ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីសាលាស្រុកស្វាយចេកមួយរូប ក្រោយពេលដែលឈ្មួញទិញស្រូវក្នុងតម្លៃថោក បែរជាធ្វើការជេរប្រមា.ថដល់អាជ្ញាធរស្រុកនោះ ត្រូវបាននគរបាលកោះហៅសួរនាំ និងឲ្យធ្វើកិច្ចសន្យា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ នៅស្នងការដ្ឋាននគរបាលខេត្ត ។
![Picture]()
លោកវរសេនីយ៍ឯក ឃួន វណ្ណា ស្នងការរងនគរបាលខេត្ត បានថ្លែងថា យើងបានកោះហៅលោក អឿន ធី អាយុ៥១ឆ្នាំ ជាមន្ត្រីសាលាស្រុកស្វាយចេក រស់នៅភូមិភាសត្បូង ឃុំសារង្គ ស្រុកស្វាយចេក មកសួរនាំ និងឲ្យធ្វើកិច្ចសន្យាហើយ។
![Picture]()
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អឿន ធី បានបង្ហោះវីដេអូឃ្លីបតាមបណ្តាញសង្គមហ្វេសប៊ុក ដោយប្រើគណនីឈ្មោះ បង ញ៉ក់ ភូមិភាស ហើយបានឡាយ (Live) ជេរប្រមា.ថដល់អាជ្ញាធរស្រុកស្វាយចេក និងមានខ្លឹមសារ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម ។
![Picture]()
ក្រោមការណែនាំរបស់លោកស្នងការនគរបាលខេត្ត កម្លាំងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ រហូតដឹងអត្តសញ្ញាណ ហើយធ្វើលិខិតកោះហៅមកសាកសួរ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពជេរប្រមា.ថទៀត ។ ជាមួយគ្នានេះ បានឱ្យអ្នកស្រី កែវ សាវន ជាប្រពន្ធ ធ្វើការធានា ទើបឱ្យប្រឡប់ទៅផ្ទះវិញ ។
![Picture]()
លោកស្នងការរង ឃួន វណ្ណា បានបញ្ជាក់ថា នៅពេលសាកសួរ លោក អឿន ធី បានឱ្យដឹងថា មូលហេតុដែលគាត់ឡាយវីដេអូក្នុងគណនីហ្វេសប៊ុកឈ្មោះ បង ញ៉ក់ ភូមិភាសជេរប្រមា.ថដល់អាជ្ញាធរស្រុកស្វាយចេក និងប្រើប្រាស់ពាក្យសម្តីប៉ះពាល់ដល់សង្គមនោះ ព្រោះតែខឹងខ្លាំងពេក ដោយសារខំធ្វើស្រែប្រមូលផលលក់ តែបែរជាត្រូវឈ្មួញកណ្តាលទិញបញ្ចុះតម្លៃ ហើយគ្មានមន្ត្រីណាមួយចេញមុខអន្តរាគមន៍ជួយដល់ប្រជាកសិករ ដែលកំពុងមានទុក្ខលំបាក ព្រោះស្រូវចុះថោកជាងកន្ទក់ទៅទៀត។
![Picture]()
ហេតុនេះហើយធ្វើឱ្យប្រជាកសិករបាក់ទឹកចិត្ត ព្រោះថា លក់ស្រូវមិនរួចថ្លៃជី និងថ្នាំបាញ់ ប្រេងសាំង ម៉ាស៊ូត និងកម្លាំងពលកម្ម ទើបទប់ចិត្តអត់បាន ក៏ផឹកស្រាស្រវឹង ហើយឡាយវីដេអូជេរប្រមា.ថដល់អាជ្ញាធរស្រុក និងមានការជ្រុលជ្រួសពាក្យសម្តីប៉ះពាល់ដល់សង្គម ។ លោក អឿន ធី ក៏បានសន្យាថា ចាប់ពេលនេះតទៅ ឈប់ធ្វើសកម្មភាពបែបនេះទៀតហើយ ៕
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ