ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថ្មី ៖ និស្សិត​ត្រូវ​មាន​គោល​ដៅ​ជីវិត​ច្បាស់លាស់ និង​តស៊ូ​ប្រឹងប្រែង​ដើម្បី​ភាព​​ជោគជ័យ​ក្នុង​ជីវិត

1 ឆ្នាំ មុន
  • ភ្នំពេញ

រដ្ឋមន្ត្រីក្រសួង​រុក្ខា​ប្រមាញ់ និង​នេសាទ​ថ្មី ដែល​ទើបនឹង​ចូល​កាន់​តំណែង​បាន​ប៉ុន្មាន​ខែ បាន​ផ្តល់​គំនិត​ដល់​និស្សិត​ថា និស្សិត​ត្រូវ​មាន​គោលដៅ​ជីវិត​ច្បាស់លាស់ និង​តស៊ូ​ប្រឹងប្រែង ដើម្បី​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​រុក្ខា​ប្រមាញ់ និង​នេសាទ​ថ្មី ដែល​ទើបនឹង​ចូល​កាន់​តំណែង​បាន​ប៉ុន្មាន​ខែ បាន​ផ្តល់​គំនិត​ដល់​និស្សិត​ថា និស្សិត​ត្រូវ​មាន​គោលដៅ​ជីវិត​ច្បាស់លាស់ និង​តស៊ូ​ប្រឹងប្រែង ដើម្បី​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត​។

យោង​តាម​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ឱកាស​ជួប​ជាមួយ​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាល​ពេល​ថ្មី​ៗ​កន្លង​មកនេះ បាន​លើក​ឡើង​ថា ខ្ញុំ​បាន​ជួប​សំណេះសំណាល​ជាមួយ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និង​ក្មួយ​ៗ​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​។ ខ្ញុំ​មាន​មតិ​ផ្តាំផ្ញើ ៣​ចំណុច សម្រាប់​ជួយ​គិត​ទាំងអស់​គ្នា​ថា សាកល​វិទ្យាល័យ គឺជា​កន្លែង​ផ្តល់​កិត្តិយស កិត្តិ​ស័ព្ទ មោទកភាព និង​ទំនុកចិត្ត ដល់​សាស្ត្រាចារ្យ និង​និស្សិត​។ កេរ្តិ៍ឈ្មោះ​ល្អ កើត​ចេញពី ការ​ខិតខំ​ចូលរួម​កសាង​ទាំងអស់​គ្នា​ឥត​ឈប់​ឈរ​។ សាកលវិទ្យាល័យ​យើង​មាន​ប្រវត្តិ​យូរ​មក​ហើយ​ក៏​មាន​កិត្តិនាម​ល្អ​បាន​បណ្ដុះបណ្ដាល​ថ្នាក់​ដឹង​នាំ​វិស័យ​កសិកម្ម​ជា​ច្រើន ដូច្នេះ​យើង​ត្រូវ​បន្ត​កសាង​និង​ថែរក្សា​កេរ្តិ៍ឈ្មោះ​នេះ​។

ឯកឧត្តម​ថា សាស្ត្រាចារ្យ គឺជា​អ្នក​ផ្តល់​ចំណេះដឹង និង​បណ្តុះបណ្តាល​ធនធានមនុស្ស​។ កាលណា​ធនធានមនុស្ស​យើង​ខ្លាំង នោះ​យើង​អាច​បង្កើត​ស្នាដៃ និង​អភិវឌ្ឍ​ប្រទេស​បាន​គ្រប់​វិស័យ រួម​ទាំង​កសិកម្ម​ផង​ដែរ​។ លោកគ្រូ អ្នកគ្រូ គឺជា​អ្នក​ចាក់សោរ​បើកទ្វារ​ឱ្យ​សិស្ស​គ្រប់​រូប​បាន​ចូលចាប់​យកចំណេះ​ដឹង ហើយ​នៅ​ពេល​បានឃើញ​សិស្ស​ជោគជ័យ កំលាំងចិត្ត​ពី​មោទកភាព​របស់​លោកគ្រូ អ្នកគ្រូ​គឺជា​រង្វាន់​ដ៏​ធំ​បំផុត​។

ឯកឧត្តម​បាន​បញ្ជាក់​ថា ៖ «​និស្សិត​ត្រូវ​មាន​គោលដៅ​ជីវិត​ច្បាស់លាស់ និង​តស៊ូ​ប្រឹងប្រែង ដើម្បី​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត​។ គ្មាន​អ្នក​ណា​អាច​ទទួលខុសត្រូវ​លើ​អនាគត​របស់​យើង​ជាង​យើង​ខ្លួនឯង​នោះ​ទេ​។ យើង​ត្រូវ​មាន​ផែនការ​ជាក់លាក់ ត្រូវធ្វើ​ការងារ​តូចតាច​ឱ្យ​បាន​សម្រេច​និង​ឱ្យ​កាន់តែ​បាន​ល្អ​។ បើ​យើង​ជា​ធនធានមនុស្ស​ល្អ មិន​ខ្វះ​ទេ​អ្នក​ត្រូវការ​យើង​»​។

សូម​ជម្រាប​ថា ឯកឧត្តម ឌិ​ត ទីណា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បន្ទាប់​ពី​ចូល​កាន់​ដំណែង​បាន​ប៉ុន្មាន​លោក​បាន​ធ្វើ​កម្ម​ភាព​យ៉ាង​សកម្ម​ដោយ​បាន​ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​នានា ដើម្បី​សួរ​សុខ​ទុក​នឹង​ចង់​ដឹង​ពី​ផលវិបាក​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​ពួក​គាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ