រាជធានីភ្នំពេញ ៖ ក្រោយពីមានប្រជាពលរដ្ឋសំណូមពរ និងមានការរាយការណ៍ (comment) ចូលទៅក្នុងផេក Facebook ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថា មានទីតាំងខារ៉ាអូខេមួយកន្លែង លួចបង្កប់ប្រើប្រាស់ និងចែកចាយគ្រឿងញៀ.នដ៏ធំ ទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងខារ៉ាអូខេ ដែលមានយីហោ «៦៦៦» នៅចំណុចទីតាំងដីឡូលេខ២២ ផ្លូវរដ្ឋសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តែពុំឃើញមានអ្វីដូចដែលការខំមិនចូលនោះឡើយ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ។

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំផ្ទាល់ដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាព ចុះត្រួតពិនិត្យទីតាំងខារ៉ាអូខេខាងលើ លុះពេលចុះទៅដល់ ពុំមានអ្វីគួរឲ្យកត់សម្គាល់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ និងចែកចាយសារធាតុញៀ.ននោះទេ។

ទោះជាយ៉ាងណា ក្រោយប្រតិបត្តិការ កម្លាំងគណៈបញ្ជាការឯកភាព បានប្រាប់អ្នកគ្រប់គ្រងនៅទីតាំងខារ៉ាអូខេនោះ ហាមមិនឱ្យមានប្រព្រឹត្តបទល្មើសណាខុសច្បាប់ ក្នុងករណីមានការប្រព្រឹត្តបទល្មើសខុសច្បាប់ណាមួយ បើពេលដែលកម្លាំងធ្វើការស្រាវជ្រាវដឹងនោះ នឹងសុំគោលការណ៍ពីថ្នាក់លើបិទទីតាំងខារ៉ាអូខេនោះតែម្ដង។

គួរបញ្ជាក់ផងដែរថា នៅក្នុងខ្លឹមសារដែលម្ចាស់អាក់ខោនហ្វេសប៊ុកដែលមានឈ្មោះថា «អា ជីវ័ន» បានសរសេរខំមិនចូល Facebook ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបានលើកឡើងអោយដឹងថា «សូមគោរពសម្ដេចពុកជាទីស្រឡាញ់ សូមជូនពរសម្ដេចពុកសុខភាពល្អបរិបូរណ៍ សូមជម្រាបទៅដល់សម្ដេចពុកឲ្យបានជ្រាបថា មានទីតាំងបង្កប់ប្រើប្រាស់ និងចែកចាយគ្រឿងញៀ.នដ៏ធំ។ តែមានឈ្មោះខារ៉ាអូខេ «៦៦៦» ឥឡូវបានដកផ្លាកនោះចេញហើយ ជាកន្លែងដែលបានហ៊ុមព័ទ្ធរបងជិតឈឹង តែទើបនឹងបើកដំណើរការ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះតទៅ នៅមានភ្ញៀវស្គាល់ទើបឲ្យចូល ស្ថិតនៅទីតាំងដីឡូតិ៍លេខ២២ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ នេះជារូបស្រីម្នាក់កំពុងហិតខេមានថាស នឹងខេលើ តុស្រា សូមសម្ដេចពុក មានវិធានការទៅលើកន្លែងមួយនេះផង អត់ឃើញមានប៉ូលិសណាចង់បិទទីតាំងនេះទេ សូមអរគុណ»៕




ចែករំលែកព័តមាននេះ