ភ្នំពេញ៖ ក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការ លើកទី១ នាព្រលប់ថ្ងៃទី២១ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រដ្ឋមន្ត្រីការពារជាតិអាមេរិក និងរដ្ឋមន្ត្រីការពារជាតិចិន នឹងជួបគ្នា នៅខេត្តសៀមរាប នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរដ្ឋមន្ត្រីមហាអំណាចទាំងពីរ បានអញ្ជើញមកចូលរួមប្រជុំនៅទឹកដីកម្ពុជាដែរ។
សម្តេចតេជោ នឹងមានវត្តមាន ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងប្រទេសពាក់ព័ន្ធ នៅថ្ងៃទី២២វិច្ឆិកាស្អែកនេះ ហើយសម្តេចតេជោ សង្ឃឹមថា រដ្ឋមន្ត្រីការពារជាតិអាមេរិក និងចិន នឹងធ្វើកិច្ចការដ៏ល្អជាមួយគ្នា នៅលើទឹកដីកម្ពុជា ដើម្បីនាំមកនូវសុខសន្តិភាព និងស្ថិរភាពនៅលើពិភពលោក។
សូមរម្លឹកថា សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានប្រាប់ទូរស្សន៍ BTV ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ឡយ អូស្ទីន (Lloy J. Austin III) នឹងជួបរដ្ឋមន្ត្រីការពារជាតិចិន លោក វេ ហ្វេង ហ្គេ (Wei Fenghe) នៅខេត្តសៀមរាប។
ទោះបីជាមិនមានការបង្ហើបអោយដឹងថា តើរដ្ឋមន្ត្រីការពារជាតិមហាអំណាចទាំងពីរ នឹងនិយាយគ្នាពីរឿងអ្វីខ្លះក៏ដោយ? ប៉ុន្តែគេរំពឹងថា បញ្ហាក្តៅដូចជាបញ្ហាភូមា បញ្ហាសង្គ្រាមអ៊ុយក្រែន បញ្ហាគំរាមកំហែង អាវុធនុយក្លេអែរ ដោយកូរ៉េខាងជើង បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាកោះតៃវ៉ាន់ ជាដើម អាចនឹងត្រូវពិភាក្សាដោយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសមហាអំណាចទាំងពីរ នៅទឹកដីកម្ពុជា ក្នុងខេត្តសៀមរាប។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា នេះជារឿងដ៏កម្រណាស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សម្តេចសង្ឃឹមថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងអាស៊ានបូក នឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជា តំបន់ និងពិភពលោក។
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប ក្នុងសប្តាហ៍នេះ ក្រៅពីរដ្ឋមន្ត្រីការពារជាតិអាស៊ាន ៩ប្រទេស ( មីយ៉ាន់ម៉ា អវត្តមាន ) ក៏មានរដ្ឋមន្ត្រីការពារជាតិប្រទេសជាដៃគូរបស់អាស៊ាន ចំនួន ៨ប្រទេស មកចូលរួមផងដែរ រួមមាន៖ សហរដ្ឋអាមេរិក ចិន ជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា និងញូវហ្សឺលែន៕








ចែករំលែកព័តមាននេះ