ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​កម្ពុជា គឺជា​ទីជម្រក​សំខាន់​​សម្រាប់​ការ​រស់រាន​ នៃ​សត្វ​ក្រពើ​ភ្នំ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា គឺជា​ទីជម្រក​សំខាន់​ជាស​កល​មួយ​សម្រាប់​ការ​រស់រាន​នៃ​សត្វ​ក្រពើ​ភ្នំ (Siamese Crocodile) ឬ​ក្រពើ​ត្រី ដែល​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​សរុប​ប្រមាណ ៤០០​ក្បាល…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា គឺជា​ទីជម្រក​សំខាន់​ជាស​កល​មួយ​សម្រាប់​ការ​រស់រាន​នៃ​សត្វ​ក្រពើ​ភ្នំ (Siamese Crocodile) ឬ​ក្រពើ​ត្រី ដែល​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​សរុប​ប្រមាណ ៤០០​ក្បាល កំពុង​រស់នៅ​ក្នុង​ទីជម្រក​ធម្មជាតិ​នានា ក្នុង​ប្រទេស​កម្ពុជា ។ នៅ​លើ​ពិភពលោក ចំនួន​សត្វ​ក្រពើ​ភ្នំ ដែល​ស្ថិត​ក្នុង​វ័យ​អាច​បន្ត​ពូជ​បាន មាន​ប្រមាណ​មិន​លើស​ពី​១,០០០​ក្បាល ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានអោយ​ដឹង​ថា សត្វ​ក្រពើ​ភ្នំ ធ្លាប់​មាន​រស់នៅ​ពាសពេញ​តំបន់​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​ចាប់ពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ មក វត្តមាន​របស់​សត្វ​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​មួយ​នេះ ​ត្រូវ​បាត់បង់​គួរ​ឱ្យ​បារម្ភ​ពី​ដែន​ជម្រក​ធម្មជាតិ​របស់​ពួក​វា​។

សត្វ​ក្រពើ​ភ្នំ ធ្លាប់​មាន​វត្តមាន​ជា​ច្រើន​នៅ​តាម​ដង​ទន្លេ និង​ពាសពេញ​តំបន់​វាលភក់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​រួម​ទាំង ប្រទេស​កម្ពុជា​ផង​ដែរ​។ នៅ​កម្ពុជា វត្ត​មាម​ក្រពើ​ភ្នំ​មាននៅ​តំបន់​ជួរ​ភ្នំ​ក្រ​វ៉ា​ញ និង​ថ្មី​ៗ​នេះ​បាន​រក​ឃើញ​វត្ត​មានកូន​សត្វ​ក្រពើ​ភ្នំ​ចំនួន ៨ ក្បាល​ដែល​អាច​សន្និដ្ឋាន​ថា​យ៉ាង​ហោច​មាន​សត្វ​ក្រពើ​ភ្នំ​ពេញវ័យ​មួយគូ​ដែល​រស់នៅ​តាម​ដង​ទន្លេស្រែពក ខេត្តមណ្ឌលគិរី​។

នៅ​ដើម​ទស​វត្ស​ឆ្នាំ​១៩៩០ សត្វ​ក្រពើ​ភ្នំ​ត្រូវ​បាន​ព្រួយបារម្ភ​ថា​វា​នឹង “​ផុត​ពូជ​” នៅ​ក្នុង​ព្រៃ​ធម្មជាតិ​ដោយសារ​តែ​ការ​បំផ្លាញ​ទីជម្រក ការ​ប្រមាញ់ និង​មានការ​ប្រមូល​យក​ទៅ​ចិញ្ចឹម​ជា​លក្ខណៈ​កសិដ្ឋាន​។ នៅ​ពេល​បច្ចុប្បន្ន​វា​ជា​ប្រភេទ​សត្វ​ក្រពើ​ដែល​កម្រ​បំផុត​មួយ​នៅ​លើ​ពិភពលោក​។ ចំនួន​សត្វព្រៃ​ដែល​មាននៅ​កម្ពុជា ដែល​ស្ថិត​ក្នុង តំបន់​ការពារ​ចុង​ក្រោយ​នៃ​ប្រភេទ​សត្វ​ត្រូវ​បាន​ប៉ាន់​ស្មានថា​មាន​ចំនួន​តិច​ជាង ៤០០​ក្បាល​។

មានការ​រីក​ចម្រើន​ខ្លាំង​ក្នុង​ការពារ​តំបន់ដីសើម​សំខាន់​ៗ ការ​ការពារ​ទីជម្រក​របស់​សត្វ​ក្រពើ​ភ្នំ និង​ប្រភេទ​ដែល​កំពុង​រងគ្រោះថ្នាក់​ឈាន​ទៅ​រក​ការ​វិនាស​ផុត​ពូជ​នេះ​មានការ​កើនឡើង​វិញ​។ ទោះជា​យ៉ាងណា​ការ​គំរាមកំហែង​នៅ​តែ​បន្ត​មាន​រួម​ទាំង​ការ​ចាប់​សត្វព្រៃ​ដោយ​ចៃដន្យ ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ការ​ប្រមាញ់​ហួសប្រមាណ និង​ហានិភ័យ​ដោយ​ចំនួន​នៃ​ការ​បង្កាត់​ពូជ​មាន​តិច​។ ទាំង​អស់នេះ​ជា​មូលហេតុ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ FFI បន្ត​ធ្វើការ​ការពារ​លើ​របាយ​ចំនួន​នៃ​សត្វ​ក្រពើ​ភ្នំ​ដើម្បី​ជួយ​ឲ្យ​ចំនួន​ពួក​វា​មានការ​កើនឡើង​ពី​ចំនួន​តិចតួច​ឆ្ពោះទៅ​រក​ចំនួន​ដែល​មាន​ស្ថេ​រ​ភាព​មួយ​ក្នុង​ការ​រស់រាន​បាន​។

កាលពី​ខែឧសភា ឆ្នាំ​២០២២ សត្វ​ក្រពើ​ភ្នំ​ចំនួន ២៥ ក្បាល​ត្រូវ​បាន​លែង​ចូល​ជម្រក​ធម្មជាតិ​នៅ​តំបន់​អា​រ៉ែ​ង ធ្វើ​ឱ្យ​សត្វ​ក្រពើ​ភ្នំ​ដែល​ត្រូវ​បាន​លែង​ចូល​ក្នុង​ជម្រក​ធម្មជាតិ​នៅ​តំបន់​ជួរ​ភ្នំ​ក្រ​វ៉ា​ញ ចាប់តាំងពី​ឆ្នាំ ២០១២ មក​កើន​ដល់​ចំនួន ១៣៦ ក្បាល​។ ជាមួយ​គ្នា​នេះ​ក៏​មាន​កន្លែង​បង្កាត់​ពូជ​ក្រពើ​ភ្នំ​នៅ​ឧទ្យាន​ជាតិ​ភ្នំ​តា​ម៉ៅ ដែល​បច្ចុប្បន្ន​នេះ​មាន​សត្វ​ក្រពើ​ភ្នំ​តូច​ធំ​ចំនួន ១៧៩ ក្បាល ដែល​ក្នុង​នោះ​មាន​សត្វ​ក្រពើ​ភ្នំ​ពេញវ័យ​ចំនួន ៥០ ក្បាល ជំទង់​ចំនួន ៦៩​ក្បាល និង​កូន​ក្រពើ​ភ្នំ​ទើប​ញាស់​ចំនួន ៦០​ក្បាល​។ ក្រសួងបរិស្ថាន​ជឿជាក់​ថា ជាមួយ​គម្រោង​អភិរក្ស​សត្វ​ក្រពើ​ភ្នំ​នេះ នឹង​ធ្វើ​ឱ្យ​ចំនួន​សត្វ​ក្រពើ​ភ្នំ​ក្នុង​ជម្រក​ធម្មជាតិ​មានការ​កើនឡើង បន្ថែម​ពី​ការ​បង្កាត់​ពូជ​និង​កូន​ញាស់​ដើម្បី​លែង​ចូល​ក្នុង​ជម្រក​ធម្មជាតិ​បន្ថែម​។

គម្រោង​អភិរក្ស​សត្វ​ក្រពើ​កម្ពុជា​(CCCP) បាន​ធ្វើការ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាមួយ​សហគមន៍​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​អស់រយៈពេល​ជាង​១៥​ឆ្នាំ​មក​ហើយ​។ ក្រពើ​ភ្នំ​បាន​រស់នៅ​ជិត​ស្និទ្ធ​នៅ​ក្នុង​តំបន់​របស់​ជនជាតិ​ដើម​ភាគតិច​ដែល​ចាត់​ទុក​ថា ក្រពើ​ជា​សត្វ​ពិសិដ្ឋ​។ ជាមួយ​គ្នា​នេះ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​អភិរក្ស​សត្វ​ដ៏​កម្រ​នេះ​ឱ្យ​បាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅ​មុខ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ