ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tesla ចាប់ផ្តើម​លក់​រថយន្ត​អគ្គិសនី២​ម៉ូ​ដែល​នៅ​ថៃ

1 ឆ្នាំ មុន

អាមេរិក ៖ ក្រុមហ៊ុន Tesla បាន​ដាក់​លក់​រថយន្ត​អគ្គិសនី​ចំនួន ២​ម៉ូ​ដែល​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​

អាមេរិក ៖ ក្រុមហ៊ុន Tesla បាន​ដាក់​លក់​រថយន្ត​អគ្គិសនី​ចំនួន ២​ម៉ូ​ដែល​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ថ្ងៃ​ពុធ ទី ៧ ខែធ្នូ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Nikkei Asia​។

ការ​កក់​តាម​អន​ឡាញ​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​ ទី៧ ធ្នូ​នេះ​សម្រាប់​ម៉ូ​ដែល Model 3 និង Model Y ដែល​ក្រុមហ៊ុន Telsa នឹង​ធ្វើការ​ចែកចាយ​នៅ​ត្រីមាស​ទី ១ ឆ្នាំ ២០២៣​ខាង​មុខ​នេះ​។

រថយន្ត​ម៉ូ​ដែល Model 3 និង Model Y នឹង​មាន​តម្លៃ​ចន្លោះ ១,៧​លាន ទៅ ២,៥​លាន​បាត (៤៨.៤៤៧​ដុល្លារ​ទៅ ៧១.២០៥​ដុល្លារ​)​។

Tesla បាន​បើក​ដំណើរការ​កន្លែង​លក់​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ផ្សារ​ទំនើប Siam Paragon ដោយ​មាន​ផែនការ​បង្កើត​កន្លែង​ប​ញ្ជូ​ល​អគ្គិសនី​យ៉ាងតិច ១០​កន្លែង​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ឆ្នាំ​ក្រោយ​។ បន្ទប់​តាំង​បង្ហាញ​ដំបូង​របស់ Tesla បើក​ដំណើរការ​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ឆ្នាំ​មុន​។

ក្រុមហ៊ុន​របស់​មហាសេដ្ឋី​លេខ​មួយ​ពិភពលោក Elon Musk នេះ​នឹង​ផ្គត់​ផ្គង​រថយន្ត​របស់​ខ្លួន​ដល់​អតិថិជន​ថៃ​ពី​រោងចក្រ​នៅ​ក្នុង​ទីក្រុង Shanghai ដែល​ដំណើរការ​ពេញ​សមត្ថភាព បន្ទាប់​ពី​ប្រឈម​នឹង​ការ​ដាច់​ចរន្តអគ្គិសនី​នៅ​រដូវក្តៅ​។ Tesla បាន​ចាប់ផ្តើម​ជួល​បុគ្គលិក​ក្នុងស្រុក​នៅ​ខែកញ្ញា ចំ​ពេល​មាន​របាយការណ៍​ថា លោក Elon Musk កំពុង​ស្វែងរក​មូលដ្ឋាន​ផលិត​ថ្មី​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

ហេដ្ឋារចនាសម្ព័ន្ធ​ផលិត​រថយន្ត​មាន​ស្រាប់​របស់​ថៃ​មាន​ភាព​ទាក់ទាញ​សម្រាប់​ដៃគូ​ប្រកួតប្រជែង​របស់ Telsa​។ ក្រុមហ៊ុន Mercedes-Benz បាន​ចាប់ផ្តើម​ការ​ផលិត​រថយន្ត​អគ្គិសនី EQS នៅ​ក្នុង​ប្រទេស​ថៃ​ឆ្នាំ​នេះ ខណៈ​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន Great Wall Motor និង BYD គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ក្នុងស្រុក​ក្នុង​រយៈពេល ៣​ឆ្នាំ​ទៀត​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន Tesla គ្មាន​គម្រោង​ផលិត​រថយន្ត​ដោយ​ផ្ទាល់​ក្នុង​ប្រទេស​ថៃ​នោះ​ឡើយ​។ នេះ​បើ​យោង​តាម​អ្នកតំណាង​ថ្លែងប្រាប់​កាសែត Nikkei Asia​។

ឆ្នាំ​នេះ រដ្ឋាភិបាល​ថៃ​បាន​កាត់​ពន្ធ​នាំ​ចូល​ពី ៨​ភាគរយ​មក​ត្រឹម ២​ភាគរយ​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​បរទេស​ណា​ដែល​សន្យា​ថា​ចាប់ផ្តើម​ផលិតកម្ម​របស់​ខ្លួន​នៅ​ថៃ​ក្នុង​រយៈពេល​ជាក់លាក់​ណាមួយ​។ ប៉ុន្តែ Tesla នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ពន្ធ​នាំ​ចូល ០​ភាគរយ​ពី​ការ​នាំ​ចូល​រថយន្ត​អគ្គិសនី​ពី​ចិន ដូចដែល​បាន​កំណត់​ក្នុង​កិច្ចព្រមព្រៀងទ្វេភាគី​រវាង​ទីក្រុង​បាងកក និង​ប៉េ​កាំ​ង​៕ (​យោង​តាម​ប្រភព​៖ Nikkei Asia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ