ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តកំពតក្រើនរំលឹក​ពលរដ្ឋ​កុំ​បង្ក​ឱ្យ​​មាន​វិវាទ​ឬ​ទំនាស់​​គ្នា

2 ឆ្នាំ មុន
  • កំពត

ខេត្ត​​កំពត ៖ លោក​បណ្ឌិត ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​ណែនាំ និង​រំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​មានការ​យោគយល់​គ្នា សន្តោស​ប្រណី​គ្នា…

ខេត្ត​​កំពត ៖ លោក​បណ្ឌិត ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​ណែនាំ និង​រំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​មានការ​យោគយល់​គ្នា សន្តោស​ប្រណី​គ្នា មាន​ភាព​សច្ចៈ យុត្តិធម៌ គុណធម៌​ក្នុង​ខ្លួន កុំ​បង្ក​ឱ្យ​មាន​វិវាទ​ឬ​ទំនាស់ ព្រោះ​ការ​មាន​វិវាទ​ឬ​ទំនាស់​នោះ គឺ​បាន​ធ្វើ​ឱ្យ​យើង​ខាតបង់​ទាំង​សងខាង​។ លោក​ថា ប្រសិនបើ​យើង​យក​ដី​គេ ត្រូវ​ឱ្យ​គេ​វិញ ជំពាក់​លុយ​គេ សង​គេ​វិញ យក​ដី​រដ្ឋ ប្រគល់​ជូន​រដ្ឋ​វិញ កុំ​ដើម្បី​អាហារ​បី​ពេល ធ្វើ​ឱ្យ​ខ្លួន​ក្លាយទៅជា​ជន​ដែល​មានឈ្មោះ​មិនល្អ​ក្នុង​សង្គម ​។

ការ​ណែនាំ និង​ក្រើនរំលឹក​បែប​នេះ ខណៈ​លោក ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​បណ្ឌិត ម៉ៅ ធនិន អភិបាល​ខេត្តកំពត ចុះ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ នៅ​ស្រុក​ជុំ​គិរី នា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២​។ ដោយ​ចូលរួម​ពី​សំណាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ពាក់ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ ជា​ច្រើន​នាក់​ផង​ដែរ​។

លោក​អភិបាលខេត្ត ម៉ៅ ធនិន បាន​លើក​បញ្ជាក់​ទៀត​ថា រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ដាក់​ចេញ​នួ​វ​យន្តការ​ជា​ច្រើន​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ហើយ​យន្តការ​នៃ​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ក៏​ជា​យន្តការ​មួយ​ដ៏​សំខាន់​ផង​ដែរ​។

ការ​ដោះស្រាយ​វិវាទ ឬ​ទំនាស់​ក្នុង​ប្រព័ន្ធ​តុលាការ ប្រជាពលរដ្ឋ​ដែល​ជា​គូរ​ទំនាស់ គឺ​ត្រូវ​មានការ​ចំណាយ​ថវិកា ក៏​ដូច​ជា​ពេលវេលា​ច្រើន សម្រាប់​ដោះស្រាយ ដែល​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ខាតបង់​ទាំង​សងខាង​ ។

ជា​គោលដៅ ក៏​ដូច​ជា​គោលការណ៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ន័យ​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ គឺ​សម្តេច​តេ​ជោ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ត្រូវ​មានការ​ជួយ​សម្រួល ក៏​ដូច​ជា​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ជូន​ដល់​ប្រជាពលរដ្ឋ ហើយ​សម្រាប់​ខេត្តកំពត ក៏​បាន​យន្ត​ការ​​នេះ​មក​ជួយ​ដោះស្រាយ​វិវាទ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ហើយ​មក​ទល់​ពេល​នេះ​ការ​ដោះ​ស្រាយ បាន​ប្រមាណ​ជិត ២​ពាន់​ករណី​មក​ហើយ ដោយ​ទទួល​បានការ​គាំទ្រ និង​ពេញចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​ជា​គូទំនាស់​ទាំង​សងខាង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ