ខេត្តព្រះសីហនុ ៖ អាចចាត់ទុកជារឿងថ្មីមួយសម្រាប់ស្រុកយើង ដែលមនុស្សទូទៅស្ទើរមួយប្រទេស ពុំដែលបានជួបប្រទះពេលបានជួបហើយស្ទើរស្រក់ទឹកភ្នែក ព្រោះតែសម្រែកទួញយំពីយុវជនម្នាក់ ដែលបានមើលថែម្តាយជិត១០ឆ្នាំ រហូតម្តាយលាចាកលោក ក៏ត្រូវបានបងស្រីបង្កើតនិងសាច់ញាតិមកដឹកយកទៅបញ្ចុះនៅកន្លែងផ្សេង ដែលខុសពីបណ្តាំម្តាយកាលនៅរស់ ។

លោកវរសេនីយ៍រស់ កី អធិការនគរបាលស្រុកស្ទឹងហាវនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ជុំវិញរឿងដណ្តើមស.ពម្តាយទៅបញ្ចុះទីកន្លែងផ្សេងគ្នានេះ ភាគីបងស្រីបង្កើតចំនួន0២នាក់ឈ្មោះ (ស៊ុន វន្នី និង ស៊ុន វណ្ណា)ដែលកំពុងមានជម្លោះជាមួយយុវជន ស៊ុន ជីវលី ដែលត្រូវជាប្អូនពៅ ខណៈដែលបងទាំង០២បញ្ជូនស.ពម្តាយចេញពីផ្ទះយកទៅបញ្ចុះនៅឯឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏ផ្ទុះរឿងបែកផ្សែងដោយការកើតទុក្ខមិនសុខចិត្ត និងរារាំងមិនឲ្យបងៗលើកស.ពដាក់លើរថយន្តដង្ហែស.ពចេញពីផ្ទះយកទៅបញ្ចុះតាមការគ្រោងទុករបស់បងៗនៅឯឃុំសំរ៉ុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោកអធិការបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា អាជ្ញាធរមានសមត្ថកិច្ចចុះទៅដល់ផ្ទះស.ព មិនមានការហាមឃាត់អំពីការដង្ហែស.ពនោះទេ គ្រាន់តែជាអ្នកសម្របសម្រួល និងការពារមិនឲ្យមានករណីហិង្សាកើតឡើងតែប៉ុណ្ណះ ជាចុងក្រោយ ភាគីកូនពៅនិងភាគីខាងបងៗស្រីក៏បានសម្របសម្រួលគ្នាដង្ហែស.ពម្តាយយកទៅបញ្ចុះតាមការគ្រោងទុកនៅឯឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ដោយឡែក យុវជន ស៊ុន ជីវលី បានអះអាងថា រូបគាត់ជាកូនពៅក្នុងគ្រួសារ បានស្រែកទ្រហោយំសោកបោកខ្លួន ដូចសត្វអកព្រាត់ទ្រនុំ លាយឡំនឹងសម្រែកថា សូមអ្នកម្តាយអភ័យឲ្យកូនផង ដែលកូនពិតជាអសមត្ថភាព ដែលមិនអាចធ្វើតាមបណ្តាំអ្នកម្តាយនិងបំពេញបំណងអ្នកម្តាយកាលគាត់នៅរស់រានមានជីវិតបានផ្តាំថា បើគាត់ស្លា.ប់ទៅឲ្យយកស.ពគាត់ទៅបូជានៅទីវត្តអារ៉ាម បែរជាបងៗយកសពគាត់ទៅបញ្ចុះខុសពីបណ្តាំអ្នកម្តាយ។

ម្យ៉ាងទៀត កូនមានតែម្នាក់ឯង ពុំមានប្រពន្ធកូន ពុំមានទ្រព្យសម្បត្តិដូចបងស្រីទាំង២នាក់ មានតែអ្នកដទៃទេដែលបានមកលើកទឹកចិត្ត តែពួកគាត់ពុំអាចជួយអ្វីដល់កូនឡើយ។ ផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មានប្អូនប្រុស ស៊ុន ជីវលី បានអំពាវនាវដល់សម្តេចពុក សម្តេចម៉ែ ជួយរកយុត្តិធម៌អោយរូបខ្ញុំនិងម្តាយរបស់ខ្ញុំផង ដើម្បីឱ្យវិញ្ញាណក្ខន្ធអ្នកម្តាយបានទៅកាន់សុខគតិភពផងចុះ។
ដោយសារមុននឹងគាត់ទទួលមរណៈភាព រូបគាត់បានឲ្យមេធាវី លោក ពូ ឈុន ជ្រា ជួយធ្វើលិខិតបណ្តាំទុកជាភស្តុតាង ដោយខ្លាចបងស្រីទាំង២ ដែលបានធ្វើឲ្យគាត់ឆ្អែតចិត្តមកធ្វើបាបរូបខ្ញុំ ដោយធ្វើជាបណ្តាំទទួលមរតកនិងការចាត់ចែងក្នុងពិធីបុណ្យ និងបណ្តាំជាសម្លេងផងដែរ ។
ប៉ុន្តែអ្វីៗគឺពុំមានន័យអ្វីទាំងអស់ គឺបងស្រីទាំង២នាក់បាននាំសាច់ញាតិមកចោមរោមសំឡុ.តគំ.រា.មកំហែងវាយដំមកលើរូបខ្ញុំឲ្យព្រមប្រគល់ស.ពម្តាយឲ្យពួកគាត់តាមសម្រួល នៅពេលរៀបបញ្ជូនស.ពម្តាយចេញ ខ្ញុំមិនព្រមពួគគាត់ក៏បានវា.យធ្វើបាបខ្ញុំ សូម្បីតែអាជ្ញាធរស្រុក និងប៉ូលិសសុខចិត្តឈរមើលទាំងភាពអយុត្តិធម៌ ។

បើទោះបីជាខ្ញុំបិទបណ្តាំម្តាយនៅមុខរោងបុណ្យយ៉ាងណាក្តី គឺពួកគាត់ឆ្លើយថា យកសម្លេងភាគច្រើន ឯរឿងបណ្តាំជារឿងក្នុងគ្រួសារ។ ត្រង់ចំណុចបងថ្លៃ ប្រើហិង្សាមកលើរូបខ្ញុំ ពួកគាត់មើលមិនឃើញទេ តើឯណាទៅយុត្តិធម៌សម្រាប់អ្នកទន់ខ្សោយ ដូចនេះ មានតែថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលអាចផ្តល់យុត្តិធម៌ដល់រូបខ្ញុំបាទផង ។
ជុំវិញបញ្ហាជម្លោះដណ្តើមស.ពម្តាយនេះ លោកយាយ លី ជៀន អាយុ៧៦ឆ្នាំ ដែលមានលំនៅឋានជាប់គ្នា បានរៀបរាប់ថា ក្នុងនាមគាត់ជាមនុស្សចាស់ក្នុងភូមិម្នាក់ សូមនិយាយតែពាក្យពិត ព្រោះក្នុងរឿងនេះវាមិនល្អភ្នែកមើល ទាល់តែសោះ ព្រោះតាមគាត់ដឹងឮនិងត្រចៀក ឃើញនឹងភ្នែករាល់ថ្ងៃគាត់ពិតជាអាណិត ជីវលីណាស់ ខ្លួនប្រុសមើលថែទាំម្តាយរាប់សិបឆ្នាំ ដោយពុំដែលត្អូញត្អែរអ្វីឡើយ បំរើសព្វគ្រប់ លាងអាចន៍ លាងឈាមពេញៗដៃពុំខ្ពើមអ្វីឡើយ ឯបងៗស្រីទាំង២នាក់យូរៗឃើញមុខម្តង ឯបងប្អូនសាច់ញាតិស្ទើរពុំដែលឃើញសោះឡើយ។

ហើយចំពោះបណ្តាំចុងក្រោយ គឺឈ្មោះ ហេង ម៉ាឡា ជាម្តាយ ដែលបានស្លា.ប់នេះ បានធ្លាប់ប្រាប់គាត់ថា នៅពេលគាត់ស្លា.ប់ គាត់អោយកូនពៅគាត់យកគាត់ទៅទុកនៅវត្ត និងឱ្យកូនពៅគាត់ជាអ្នកចាត់ចែង គាត់មិនចង់ទៅបញ្ចុះនៅវាលរេញទេ ។
អ្នកស្រីរតនា អាយុប្រមាណ៣០ឆ្នាំ បានអះអាងថា ជាបងធម៌របស់ប្អូនប្រុស ស៊ុន ជីវលី បានរៀបរាប់ថា ក្នុងនាមរូបគាត់ជាអ្នកដទៃសុទ្ធសាធសែនអាណិត ជីវលី ណាស់ គាត់ជាមនុស្សប្រុសបែរជាមានភារកិច្ចមើលថែទាំម្តាយទាំងខ្លួននៅវ័យក្មេង ពេញសប្បាយតែរូបគាត់បែរជាយកពេលវេលានោះមកថែទាំម្តាយយ៉ាងល្អបំផុត ធ្វើឲ្យអារម្មណ៍គាត់អាណិតស្រលាញ់យ៉ាងខ្លាំង ហើយបានទទួលគាត់ធ្វើជាប្អូនធម៌ ដើម្បីបានសាងនូវអំពើល្អជាមួយគាត់ ដើម្បីជួយសង្គ្រោះស្ត្រីដែលត្រូវកូនស្រី និង សាច់ញ្ញាត្តិមួយចំនួនបង់បោះចោល ជាពិសេសចាប់ទាំងពីឆ្នាំ២០១៧ ដែលបានដឹងថា ម្តាយរបស់ ជីវលី បានធ្វើបណ្តាំមរតកមកអោយជីវលី , សាច់ញ្ញាត្តិដែលបានមកព្រួតគ្នាសម្លុត ជីវលី នឹងលើកគ្នីគ្នាមកដណ្តើមយកស.ពម្តាយទៅបញ្ចុះខុសពីបណ្តាំលោកម្តាយធ្វើខ្លួន ហាក់ដូចជាស្រលាញ់ម្តាយណាស់អញ្ចឹង នេះខ្ញុំនិយាយតែពាក្យពិត ។

ហើយការជួយជ្រោមជ្រែងជីវលីនេះ គឺដោយសារមើលឃើញជីវ លី ជាក្មេងប្រុសគួរឲ្យអាណិតបំផុត ឥឡូវម្តាយក៏បាត់បង់ បងប្អូន ក៏គ្មាន សាច់ញាតិក៏មិនមានអ្នករាប់រក ដោយសារតែគាត់ពុំមានទ្រព្យសម្បត្តិដូចបងស្រីទាំងពីរ ។ប៉ុន្តែរូបគាត់សង្ឃឹមនឹងជឿជាក់ថា ជីវលី នឹងមានអនាគត់ល្អ ព្រោះគាត់ជាក្មេងដែលមានគុណធម៌ ក្នុងការតបស្នងសងគុណឪពុកម្តាយ លោកស្រីជឿជាក់ថា វិញ្ញាណក្ខន្ធម្តាយជីវលី នឹងតាមថែរក្សាជីវលីជារៀងរហូត។
មានតែព្រលឹងម្តាយជីវ លី ទេ ទើបដឹងថា អ្នកណាជាអ្នកមើលថែទាំគាត់រហូតដង្ហើមចុងក្រោយ ។ ភាពអកត្តញ្ញូ ,ភាពលោភលន់ ពិតណាស់ នឹងត្រូវវិនាសជាក់ជាពុំខាន ផ្ទុយទៅវិញភាពកត្តញ្ញូរបស់កូនៗគ្រប់រូបនឹងតបស្នងនូវសេចក្តីសុខ ទាំងផ្លូវកាយ និងផ្លូវចិត្ត ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ