ខេត្តបន្ទាយមានជ័យ ៖ ទំនិញរបស់ថៃ គេឃើញដឹកតាមរ៉ឺម៉ក និងរថយន្តតូចៗចេញពីច្រករបៀង និងខ្លះទៀតចេញពីឃ្លាំងស្តុកទំនិញតាមបន្ទាត់ព្រំដែន ស្ថិតក្នុងស្រុកអូរជ្រៅ ដើម្បីឆ្ពោះទៅកាន់ទីផ្សារក្រុងប៉ោយប៉ែត និងទីតាំងផ្សេងៗទៀតនៅក្នុងខេត្តបន្ទាយមានជ័យ។ ប៉ុន្តែនៅពេលសាកសួរពីការដឹកទំនិញទាំងនេះ ក្រុមសមត្ថកិច្ចជួរមុខបានអះអាងថា ជាទំនិញរបស់អ្នកស្រុកនាំចូលពីថៃតាមច្រកតំបន់បឹងត្រកួន ឬកន្លែងផ្សេងដោយស្របច្បាប់មកស្តុកចែកចាយបន្ត ខណៈច្រករបៀងខ្លះ ពុំមានកាបរកស្រាយពីសមត្ថកិច្ចឡើយ។
រ៉ឺម៉កដឹកទំនិញមួយចំនួន បានចេញតាមឃ្លាំងស្តុកទំនិញជិតមាត់ច្រករបៀងជោគជ័យហៅច្រកណងចាន់ ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
ហើយបើតាមប្រភពព័ត៌មានបានឱ្យដឹងថា រ៉ឺម៉កម៉ូតូសណ្តោង និងរ៉ឺម៉កម៉ូតូកង់បីជាច្រើនគ្រឿងបានទៅដឹកទំនិញតាមឃ្លាំងស្តុកទំនិញទាំងនេះ ចេញទៅចែកចាយនៅក្រុងប៉ោយប៉ែត ប៉ុន្តែភាគច្រើនធ្វើឡើងតែពេលយប់។ បើទោះជាទំនិញតាមឃ្លាំងទាំងនេះ ត្រូវយោធាជួរមុខអះអាងដូចខាងលើ ប៉ុន្តែបើតាមប្រភពពីអ្នកស្រុកថា នៅច្រករបៀងជោគជ័យ មានរ៉ឺម៉កម៉ូតូកង់បី៣ទៅ៤គ្រឿងបានឆ្លងកាត់បារ៉ាស់យោធា ទៅដឹកជញ្ជូនទំនិញចម្រុះពីឈ្មួញថៃនៅពេលយប់ និងខ្លះទៀតពេលថ្ងៃផងដែរ តែក្រុមយោធាធ្វើការបដិសេធ។
ដោយឡែកនៅមាត់ច្រករបៀងអូរបីជាន់ ក៏ឃើញមានរថយន្តថៃឆ្លងទៅមកដឹកទំនិញដូចគ្នា។រថយន្តធុនធំថៃចូលទឹកដីកម្ពុជា ទិញអង្កាមដឹកត្រឡប់ទៅវិញ ខណៈរ៉ឺម៉កម៉ូតូសណ្តោងរបស់ខ្មែរដឹកទំនិញចេញពីម្តុំក្បែរបារ៉ាស់យោធា ក្រោយពីឈ្មួញថៃដឹកមកឲ្យឈ្មួញខ្មែរ។
យ៉ាងណាក៏ដោយ យោធាជួរមុខប្រចាំមាត់ច្រករបៀងអូរបីជាន់ បាននិយាយថា រថយន្តថៃចូលដឹកអង្កាម ទើបកើតមានតែប៉ុណ្ណោះ។ ហើយរាល់ទំនិញដែលដឹកតាមរ៉ឺម៉កម៉ូតូកង់បី ឬម៉ូតូសណ្តោងចេញពីតាមមាត់ច្រករបៀងទាំងនេះ ភាគច្រើនគឺបិទ ឬគ្របដោយកៅស៊ូតង់ជិតៗ ដោយគ្មានអ្នកដឹងថា ជាទំនិញអ្វីឡើយ។
ករណីដឹកទំនិញចេញពីព្រំដែនក្នុងស្រុកអូរជ្រៅ ទៅចែកចាយតាមទីផ្សារនៅក្រុងប៉ោយប៉ែត ឬទីតាំងផ្សេងៗក្នុងខេត្តបន្ទាយមានជ័យ អ្នកស្រុកលើកជាចម្ងល់ថា បើជាទំនិញនាំចូលពីថៃដូចគ្នា ហេតុអ្វីគេមិននាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត? ព្រោះវាមានរយៈចម្ងាយជិត ហើយងា.យស្រួល ជាងពិសេសមិនលើកដាក់ ឬដឹកទំនិញបន្ត និងបណ្ដាក់ដូចខ្យង ឬមួយទំនិញទាំងនោះលួចចេញតាមច្រករបៀងមិនបានបំពេញកត្តាកិច្ចពន្ធជូនរដ្ឋ ឬយ៉ាងណា?៕
ចែករំលែកព័តមាននេះ