ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវតី​ម្នាក់​ត្រូវ​បង្ខំ​ឱ្យ​ដោះ​អាវទ្រនាប់​ពេល​ចូល​ប្រឡង

6 ឆ្នាំ មុន

AFP ផ្សាយ​ថា យុវតី​ជនជាតិ​ឥណ្ឌា​ម្នាក់​បាន​បង្ហើប​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៨ ឧសភា ២០១៧​ថា នាង​ត្រូវ​មេ​ប្រយោគ​របស់​ក្រសួង​អប់រំ​បញ្ជា​ឱ្យ​ដោះ​អាវទ្រនាប់​ចេញ

AFP ផ្សាយ​ថា យុវតី​ជនជាតិ​ឥណ្ឌា​ម្នាក់​បាន​បង្ហើប​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៨ ឧសភា ២០១៧​ថា នាង​ត្រូវ​មេ​ប្រយោគ​របស់​ក្រសួង​អប់រំ​បញ្ជា​ឱ្យ​ដោះ​អាវទ្រនាប់​ចេញ​នៅ​ចំពោះ​មុខ​បេក្ខជន​ប្រឡង​ជា​ច្រើន ដោយ​សង្ស័យ​ថា​នាង​លាក់​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និក​ពេល​ចូល​ប្រឡង​ពេទ្យ ។

យុវតី​ដែល​មិន​បង្ហាញ​ឈ្មោះ​នោះ​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា នៅ​ពេល​នាង​ចូល​ប្រឡង​នៅ​មជ្ឈមណ្ឌល​ប្រឡង​ក្នុង​រដ្ឋ​ក្រេ​ឡា កាលពី​ថ្ងៃ​ទី​៧ ឧសភា ២០១៧ ស្រាប់តែ​ម៉ាស៊ីន​ត្រួតពិនិត្យ​មុន​ចូល​ប្រឡង​បញ្ចេញ​សំឡេង​រោទ៍​។ នាង​និយាយ​ថា «​ពេល​នោះ​ពួក​គេ​ប្រាប់​ខ្ញុំ​ថា ប្រសិនបើ​មិន​ដោះ​អាវ​ក្នុង​ចេញ​មិន​អនុញ្ញាត​ឱ្យ​ខ្ញុំ​ចូល​ប្រឡង​ទេ​ព្រោះ​សង្ស័យ​ខ្ញុំ​លាក់​ឯកសារ  ហេតុ​ដូច្នេះ​ខ្ញុំ​ក៏​ដោះ​វា​ចេញ និង​យក​វា​ផ្ញើ​ម្តាយ​ដែល​ឈរ​ចាំ​នៅ​ខាងក្រៅ​» ។

យុវតី​ដដែល​បញ្ជាក់​ប្រាប់ Times of India ថា «​ខ្ញុំ​បាត់បង់​ទំនុកចិត្ត និង​មាន​អារម្មណ៍​ច្របូកច្របល់​នៅ​ពេល​ឱ្យ​នាង​ខ្ញុំ​ដោះ​អាវទ្រនាប់​ចេញ​នៅ​ចំពោះ​មុខ​មនុស្ស​ជា​ច្រើន​បែប​នោះ » ។

លោក​ចា​ឡា លុ​ដ​ឌី​ន ប្រធាន​នាយកដ្ឋាន​អប់រំ​របស់​ឥណ្ឌា​ថ្លែងថា«​យើង​មាន​បទបញ្ជា​យ៉ាង​ច្បាស់​ថា ប្រសិនបើ​ម៉ាស៊ីន​ដែល​ចាប់​យក​លោហៈ​បញ្ចេញ​សំឡេង​ស្រែក នឹង​មិន​អនុញ្ញាត​ឱ្យ​ចូល​មណ្ឌល​ប្រឡង​ទេ ហើយ​យើង​ប្រាប់​ឱ្យ​សិស្ស​យក​វត្ថុ​នោះ​ចេញ » ។

កាលពី​ឆ្នាំ​២០១៥ មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​ចាប់ខ្លួន​នៅ​រដ្ឋ​ភី​ហា ពី​បទ​ផ្លោះ​របង និង​ឡើង​លើ​ជញ្ជាំង​នៃ​មណ្ឌល​ប្រឡង​ដើម្បី​យក​ឯកសារ​ឱ្យ​បេក្ខជន​ប្រឡង​ជា​សាច់ញាតិ​របស់​ខ្លួន ៕