ខេត្តស្ទឹងត្រែង ៖ ត្រី«ប៉ាសាណាក់» ដែលប្រជាពលរដ្ឋខ្មែរ ខានបានឃើញវត្តមានរបស់ត្រីនេះ តាំងពីអំឡុងទសវត្សរ៍ឆ្នាំ២០០០ បានបង្ហាញមុខកាលពីពេលថ្មីៗនេះ ជាលើកដំបូង នៅតំបន់ទន្លេមេគង្គ នៃខេត្តស្ទឹងត្រែង ហើយត្រូវបានប្រជានេសាទ នេសាទបាន និងមន្ត្រីជំនាញបានជួបប្រទះឃើញ ពេលប្រជានេសាទ យកទៅលក់នៅទីផ្សារ ក្នុងខេត្តស្ទឹងត្រែង នេះបើយោងតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ។
ត្រីប៉ាសាណាក់ ឬអាចហៅបានថា ជាត្រីសាលម៉ុនយក្សទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ជាប្រភេទត្រី ទទួលរងការគំរាមកំហែង ជិតផុតពូជ នៅក្នុងបញ្ជីក្រហមរបស់អង្គការ សហភាពអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ (IUCN) នៅតែបង្ហាញវត្តមាននៅកម្ពុជា នៅឡើយទេ ។ នេះមានន័យថា ទន្លេមេគង្គ ឬទន្លេសាប នៅតែជាជម្រករបស់ប្រភេទត្រីជិតផុតពូជ ប្រភេទត្រីកម្រ និងត្រីទឹកសាបដទៃទៀត ។
ត្រីប៉ាសាណាក់នេះ ភាគច្រើនរស់នៅតំបន់មេគង្គលើ និងប៉ែកខាងប្រទេសឡាវ និងប្រទេសថៃ ។ ដោយឡែកវាបង្ហាញវត្តមាន ច្រើននៅទន្លេស្រែពក កាលពីពេលកន្លងទៅហើយ ទីនោះជាជម្រករបស់ប្រភេទត្រីប៉ាសាណាក់នេះ រួមនឹងប្រភេទត្រីទឹកសាបជាច្រើនទៀត ។
យោងតាមសៀវភៅ ស្តីពី ត្រីទឹកសាប នៃព្រះរាជាណាចក្រកម្ពុជា ត្រីប៉ាសាណាក់ ដែលមានឈ្មោះវិទ្យាសាស្ត្រ Aaptosyax grypus ជាប្រភេទត្រីមានស្រកាល្អិត មាត់ធំ ថ្គាមខាងក្រោមធំស្នាមគន្លាក់នៅកណ្តាល និងថ្គាមលើគ្របដណ្តប់លើថ្គាមក្រោម គ្មានពុកមាត់ និងព្រុយខ្នងគ្មានទ្រនុងរឹង ហើយពោះរាងមូល ខ្លួនរាងស្រឡូន និងមានប្រវែងវែងបំផុត ១០០សង់ទីម៉ែត្រ ឬ១ម៉ែត្រ ។
ចំពោះលក្ខណៈជីវសាស្ត្ររបស់ត្រីប៉ាសាណាក់វិញ វាជាប្រភេទត្រីដែលមានទំហំធំ និងរស់នៅតាមតំបន់ នៃទន្លេមេគង្គ។ ត្រីប៉ាសាណាក់ ធ្វើចរាចរណ៍ឡើងពីខែមករា ទៅខែកុម្ភៈ រកកន្លែងពងកូននៅតាមអន្លង់ តាមដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង ខាងក្រោម ល្បាក់ខោន ។ ត្រីនេះ កម្រចាប់វាបានណាស់ នៅប្រទេសកម្ពុជា ហើយប្រជានេសាទនៅស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី (ទន្លេស្រែពក) ធ្លាប់ចាប់ត្រីនេះ នៅទន្លេមេគង្គ ដោយឧបករណ៍នេសាទមង ។ វាជាប្រភេទត្រីស៊ីកូនត្រីដទៃជាអាហារ និងអាចចាប់បាន ដោយឧបករណ៍មង អួន សន្ទូច និងសំណាញ់ ។
ត្រីប៉ាសាណាក់ ស្ថិតក្នុងពពួកទី១ នៃឧបសម្ព័ន្ធ របស់ត្រីទឹកសាប នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន០៣ប្រភេទ ហើយត្រីប៉ាសាណាក់នេះ ជាពពួកត្រីស ដែលមានន័យថាជាប្រភេទត្រីដែលរស់នៅជិតពេញមួយឆ្នាំ ក្នុងជម្រកសំខាន់ៗ តាមទន្លេ និងដៃធំៗនៃទន្លេ និងជាប្រភេទត្រីធ្វើចរាចរណ៍ឆ្ងាយ គឺចេញពីទន្លេចូលទៅតំបន់លិចទឹកនៅរដូវវស្សា លុះទឹកស្រក វាត្រលប់មកជម្រកសំខាន់របស់វាវិញ ។ សរីរាង្គវិទ្យារបស់ពពួកត្រីស មិនអាចផ្សាំទៅនឹងលក្ខខណ្ឌបរិស្ថាននៃតំបន់ដីសើម ដូចជាកម្រិតអុកស៊ីសែនទាបដូចប្រភេទត្រីខ្មៅទេ ៕





ចែករំលែកព័តមាននេះ