ច្រើន​មេ​ថែម​ទៀត បាន​ធ្វើ​ឲ្យ​ស្រូវពង្រោះ កំពុង​តែ​លូតលាស់​បាន​តែ​បន្តិច បែរជា​ត្រូវ​ជន់​លិច​ដោយ​ទឹកភ្លៀង​ងាប់​អស់រលីង​គ្មាន​នៅ​សល់​១​ដើម ។ 

កត្តា​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា មក​ពី​បញ្ហា​ស្ទះលូ​ទឹក ដែល​ពលរដ្ឋ​ដាក់​នៅ​ជាប់​ផ្លូវជាតិ​លេខ​៧ ចាក់​ដី​ចូល​លូ ។ ហេតុ​ការ​ណ៏​នោះ​កើតឡើង​នៅ​ភូមិ​អំពិល​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ទោះបីជា​កសិករ បាន​ប្តឹង​ទៅ​អាជ្ញាធរ​ឃុំ​ឲ្យ​ជួយ​ដោះស្រាយ​យ៉ាងណា​ក្តី គឺ​ស្ងាត់​ឲ្យ​ជ្រាប​តែ​ម្តង ។ បុរស​ចំណាស់​កសិករ​ម្នាក់​ឈ្មោះ ហាស់ ធាន់ អាយុ​៦២​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៧ នេះ​ថា ដីស្រែ​របស់​គាត់​មាន​ទំហំ​១​ហិត​កា នៅ​ជិត​នឹង​ផ្លូវជាតិ រាល់​ឆ្នាំ​បាន​បង្កបង្កើន​ផល​ដាំ​ដុះ បាន​ទទួលផល​ស្រូវ​សម្រាប់​កិន​ជា​អង្ក​ដាំបាយ​ហូប មិន​ដែល​អាក់ខាន​ម្តងណា​នោះ​ទេ តែ​មក​ដល់​រដូវវស្សា​នៅ​ឆ្នាំ​២០១៧ នេះ មេឃ​បាន​បង្អុរ​ភ្លៀង​ធ្លាក់​ចុះ​មក មានទឹក​គ្រប់​គ្រាប់​សម្រាប់​ធ្វើស្រែ ។ បុរស​ចំណាស់​ឈ្មោះ ហាស់ ធាន់ ប្រាប់​បន្ត​ថា នៅ​ក្នុង​ខែមិថុនា​នេះ ទឹកភ្លៀង​បាន​ជន់​លិច​ស្រែ​របស់​គាត់​រួម​ជាមួយនឹង​ស្រែ​របស់​គេ​ផ្សេង​ទៀត​នោះ​ក្បែរ​គ្នា ជា​ហេតុ​បណ្តាល​ឲ្យ​ស្រូវ​របស់​គាត់ ទើប​ចេញ​ពន្លក​ដុះ​ឡើង ត្រូវ​ងាប់​ទាំងអស់​តែ​ម្តង កត្តា​នេះ​មក​ពី​ស្ទះលូ ទឹក​មិន​ហូរ ។ មក​ដល់​លើក​ទី​២ គាត់​បាន​ព្រោះស្រូវ​ប្រភេទ​អ៊ី​អែ​៤៩ អស់​២៥០​គីឡូក្រាម រួម​ទាំង​លើក​មុន​សរុប​៥០០​គីឡូក្រាម ។ មក​ដល់​លើក​នេះ​ទឹកភ្លៀង​នៅ​តែ​បន្ត​ធ្លាក់ ស្រែ​របស់​គាត់​ត្រូវ​បាន​ទឹកភ្លៀង​ហូរ​ចូល​ទៀត ទោះជា​បែប​នេះ​ក្តី គាត់​បាន​យក​ម៉ាស៊ីន​១​គ្រឿង​ទៅ​បូមទឹក​ដើម្បី​រំដោះ​កុំ​ឲ្យ​លិច​ស្រូវ​គាត់​ទៀត​ផង​ដែរ ។ ក្នុង​ករណី បើ​ស្រូវ​ត្រូវ​ខូច​លើក​ទី​២​ទៀត​គាត់ មិន​ចំណាយ​កម្លាំង​ទៅ​បង្កបង្កើន​ផល​ទៀត​ទេ អាច​នឹង​ត្រូវ​ប្រឹងប្រែង​រក​អាជីព​ផ្សេង​ទៀត ដើម្បី​គ្រាន់​នឹង​បាន​ថវិកា​ដោះស្រាយ​ជីវភាព​គ្រួសារ ។ ពេល​ដែល​ស្រូវ​លិច​ទឹក ធ្លាប់​បាន​ទៅ​ប្តឹង​ដល់​អាជ្ញាធរ​ឃុំ​ខ្វិត​ធំ ឲ្យ​ជួយ​ដោះស្រាយ តែ​គេ​បែរជា​មិន​យកចិត្តទុកដាក់​ចំពោះ​រឿង​របស់​គាត់​ទាល់តែ​សោះ ។

លោក ឡុ​ង សា​រុន មេឃុំ​ខ្វិត​ធំ មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ដែរ​ថា នា​ពេល​កន្លង​មកនេះ ភ្លៀង​បាន​ធ្លាក់​ចុះ​មក​ជា​ច្រើន​មេ ទើប​បណ្តាល​ឲ្យ​ជន់​លិច​ស្រូវពង្រោះ​របស់​ប្រជា​កសិករ​ជា​ច្រើន​កន្លែង បណ្តាល​ឲ្យ​ខូចខាត ហើយ​សម្បូរ​ខ្យង​ថែម​ទៀត​ធ្វើ​ឲ្យ​រលួយ​ស្រូវពង្រោះ​នោះ​ទៀត​ផង ។ ចំពោះ​លូ​ដែល​ដាក់​នៅ​ជាប់​ផ្លូវជាតិ​លេខ​៧ គឺ​មិន​មានការ​ស្ទះ​ទឹក​នោះ​ទេ គឺ​លូ​ហូរ​ធម្មតា ហើយ​ទឹក​ដែល​នៅ​សល់​ក្រោម​លូ​ទើប​មិន​ហូរ ដូច្នេះ​លោក​បាន​អះអាង​ថា​ករណី​ខាងលើ​នេះ ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ហើយ ៕