ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ បើក​វគ្គ​បណ្តុះបណ្តាល កសាង​សមត្ថភាពដល់​សមាជិក​គណៈកម្មការ​ខេត្ត នៅ​តំបន់​ភាគ​ឦសាន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​ដើម្បី​បង្កើន​សមត្ថភាព ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តមណ្ឌលគិរី និង​​ខេត្តរតនគិរី នៅ​ថ្ងៃ​ទី២២ ដល់ទី​២៥ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ​៖ ​ដើម្បី​បង្កើន​សមត្ថភាព ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តមណ្ឌលគិរី និង​​ខេត្តរតនគិរី នៅ​ថ្ងៃ​ទី២២ ដល់ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ចុះ​បើក​វគ្គ​បណ្តុះបណ្តាល កសាង​សមត្ថភាព ដល់​សមាជិក​គណៈកម្មការ​ខេត្ត​ នៅ​តំបន់​ភាគ​ឦសាន ​នៃ​ប្រទេស​កម្ពុជា ដើម្បី​អនុវត្ត​គោលនយោបាយ​ជាតិ​ ស្តី​ពីមុខ​របរ ​និង​ការងារ​ឆ្នាំ​២០១៥-២០២៥ ដោយ​មានការ​អញ្ជើញ​ចូលរួម ពី​ខាង​តំណាង​មន្ទីរ អង្គភាព​ជំនាញ នៃ​ខេត្តមណ្ឌលគិរី និង​រតនគិរី ​។

លោក ​ហ៊ូ វុ​ឌ្ឍី រដ្ឋលេខាធិការ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​រដ្ឋមន្ត្រី អ៊ិត សំ​ហេង លើក​ឡើង​ថា រហូត​មក​ដល់​បច្ចុប្បន្ន មាន​សកម្មភាព​មួយ​ចំនួន​ នៃ​គោលនយោបាយ​នេះ កំពុង​តែ​ត្រូវ​បាន​អនុវត្ត​យ៉ាង​សកម្ម​ ដោយ​ក្រសួង ស្ថាប័ន និង​អង្គភាព​នានា ព្រោះថា សកម្មភាព​ទាំងឡាយ​នោះ ក៏​ត្រូវ​បាន​កំណត់​ផង​ដែរ នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​នីមួយ​ៗ នៃ​ទិស​ដៅ​ការងារ និង​បេសកកម្ម​របស់​សាមី​អង្គភាព​រួច​ហើយ​ ​។

ដូច្នេះ សកម្មភាព​នៅ​ក្នុង​គោលនយោបាយ​មួយ​នេះ ក៏​ដូច​ជា​គោលនយោបាយ​ផ្សេង​ទៀត​ផង​ដែរ វា​ពិតជា​មិន​អាច​ដាច់​ចេញពី​សកម្មភាព​នានា ដែល​មាននៅ​ក្នុង​ផែនការ​សកម្មភាព នៃ​សាមី​អង្គភាព​នោះ​ឡើយ​ ។

ចំណុច​នេះ​បញ្ជាក់​ថា មន្ទីរ និង​អង្គភាព​ជំនាញ​នីមួយ​ៗ នៅ​ថ្នាក់​រាជធានី​-​ខេត្ត មាន​កាតព្វកិច្ច​ចូលរួម​អនុវត្ត​គោលនយោបាយ​នេះ ដើម្បី​ជួយ​ជំរុញ ឱ្យ​រដ្ឋបាល​នៅ​ថ្នាក់​ក្រោម​ជាតិ និង​ស្ថាប័ន​នានា​នៅ​ថ្នាក់​ជាតិ ឱ្យ​ឈាន​ទៅ​សម្រេច​ផែនការ​សកម្មភាព​រួម​ប្រចាំឆ្នាំ​នីមួយ​ៗ ចូលរួម​ក្នុង​ការ​បង្កើន​ឱកាស​ការងារ​សមរម្យ ផលិតភាព​ការងារ​ខ្ពស់ លើកកម្ពស់​ការ​អភិវឌ្ឍ​ជំនាញ​និង​ធនធានមនុស្ស និង ពង្រឹង​អភិបាលកិច្ច​ទីផ្សារ​ការងារ នៅ​ទូ​ទាំង​ប្រទេស​។

ជាមួយ​គ្នា​នោះ​ដែរ​លោក​រដ្ឋលេខាធិការ សង្ឃឹមថា បន្ទាប់​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​ហើយ ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ និង​ការងារ​២០១៥-២០២៥ នៅ​ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី នឹង​កាន់តែ​មាន​ប្រសិទ្ធភាព​មួយ​កម្រិត​ទៀត ជួយ​លើក​ស្ទួយ​ការ​គ្រប់គ្រង​វិស័យ​ការងារ និង​មុខរបរ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​បាន​ស្រប​ទៅ​តាម​ការ​ប្រែប្រួល និង​ការ​ផ្លាស់​ប្តូរ​នានា​នៅ​ក្នុង​រចនា​សម្ព័​ន​គ្រប់​វិស័យ​ នៃ​សង្គម​ជាតិ ដែល​ត្រូវ​តែ​វិ​វត្ត​ខ្លួន​ឱ្យ​ត្រូវ​ទៅ​តាម​ជំហាន​នីមួយ​ៗ នៃ​ការ​រីក​លូតលាស់​ខាង​ផ្នែក​បច្ចេកវិទ្យា និង​ខាង​ការ​ប្រែប្រួល​ខាង​ចិត្តសាស្ត្រ​សង្គម ក៏​ដូច​ជា​ការ​ប្រែប្រួល​ផ្សេង​ៗ​ទៀត​ទាក់ទង​ទៅ​នឹង​សុខភាព ហើយ​ជា​ពិសេស​គឺ​រាល់​លក្ខខណ្ឌ​ដ៏​ចាំបាច់​នានា​ នៃ​ការ​ផ្ទេរ​ដំណាក់កាល ពី​ឧស្សាហកម្ម​អតិពលកម្ម​ទៅ​ជា​ឧស្សាហកម្ម​ពលកម្ម​ដែល​ពឹងផ្អែក​លើ​ជំនាញ​នៅ​ពេល​ខាង​មុខ ដែល​ទាមទារ​ការ​លើកកម្ពស់​ផលិតភាព​ការងារ ក្នុង​ការ​ប្រែក្លាយ​ពី​ឧស្សាហកម្ម​មាន​តម្លៃបន្ថែម​ទាប ទៅ​ជា​ឧស្សាហកម្ម​មាន​តម្លៃបន្ថែម​ខ្ពស់ ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​មាន​កំណើន ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន សម្រាប់​ធានា​ភាព​ខាង​ជីវភាព​រស់នៅ និង​ភាព​សុខដុម​នៅ​ក្នុង​សង្គម ឱ្យ​បាន​សម្រប​តាម​ការ​ផ្លាស់​ប្តូរ​ថ្មី​ៗ នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។

សូម​ជម្រាប​ថា​ក្នុង​កិច្ច​បណ្តុះបណ្តាល​តំណាង​អភិបាលខេត្ត​ទាំង​ពីរ គូសបញ្ជាក់​ថា វគ្គ​បណ្តុះ​បណ្តាល​នេះ ពិតជា​មាន​សារៈសំខាន់ និង​ផ្តល់​ការ​យល់​ដឹង​បន្ថែម​ទៀត​សម្រាប់​គណៈកម្មការ​ខេត្ត ដើម្បី​ឈាន​ទៅ​ដល់​ការ​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​នៅ​ថ្នាក់​ខេត្ត និង​ការ​រៀបចំ​របាយការណ៍​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គោលនយោបាយ ឲ្យ​ទទួល​បាន​ជោគជ័យ​។

សូម​បញ្ជាក់​ថា គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ និង​ការងារ​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ត្រូវ​បាន​បង្កើត​ឡើង​ស្រប​តាម​បរិបទ​និង​ស្ថានភាព​ជាក់លាក់​នៃ​កម្ពុជា ដោយ​បាន​ពិនិត្យ និង អនុលោម​ទៅ​តាម​បទ​ប្បញ្ញត្តិ​នៃ​អនុសញ្ញា​នៃ​អង្គការ អន្តរជាតិ​ខាង​ការងារ​(ILO)​ឆ្នាំ​១៩៦៤ លេខ​១២២ ស្តី​ពី​គោល​នយោបាយ​មុខរបរ ដែល​មាន​ចក្ខុវិស័យ​លើកកម្ពស់​ជីវភាព​រស់នៅ​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​គ្រប់​រូបភាព​សុខដុមរមនា​សង្គម តាម​រយៈ​ការ​បង្កើត​ការងារ​សមរម្យ និង មាន​ផលិតផល​ខ្ពស់ ជូន​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប ប្រកបដោយ​សម​ធ៌​ម​។

គោលនយោបាយ​នេះ ត្រូវ​បាន​រៀបចំ​ស៊ីសង្វាក់​គ្នា​ទៅ​នឹង គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ដែល​មាន​ចក្ខុវិស័យ​ជំរុញ​កែប្រែ និង​ធ្វើ​ទំនើប​កម្ម​រចនាសម្ព័ន្ធ​ពី​ឧស្សាហកម្ម​មាន​តម្លៃបន្ថែម​ទាប ឈាន​ទៅ​ឧស្សាហកម្ម​ទំនើប ដែល​ផ្អែក​លើ​ជំនាញ មាន​តម្លៃបន្ថែម​ខ្ពស់ លើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ផលិតភាព​ការងារ​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ