ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខណ្ឌ​៧​មក​រា សុំ​ឱ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ក្មេង​ទំនើង ចោរ​គាស់​ផ្ទះ និង​ព​ន្លឿ​ន​ការ​ផ្តល់​កម្ម​សិទ្ធិ​ផ្ទះ

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នៅ​បរិវេណ​ពហុ​កី​ទ្ប​ដ្ឋា​ន​ជាតិ​អូ​ទ្បាំ​ពិ​ក ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២២​នេះ ប្រជាពលរដ្ឋ​បាន​ស្នើ និង​សំណូមពរ​អោយ​អាជ្ញាធរ ជួយ

រាជធានី​ភ្នំពេញ ៖ ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នៅ​បរិវេណ​ពហុ​កី​ទ្ប​ដ្ឋា​ន​ជាតិ​អូ​ទ្បាំ​ពិ​ក ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២២​នេះ ប្រជាពលរដ្ឋ​បាន​ស្នើ និង​សំណូមពរ​អោយ​អាជ្ញាធរ ជួយ​ជួសជុល​កាំជណ្ដើរ​ឡើង​រួម ការ​សុំ​ជួយ​ទប់ស្កាត់​ក្មេង​ទំនើង ទប់ស្កាត់​ចោរ​គាស់​ផ្ទះ និង​ការ​ស្នើ​សុំ​ជួយ​ព​ន្លឿ​ន​ការ​ផ្តល់​កម្មសិទ្ធិ​ផ្ទះសម្បែង​ជាដើម​។

វេទិកា​នេះ ធ្វើ​ឡើង​ក្រោម​វត្តមាន​លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោកស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី តំណាង​អោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។ វេទិកា​នេះ ប្រជាពលរដ្ឋ​បាន​លើក​ឡើងជា​សំណួរ និង​សំណើរ​ដោយ​ផ្ទាល់មាត់​ចំនួន​៤​នាក់ និង​សំណើរ​ជា​លាយលក្ខណ៍អក្សរ​ចំនួន​៧​បញ្ហា​។

ហើយ​ចំពោះ​សំណួរ និង​សំណើរ​ផ្ទាល់មាត់​រួម​មាន ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​៥ សង្កាត់​អូរ​ឬ​ស្សី​ទី​៤ បាន​ស្នើ និង​សំណូមពរ​អោយ​អាជ្ញាធរ ជួយ​ជួល​ជុល​កាំជណ្តើរ​ឡើង​រួម ដោយ​ជណ្តើរ នោះ ពុក​ផុយ​ងាយ​នឹង​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​រាប់​សិប​គ្រួសារ ។ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​១២ សង្កាត់​វាល​រង់ ស្នើ​សុំ​ជួយ​ទប់ស្កាត់​ក្មេង​ទំនើង ទប់ស្កាត់​ចោរ​គាស់​ផ្ទះ និង​ការ​ស្នើ​សុំ​ជួយ​ព​ន្លឿ​ន​ការ​ផ្តល់​កម្មសិទ្ធិ​ផ្ទះសម្បែង​អោយ​បាន​លឿន ខណៈ​ពេល​ដែល​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ខ្លាំង​លើ​បញ្ហា​នេះ​ដែរ​នោះ​។

ចំពោះ​ការ​លើក​ឡើងជា​សំណើរ​ផ្ទាល់មាត់​ទាំង​៤​នាក់​ខាងលើ​នេះ ត្រូវ​បាន​លោក ថេ​ង សុ​ថុ​ល អភិ​បាល​ខណ្ឌ​មក​រា បញ្ជាក់​ថា ៖ ចំពោះ​ការ​ស្នើ​សុំ​ជួល​ជុល​កាំជណ្តើរ​ឡើង​រួម នៅ​ភូមិ​៥ សង្កាត់​អូ​ឬ​ស្សី​ទី​៤ លោក​បានអោយ​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ហើយ នៅ​ពេល​ដែល​លោក​បាន​ផ្លាស់​មក​ធ្វើ​ជា​អភិបាល​ខណ្ឌ​៧​មក​រា រយៈពេល​៤​ខែ​នេះ ។

លោក​បន្ត​ថា ការ​ជួសជុល​កាំជណ្តើរ​ឡើង​រួម​នេះ មិនមែន​ចេះ​តែ​ធ្វើ​នោះ​ទេ ពោល​គឺ​ទាមទារ​ការ​សិក្សា​ពី​លក្ខណៈ​បច្ចេកទេស​ជា​មុន​សិន ទើប​អាច​ជួសជុល​បាន​ចៀស វាង​គ្រោះថ្នាក់ ។ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ក្តី ការងារ​នេះ​អាជ្ញាធរ​យើង​បាន​យកចិត្តទុកដាក់​ហើយ​។ ចំពោះ​ការ​ស្នើ​សុំ​ជួយ​ទប់ស្កាត់​ក្មេង​ទំនើង ទប់ស្កាត់​ចោរ​គាស់​ផ្ទះ ក្នុង​នាម​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ យើង​បាន​និង​កំពុង​ប្រឹងប្រែង ដើម្បី​ភាព​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ​។ ដោយឡែក​ចំពោះ​ការ​ស្នើ​សុំ​ជួយ​ព​ន្លឿ​ន​ការ​ផ្តល់​កម្មសិទ្ធិ​ផ្ទះសម្បែង​អោយ​បាន​លឿន​នោះ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការងារ​នេះ លោក ឃួ​ង ស្រេង អភិ​បាល​​រាជធានី​ភ្នំពេញ លោក​បាន​យកចិត្តទុកដាក់​ណាស់ ដោយ​បាន​បញ្ជា​អោយ​លោក ឃ្លាំង ហួត អភិ​បាលរង​រាជធានី ចុះ​មក​អនុវត្ត​ការងារ​នេះ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ដោយសារ​ការងារ​ច្រើន​ពេក ពាក់ព័ន្ធ​កិច្ចប្រជុំ​អាស៊ាន ទើប​ការងារ​នេះ​ត្រូវ​បាន​លើក​ពេល​ជា​បន្តបន្ទាប់​។ តែ​ទោះជា​យ៉ាងណា​ក្តី ការ​ងារ​នេះ​យើង​នឹង​ព​ន្លឿ​ន​អោយ​បាន​លឿន​ទៅ​តាម​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​។

ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​ម៉ប់ សា​រិ​ន បាន​មាន​ប្រសាសន៍​ថា វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​១​ឆ្នាំ​ម្តង ដើម្បី​ដោះស្រាយ​រាល់​កង្វល់ សំណូមពរ និង​សំណើរ​របស់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​ក្នុង​រយៈពេល​២​ឆ្នាំ​ជាប់​ៗ​គ្នា​នេះ ត្រូវ​បាន​ខកខាន​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ យើង​មិន​បាន​ជួបជុំ​គ្នា​បែប​នេះ​ទេ​។

វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នេះ គឺ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​នឹង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុង​នោះ​រួម​មាន ៖ បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន ដើម្បី​ឱ្យ​អាជ្ញាធរ​បានដឹង​លឺ និង​រក​យន្តការ​ដោះស្រាយ​ជូន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ