រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ ជាពិសេសគឺម្ចាស់ដើមការតែម្តង ក្រោយពីរោងការ ដែលបានសង់រួចត្រូវខ្យល់កន្ត្រាក់កួចរលំអស់ទាំងស្រុង កើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២៥ ឧសភា នេះ ស្ថិតតាមបណ្តោយផ្លូវទៅព្រៃ.ស ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ប្រភពឱ្យដឹងថា នៅមុនពេលកើតហេតុ ផ្ទៃមេឃមានពពកខ្មៅខ្មួលខ្មាញ់ ដែលរៀបកលនឹងធ្លាក់ភ្លៀង ។ លុះមួយសន្ទុះក្រោយ ស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំង រហូតកួចដំបូលរោងការប៉ើងទៅទាក់នឹងបង្គោលភ្លើងខូចខាតអស់តែម្តង ។ សំណាងល្អហើយ ដែលមិនមានមនុស្សទទួលរងគ្រោះថ្នាក់ ។
ក្រោយកើតហេតុ គេឃើញម្ចាស់ដើមការ បានហៅអ្នកសង់រោងឱ្យរៀបចំសារដើមឡើងវិញ ។ គួរកត់សម្គាល់ថា នេះជាករណីទី១ហើយ ដែលខ្យល់បក់បោករោងការបែបនេះនៅក្នុងរាជធានីភ្នំពេញ ។
ចែករំលែកព័តមាននេះ