ខេត្តសៀមរាប ៖ បើតាមប្រសាសន៍របស់លោក យិន ស្រ៊ាង អ្នកនាំពាក្យនៃសាលាដំបូងខេត្តសៀមរាប បានប្រាប់តាមតេឡេក្រាមនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះថា ជនសង្ស័យឈ្មោះ ជុំ ប៊ុនថន ហៅយ៉ត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលមានស្រុកកំណើតនៅភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅមិនច្បាស់លាស់ ពាក់ព័ន្ធនឹងករណីអំពើលួចដែលមានស្ថានទម្ងន់ទោស (គាស់ហាងលួចយកទូរស័ព្ទ) នោក្នុងក្រុងសៀមរាបនោះ ដែលកើតឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០១និង៥០នាទីរសៀល នៅចំណុចហាងលក់ទូរស័ព្ទដៃ «ងួន មុំ» ស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប ដែលសមត្ថកិច្ចឃាត់ខ្លួនយកមកតុលាការនោះ ត្រូវបានលោក តុប ផាណារិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនបណ្តោះអាសន្នហើយចោទពីបទ «អំពើលួច» ដែលមានស្ថានទម្ងន់ទោស ហើយបទល្មើសព្រហ្មទណ្ឌនេះ មានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ។

លោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប បានប្រាប់ថា ដោយមានការសហការយ៉ាងល្អពីសមត្ថកិច្ចមូលដ្ឋាន និងទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះផង លោកបានចុះស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបានឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់យកមកសួរនៅអធិការ ហើយរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ចំណែកវត្ថុតាងត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងន់ទោស (គាស់ហាងលួចយកទូរស័ព្ទ) ក្នុងក្រុងសៀមរាបនោះ ធ្វើឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០១និង៥០នាទីរសៀល នៅចំណុចហាងលក់ទូរស័ព្ទដៃមួយកន្លែង ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប ហើយឃាត់ខ្លួនបាននៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅផ្លូវទំនប់៧៨ សង្កាត់ជ្រាវ ក្រុងសៀមរាប។

លោកបានបន្ថែមថា ករណីអំពើលួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ដែលបានធ្វើសកម្មភាពកាត់ជញ្ជាំងស័ង្កសី ហើយចូលលួចទូរស័ព្ទសរុបចំនួន៤៥គ្រឿង មានម៉ាក HOUWEI, SUMSUNG, VIVO,OPPO របស់ជនរងគ្រោះឈ្មោះ ស៊ុន គឹមមុំ ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះគេងលក់ លុះពេលលួចបានជនសង្ស័យក៏រត់គេចខ្លួនបាត់ លុះនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ មានប្រជាពលរដ្ឋបានទិញទូរស័ព្ទពីជនសង្ស័យ ហើយយកទូរស័ព្ទដែលទិញ បានយកទៅបិទស្កុតនៅហាងជនរងគ្រោះ ហើយត្រូវជនរងគ្រោះឆែកលេខម៉ាស៊ីន (IMEI ) ទើបដឹងថា ជាទូរស័ព្ទរបស់ខ្លួនដែលបាត់ ហើយក៏រាយការណ៍មកសមត្ថកិច្ចយើងយកមកសួរនាំតែម្តង។

លោកបានបន្ថែមទៀតថា ក្រោយពីសាកសួរប្រជាពលរដ្ឋដែលទិញទូរស័ព្ទនោះ រូបគាត់បានឆ្លើយថា ទូរស័ព្ទនេះបានទិញពីជនសង្ស័យខាងលើ ព្រមទាំងបង្ហាញរូបជនសង្ស័យដល់សមត្ថកិច្ចយើង ។ បន្ទាប់មកសមត្ថកិច្ចយើងក៏កំណត់បានមុខសញ្ញា ដោយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ យើងបានល្បាតក៏ប្រទះឃើញជនសង្ស័យនៅចំណុចទំនប់៧៨ ស្ថិតក្នុងសង្កាត់ជ្រាវហើយឃាត់ខ្លួនបានភ្លាមៗ រួចយកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។

ក្រោយពីសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាត់ស័ង្កសីចូលលួចយកទូរស័ព្ទចំនួន៤៥គ្រឿងរបស់ជនរងគ្រោះពិតមែន ដោយទូរស័ព្ទខ្លួនយកតែ០៥គ្រឿង រីឯទូរស័ព្ទចំនួន៤០គ្រឿងទៀត ជនសង្ស័យបានទូរស័ព្ទទៅហៅបក្សពួកនៅឯខេត្តព្រះវិហារ ដើម្បីមកយកទៅលក់នៅខេត្តព្រះវិហារវិញ។ បន្ទាប់ពីធ្វើការសួរនាំរួច កម្លាំងយើងបានដកហូតវត្ថុតាង រួមមាន ៖ ទូរស័ព្ទចំនួន០៥គ្រឿង, ម៉ូតូជនសង្ស័យចំនួន០១គ្រឿង. កង់ជនសង្ស័យជិះធ្វើសកម្មភាពចំនួន០១គ្រឿង, កន្ត្រៃចំនួន០១ និងតួណឺវីសចំនួន០១។ បន្ទាប់មកកម្លាំងយើងបានធ្វើតេស្តស្វែងរកសារធាតុញៀ.នលើជនសង្ស័យខាងលើផងដែរ ជាលទ្ធផល គឺអវិជ្ជមាន ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានលោក តុប ផាណារិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានឱ្យកម្លាំងជំនាញបញ្ជូនខ្លួនទៅដាក់ពន្ធនាគារខេត្តសៀមរាបបណ្តោះអាសន្ន៕







ចែករំលែកព័តមាននេះ