ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ក្លាយជា​ទីផ្សារ​ដ៏​ទាក់ទាញ​បំផុត សម្រាប់​ក្រុមហ៊ុន​យក្ស​២របស់​សហរដ្ឋអាមេរិក

5 ខែ មុន

ថៃ ៖ ក្រុម​យក្ស​របស់​សហរដ្ឋអាមេរិក​ចំនួន​២​រួម​មាន ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Tesla និង​ក្រុមហ៊ុន​

ថៃ ៖ ក្រុម​យក្ស​របស់​សហរដ្ឋអាមេរិក​ចំនួន​២​រួម​មាន ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Tesla និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ពហុ​ជាតិ Apple បាន​និង​កំពុង​ជ្រើសរើស​ទីផ្សារ​ប្រទេស​ថៃ សម្រាប់​ការ​ប្រកួតប្រជែង​របស់​ខ្លួន​។

Picture

យោង​តាម​ប្រភព​ពី​សារព័ត៌មាន​បាងកក​ប៉ុ​ស្ត៍ កាលពី​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២២ បាន​រាយការណ៍​ថា ក្រុមហ៊ុន​រថយន្ត​ពហុ​ជាតិ​សាសន៍ និង​ថាមពល​ស្អាត​របស់​អា​មេ​រិ​ក Tesla របស់​មហាសេដ្ឋី​មាន​បំផុត​លំដាប់​ទី​១​លើ​ពិភពលោក Elon Musk បាន​ចាប់ផ្តើម​ការ​លក់​រថយន្ត​អគ្គិសនី (EV) នៅ​ប្រទេស​ថៃ ដោយ​ផ្តល់​មក​ជាមួយ​នូវ​រថយន្ត​ប្រភេទ Model 3 និង Model Y ដ៏​ពេញ​និយម​របស់​ខ្លួន នៅ​ក្នុង​តម្លៃ​ដែល​មាន​បំណង​ប្រកួតប្រជែង​ជាមួយ​គូប្រជែង​ដូច​ជា​ក្រុមហ៊ុន BYD របស់​ប្រទេស​ចិន​។

Picture

ក្រុមហ៊ុន Tesla បាន​រៀបចំ​ការ​តាំង​បង្ហាញ​ដ៏​ស្រស់​ស្អាត​នៃ​គម្រោង​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​០៧ ខែធ្នូ កន្លង​ទៅ នៅ​ផ្សារ​ទំនើប Siam Paragon ក្នុង​ទីក្រុង​បាងកក ហើយ​ការ​ទិញ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទៀត​សោត ក៏​បាន​ចាប់ផ្តើម​ផង​ដែរ ដោយ​មាន​ផែនការ​ដឹក​ជញ្ជូន​រថយន្ត​ទៅ​ឱ្យ​អ្នកទិញ នៅ​ត្រីមាស​ទី​១ នា​ឆ្នាំ​ក្រោយ​។

ទីផ្សារ​នៃ​អ្នក​ប្រើប្រាស់​ជាង ៦០០​លាន​នាក់ នៅ​អាស៊ី​អាគ្នេយ៍​គឺ​ផ្តោត​កាន់តែ​ខ្លាំង​ឡើង​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត ដែល​កំពុង​ស្វែងរក​ការ​ពង្រីក​ការ​លក់​របស់​ខ្លួន ជា​ពិសេស​លើ​រថយន្ត​អគ្គិសនី​តែ​ម្តង​។

Picture

ក្រុមហ៊ុន​កំពុង​លក់​រថយន្ត​ប្រភេទ Model 3 Long Range និង Performance Model របស់​ខ្លួន​។ ចំណែក​រថយន្ត​ប្រភេទ Model Y នឹង​ត្រូវ​បាន​លក់​ជា​៣​ជំនាន់ ដើម្បី​បំពេញតម្រូវការ​ជាក់លាក់​នៃ​របៀប​រស់នៅ​ក្នុង​ពិភព​រថយន្ត​អគ្គិសនី (EV) សម្រាប់​អ្នកបើកបរ​ជនជាតិ​ថៃ​គ្រប់​រូប ខណៈ​តម្លៃនឹង​មាន​ចាប់ពី ១.៧៦​លាន​បាត រហូត​ដល់ ២.៥​លាន​បាត ដែល​ស្មើនឹង​៥​ម៉ឺន​ដុល្លារ ដល់​ជាង ៧​ម៉ឺន​ដុល្លារ​។

Picture

នេះ​គឺជា​ដំណឹង​ដ៏​រីករាយ​បន្ថែម​ទៀត សម្រាប់​ប្រជាជន​ថៃ ខណៈ​ដែល​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ក្រុមហ៊ុន​បច្ចេកវិទ្យា​ពហុ​ជាតិ​របស់​អា​មេ​រិ​ក Apple គ្រោង​នឹង​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​របស់​ខ្លួន ចេញពី​ប្រទេស​ចិន ដែល​ជា​ប្រទេស​លេចធ្លោ​ជាងគេ​បំផុត នៅ​ក្នុង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន ហើយ​អ្នក​ផ្គត់ផ្គង់​កំពុង​ត្រូវ​បាន​ស្នើ​សុំ​ឱ្យ​រៀបចំ​ផែនការ​ផ្លាស់​ទីតាំង ទៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ី ជា​ពិសេស​ទៅ​កាន់​ប្រទេស​ឥណ្ឌា ថៃ និង​វៀតណាម ដើម្បី​កាត់​បន្ថយ​ការ​ពឹងផ្អែក​ដ៏​ច្រើន​លើសលុប​ពី​ក្រុមហ៊ុន Foxconn Technology Group របស់​ចិន និង​តៃវ៉ាន់​។

Picture

លោក Ming-Chi Kuo ដែល​ជា​អ្នកវិភាគ​នៅ​ក្រុមហ៊ុន TF International Securities ដែល​ជា​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​និយាយ​ថា ទីតាំង​ផលិត​សំខាន់​នៅ​ក្រៅប្រទេស​ចិន សម្រាប់ MacBooks នា​ពេល​អនាគត​របស់ Apple អាច​ជា​ប្រទេស​ថៃ ដែល​ជាទី​តាំង​ដ៏​មាន​សក្តា​នុពល ចំ​ពេល​ភាព​ចលាចល​នៅ​ក្នុង​ទីក្រុង iPhone ដែល​ជាទី​ក្រុង​ដ៏​ធំ​សម្រាប់​ការ​ផលិត​ទូរស័ព្ទ iPhone ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Zhengzhou ប្រទេស​ចិន បាន​រក​ឃើញ​កម្មករ​រហូត​ដល់ ៣០​ម៉ឺន​នាក់ បាន​ចូលរួម​ក្នុង​ការ​តវ៉ា​ដោយ​ហិង្សា កាលពី​ស​ប្តា​ហ៍​មុន​។

Picture

ក្រុមហ៊ុន Apple និង​ចិន បាន​ចំណាយពេល​រាប់​ទស​វត្ស ក្នុង​ការ​ចង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា ដែល​រហូត​មក​ដល់​ពេល​នេះ ភាគច្រើន​មាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​។ Apple នៅ​តែ​ដាក់​ចេញ​នូវ​ម៉ូ​ដែល iPhone ថ្មី​ជា​រៀង​រាល់​ឆ្នាំ រួម​ជាមួយនឹង​ការ​ធ្វើ​បច្ចុប្បន្នភាព​ជា​ប្រចាំ​នៃ iPads, Laptops និង​ផលិតផល​ផ្សេង​ទៀត​។

Picture

ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​នេះ កំពុង​ដំណើរការ ដែល​ត្រូវ​បាន​ជំរុញ​ដោយ​មូលហេតុ​ចម្បង ២ គឺ យុវជន​ចិន​លែង​មានចិត្ត​ចង់​ធ្វើការ ដើម្បី​បាន​ប្រាក់ខែ​តិចតួច​ទៀត​ហើយ ហើយ​រយៈពេល​៣​ឆ្នាំ បន្ទាប់​ពី​កូ​វី​ដ​-១៩ បាន​ចាប់ផ្តើម​ផ្ទុះ​ឡើង រដ្ឋាភិបាល​ចិន នៅ​តែ​ព្យាយាម​ទប់ស្កាត់​ជាមួយនឹង​វិធានការ​ដ៏​តឹង​រឹង​បំផុត​របស់​ខ្លួន ដែល​ក្នុង​នោះ​រួម​ទាំង ការ​ធ្វើតេស្ត​ជា​ប្រចាំ និង​ការ​ដាក់​ឱ្យ​នៅ​ដាច់​ពី​គេ​។​ល​។ ខណៈ​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក បាន​ត្រឡប់​ទៅ​រក​ការ​រស់​តាម​បទដ្ឋាន មុន​ការ​រាតត្បាត​កើតឡើង​៕ (​ដកស្រង់​ចេញពី បាងកក​ប៉ុ​ស្តិ៍, AFP និង The Thaiger)

Picture
Picture
Picture
Picture